អាមេរិកាំង​​ត្រៀម​ទាម​ទារ​ឱ្យ​ចិន​សង​​បំណុល​​រាប់​លាន​លាន​ដុល្លារ​​ដែល​ចិន​បាន​ខ្ចីពី​អាមេរិក​កាល​ពី​អតីត​កាល

អាមេរិកាំង​​ត្រៀម​ទាម​ទារ​ឱ្យ​ចិន​សង​​បំណុល​​រាប់​លាន​លាន​ដុល្លារ​​ដែល​ចិន​បាន​ខ្ចី​អាមេរិក​កាល​ពី​អតីត​កាល

ខ្ទង់​បំណុល​សរុប​ 1.6​លាន​លាន​ដុល្លារ​​​​ដែល​ចិន​បាន​ខ្ចី​ពី​សហរដ្ឋ​អាមេរិក​ ពេល​នេះ​ត្រូវ​បាន​អាមេរិកាំង​ចាត់​ទុក​ជា​ឧបករណ៍​​មួយ​ដែល​អាច​យក​មក​ដាក់​ទណ្ឌ​កម្ម​ចិន​ទាក់​ទិន​នឹង​វិធាន​ការ​ទប់​ទល់​នឹង​ COVID-19 ក្នុង​ដំណាក់​កាល​ដំបូង​ដ៏​ធូរ​រលុង​របស់​ចិន​ បណ្ដាល​ឱ្យ​សេដ្ឋ​កិច្ច​ពិភពលោក​រង​ផល​វិបាក​ធ្ងន់​ធ្ងរ។

នៅពេល​ដែល​មេរោគ​រាត​ត្បាត​ COVID-19 កំពុង​តែ​វាយ​ប្រហារ​ពិភពលោក ក្រុម​មន្ត្រី​ចិន​ និង​អាមេរិកាំង​​ក៏កំពុង​តែ​ទម្លាក់​កំហុង​ដាក់​គ្នា​​ទាក់​ទិន​នឹង​ប្រភព​ ក៏ដូចជា​វិធាន​ការ​ទប់​ទល់​នឹង​វីរុស​នេះ​។ រដ្ឋាភិបាល​អាមេរិកាំង​ថ្មី​ៗ​នេះ​យល់​ថា ខ្ទង់​ប្រាក់​បំណុល​1.6​លាន​លាន​ដុល្លារ​(1,600,000,000,000) ដែល​ចិន​បាន​ខ្ចី​ពីសហ​រដ្ឋ​​អាមេរិក​​កាលពី​ជិត​1សតវត្ស​មុន​​នឹង​ជួយ​ឱ្យ​អាមេរិកាំង​​​មាន​ហេតុ​ផល​​កាន់​តែ​ច្រើន​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​​ទីក្រុង​ប៉េកាំង​។

មូលនិធិ​មូលបត្រ​អាមេរិកាំង​ដែល​មាន​ទីស្នាក់​ការ​នៅ​ Lewisburg ក្នុង​រដ្ឋ Tennessee បច្ចុប្បន្ន​ក្ដោប​ក្ដាប់​ឯកសារ​បំណុល​​ទាំង​ដើម​ទាំង​ការ​​សរុប​1.6​លាន​លាន​ដុល្លារ​អាមេរិក​​ដែល​ប្រទេស​ចិន​ជំពាក់​នៅមុន​​ពេល​បក្ស​​សាធារណរដ្ឋប្រជាមានិត​ចិន​ត្រូវ​បាន​បង្កើត​ឡើង​។

