Bloomberg៖ ម្ចាស់​ Facebook ក្លាយ​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក

ម្ចាស់​ Facebook ក្លាយ​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក

បើ​ទោះ​ជា​មាន​ការ​រំខាន​ពី​វីរុស​COVID-19 ប៉ុន្តែ​ទ្រព្យ​របស់​ Zuckergerg នៅ​តែ​កើន​ជិត​20​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេលប្រហែល​​1ខែ​ចុង​ក្រោយ​នេះ ដែល​នេះ​បាន​ជួយឱ្យ​គាត់​​មាន​​ជាង​ Bernard Arnault និង​ Warren Buffett នៅក្នុង​តារាង​ចំណាត់​ថ្នាក់​របស់​ទស្សនាវដ្ដី Bloomberg។

នៅក្នុង​បញ្ជី​ចំណាក់​ថ្នាក់​មហាសេដ្ឋី​ពិភពលោក​របស់​ Bloomberg គេ​ឃើញ​ CEO របស់ Facebook គឺលោក​ Mark Zuckerberg ទើប​តែ​បាន​ “លោត​រំលង” ម្ចាស់​ក្រុម​ហ៊ុន​ Louis Vuitton លោក Bernard Arnault និង​មហាសេដ្ឋី​ Warren Buffett ហើយ​បាន​ក្លាយ​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក​។

Zuckerberg មាន​ទ្រព្យ​សរុប​​ 87,8​ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ Arnault មាន​ 81,1​ពាន់​លាន​ដុល្លារ​ និង​ Buffett មាន​ 68,9​ពាន់​លាន​ដុល្លារ​។

នេះ​គឺជា​ប្រការ​ដែលខុស​ឆ្ងាយ​បើ​ធៀប​នឹង​1ឆ្នាំ​មុន​ ដែល​កាល​ណោះ​ Zuckerberg មាន​ទ្រព្យ​ត្រឹម​តែ​72,5​ពាន់​លាន​ប៉ុណ្ណោះ​បើគិត​ត្រឹម​ថ្ងៃទី​22​ឧសភា​2019 ខណៈ​ដែល​ Arnault មាន​ 89,6​ពាន់​លាន​ដុល្លារ​ និង​ Buffett មាន​ 83,5​ពាន់​លាន​ដុល្លារ​។

ជាង​នេះ កាល​ពី​1ខែ​មុន ទាំង​ Buffett ទាំង​ Arnault សុទ្ធ​តែ​មាន​ទ្រព្យ​ច្រើន​ជាង​ CEO របស់​ Facebook។ កាលពី​ថ្ងៃទី​20​មេសា​2020 ទ្រព្យ​របស់ Zuckerberg មាន​ត្រឹម​តែ​68,1​ពាន់​លាន​ដុល្លារ​ គឺ​តិច​ជាង​6,2​ពាន់​លាន​ដុល្លារ​បើ​ធៀប​ជាមួយ​នឹង​ទ្រព្យ​របស់​ Buffett និង​តិច​ជាង​12,1​ពាន់​លាន​ដុល្លារ​បើ​ធៀប​នឹង​ទ្រព្យ​របស់​ Arnault។

មហាសេដ្ឋី​ Jeff Bezos (ស្ដាំបង្អស់)​ Bill Gates(ឆ្វេង​) Zuckerberg(កណ្ដាល)

ទ្រព្យ​របស់​ Zuckerberg បាន​កើន​ឡើង​លឿន​បន្ទាប់​ពី Facebook ប្រកាស​អំពី​របាយ​ការណ៍​ហិរញ្ញវត្ថុ​ដែល​មាន​លទ្ធ​ផល​ល្អ​ជាង​ការ​ព្យាករ​ ក៏ដូចជា​ការ​កើន​ឡើង​នៃ​តួលេខ​អ្នក​ចូល​ប្រើ​​ Facebook នៅក្នុង​ត្រី​មាស​ទី​1។ ទុន​សរុប​របស់​ Facebook ក៏បាន​កើន​44​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដែរ។

ថ្មីៗ​នេះ ក្រុម​ហ៊ុន​ Facebook បាន​លោត​ចូល​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​អេឡិក​ត្រូនិក​ នៅ​ពេល​ដែល​បាន​បញ្ចេញ​មុខ​ងារ​ Facebook Shop ដែល​អនុញ្ញាត​ឱ្យ​​ក្រុម​ហ៊ុន​នានា​បង្កើត​តូប​លក់​ដូរ​នៅ​លើ​ Facebook។ កាល​ពី​ខែ​មេសា​កន្លង​ទៅ ក្រុម​ហ៊ុន​នេះ​ក៏​បាន​ឧទ្ទេសនាម​មុខ​ងារ Messenger Rooms ផងដែរ​ដើម្បី​ប្រជែង​ជាមួយ​ Zoom នៅក្នុង​បច្ចេកវិទ្យា​ “ប្រជុំ​អនឡាញ”។

បច្ចុប្បន្ន មហាសេដ្ឋី​2​រូប​ដែល​​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​​របស់​ទស្សនាវដ្ដី Bloomberg នៅ​តែ​ជា​ Jeff Bezos និង​ Bill Gates។ បើ​ទោះ​មាន​ទ្រព្យ​តិច​ជាង​ច្រើន​បើ​ធៀប​ជាមួយ​មហាសេដ្ឋី​ Jeff Bezos និង​ Bill Gates ប៉ុន្តែ​ Zuckerberg កំពុង​តែ​កាត់​បន្ថយ​គម្លាត​យ៉ាង​ឆាប់​រហ័ស​។

យ៉ាង​ណាក៏ដោយ នៅ​លើ​តារាង​ចំណាត់​ថ្នាក់​តាម​ពេល​វេលា​ជាក់​ស្ដែង​របស់​ទស្សនាវដ្ដី Forbes ម្ចាស់​ Facebook នៅ​តែ​ជា​មហា​សេដ្ឋី​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទី​4​ក្នុង​​ពិភពលោក បន្ទាប់​ពី​ Jeff Bezos, Bill Gates និង Bernard Arnault ដោយ​មាន​ទ្រព្យ​សរុប​ 87​ពាន់​លាន​ដុល្លារ​។

ប្រភព៖ Businessinsider

Advertisement