មូលនិធិនេះ​មាន​បំណង​ឱ្យ​រដ្ឋ​សភា​អាមេរិកាំង​ជួយ​ជ្រោម​ជ្រែក​ពួក​គេ​ក្នុង​ការ​ទាម​ទារ​ប្រាក់​បំណុល​នេះ​មក​វិញ​។ មូលបត្រ​បំណុល​នេះ​ត្រូវ​បានខ្ចី​ដោយ​​សាធារណរដ្ឋចិន(សាធារណរដ្ឋ​ចិន​/Republic of China/ROC ដែល​បាន​ផ្ដួល​រំលំរាជ​​រដ្ឋាភិបាល​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​មួយ​) ចាប់​ពី​​​ឆ្នាំ​1912 រហូត​ដល់​រដ្ឋាភិបាល​នេះ​ក្ស័យ​ធន​នៅ​ឆ្នាំ​1938​។ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ចិន​​បាន​រត់​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​កាល​ណោះ​​នៅ​ជា​ទី​ស្នាក់​ការ​របស់​រដ្ឋាភិបាល​ផ្លូវ​ការ​នោះ​ឡើយ ក្រោយ​ពី​ប្រទេស​ចិន​ដី​គោក​ត្រូវ​បាន​បក្សកុម្មុយនិស្ត​របស់​លោក​ម៉ៅសេទុងដណ្ដើម​យក​មក​គ្រប់​គ្រង​ទាំង​ស្រុង​ ក្រោយ​ពី​បាន​បញ្ចប់​បដិវត្តន៍​នា​ឆ្នាំ​1949។

យោង​តាម​ច្បាប់​ ទីក្រុង​ប៉េកាំង​​ចាត់ទុក​កោះ​តៃវ៉ាន់​ជាផ្នែក​មួយ​របស់​ប្រទេស​ចិន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រដ្ឋាភិបាល​ដែល​ឡើង​កាន់​កាប់​អំណាច​បន្ទាប់​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះ​ខ្ទង់​បំណុល​ដែល​រដ្ឋាភិបាល​មុន​ៗ​បាន​ខ្ចី​ពី​បរទេស​។

ប្រធានាធិបតី​ Trump គឺជា​មនុស្ស “ម៉ាត់​ណា​ម៉ាត់​ហ្នឹង (កាន់​ពាក្យ​សច្ច) ហើយ​គាត់​ថ្លែង​ថានឹង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ​​ដើម្បី​ឱ្យ​ចិន​ទទួល​ខុស​ត្រូវ” នេះ​បើ​តាម​សម្ដីរ​បស់​លោក Jon Jonna Bianco ដែល​ជា​ប្រធាន​​មូល​និធិ​មូលបត្រ​អាមេរិកាំង ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​សារ​ព័ត៌មាន​​ Fox Business។

Bianco ដែលជា​អ្នក​កាន់​កាប់ឯកសារ​ និងមាន​សិទ្ធិ​គ្រប់​គ្រង​មូលបត្រ​បំណុល​ចំនួន​95%​ ដែល​បរទេស​ខ្ចី​ពី​​សហរដ្ឋ​អាមេរិក​ យល់​ថា ការ​ជំរុញ​ឱ្យ​ចិន​សង​បំណុល​ខាង​លើ​ មិន​មែន​ជា​ការ​ដាក់​ទណ្ឌ​កម្ម​នោះ​ទេ​ ប៉ុន្តែ​វា​គឺជា​ការ​ទារ​បំណុល​​​អន្តរជាតិ​តាម​ធម្មតា​តែ​ប៉ុណ្ណោះ​។

កន្លង​មក​ក៏ធ្លាប់​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ​៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Margaret Thatcher កាល​ពី​ឆ្នាំ​1987 បាន​តម្រូវ​ឱ្យ​ទីក្រុង​ប៉េកាំង​រក​ប្រាក់​ពី​​មូលបត្រ​នានា​ដែល​ជា​របស់​ប្រទេស​អង់គ្លេស​ ឱ្យ​បាន​​ 23.5​លាន​ផោន បើ​មិន​ដូច្នេះ​ទេ​ប្រទេស​ចិន​នឹង​បាត់​បង់​សិទ្ធិ​ក្នុង​ការ​រក​ស៊ី​ក្នុង​ទី​ផ្សារ​អង់គ្លេស​។ ប្រធានាធិបតី​ចិន​ពេល​នោះ​គឺ​លោក Li Xiannian។

ខាង​លើ​នេះ​គឺជា​សកម្ម​ភាព​បន្ថែម​ខ្លះ​ៗ​​​នៅក្នុង​សង្គ្រាម​ផ្សេង​ៗ​ក្រៅ​ពី​គ្រាប់​រំសេវ​​រវាង​អាមេរិកាំង​ និង​ចិន​ ដែល​ចាប់​ផ្ដើម​ដោយ​សង្គ្រាម​ពាណិជ្ជ​កម្ម​ សង្គ្រាម​ហិរញ្ញវត្ថុ​។ល។

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement