អ្នក​មាន​ជាង​គេនៅ​ទ្វីប​អាស៊ី​ មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​មាន​បំផុត​ទាំង​10​ក្នុង​ពិភពលោក

អ្នក​មាន​ជាង​គេនៅ​ទ្វីប​អាស៊ី​ មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​មាន​បំផុត​ទាំង​10​ក្នុង​ពិភពលោក
មហាសេដ្ឋី​ឥណ្ឌា​ Mukesh Ambani

មហាសេដ្ឋី​ឥណ្ឌា​ Mukesh Ambani គឺជា​អ្នក​តំណាង​ឱ្យ​ទ្វីប​អាស៊ី​តែ​មួយ​គត់​ដែល​បាន​ឡើង​ដល់​ Top 10 នៃ​មហាសេដ្ឋី​ពិភពលោក​​នៅក្នុង​បញ្ជី​ឈ្មោះ​ Bloomberg Billionaires Index។

ដោយ​មាន​ទ្រព្យ​64.5​ពាន់​លាន​ដុល្លារ​ លោក Muskesh Ambini បាន​យក​ឈ្នះ​លើលោក​ Larry Ellison នៃ​ក្រុម​ហ៊ុន​ Oracle និង​លោក​ស្រី​ Francoise Bettencourt Meyers នៃ​ប្រទេស​បារាំង​ ហើយ​ក្លាយ​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​9​ក្នុង​ពិភពលោក​។ លោក Muskesh Ambbani កាន់​កាប់​ភាគ​ហ៊ុន​ចំនួន​42​%​នៅក្នុង​ក្រុង​ហ៊ុន​ Reliance Industries (ឥណ្ឌា)។ មូលបត្រ​របស់​ក្រុម​ហ៊ុន​នេះ​បាន​ឡើង​ថ្លៃ​ទ្វេដង​​រាប់​ចាប់​ពី​ខែ​មីនា​2020។

បើ​ទោះ​ជា​សេដ្ឋ​កិច្ច​ឥណ្ឌា​កំពុង​តែ​មាន​បញ្ហា​ដោយ​សារ​បម្រាម​គោចរ​​ក្នុង​ការ​ទប់​ស្កាត់​COVID-19 ប៉ុន្តែ​ “ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​នានា​របស់​លោក Muskesh ពិសេស​គឺ​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ Jio នៅ​តែ​រក​ចំណូល​បាន​ច្រើន​ ដែល​នេះ​បាន​ជួយ​ឱ្យ​ទ្រព្យ​របស់​លោក​កើន​ឡើង​យ៉ាង​លឿន​”​ នេះ​បើ​តាម​មតិ​របស់​ Jayati Ghosh ដែល​ជា​នាយក​មជ្ឈមណ្ឌល​ផែន​ការ​និង​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​នៃ​សាកល​វិទ្យាល័យ​ Jawaharlal Nehru។

ទោះ​ជា​តម្លៃ​ប្រេង​បាន​ដាំ​ក្បាល​ចុះ​ដែល​នាំ​ឱ្យ​ការ​​លក់​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ Reliance ក្នុង​វិស័យ​គីមី​ប្រេង​​ជួប​ការ​លំបាកយ៉ាង​ណា​ក៏​ដោយ​ នៅ​​ក្នុង​រយៈ​ពេល​2​ខែ​ចុង​ក្រោយ​នេះ​ ក្រុម​ហ៊ុន​ Jio របស់​​ Reliance Industries​ នៅ​តែ​ទទួល​បាន​ខ្ទង់​វិនិយោគ​ចំនួន​15​ពាន់​លាន​ដុល្លារ​ពី​ក្រុម​អ្នក​ជំនួញ​។ ខ្ទង់​ប្រាក់​នេះ​គឺ​ស្មើ​នឹង​ជាង​ពាក់​កណ្ដាល​នៃ​ខ្ទង់​វិនិយោគ​ទៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​នៅ​ទូទាំង​សកល​លោក​​សម្រាប់​​​ឆ្នាំ​នេះ​។ ក្រុម​ហ៊ុន​ Facebook, General Atlantic, Silver Lake Partners, KKR & Co. រួម​នឹង​ខ្ទង់វិនិយោគ​ជាតិ​របស់​​ប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​ ក៏​សុទ្ធ​តែ​បាន​ទម្លាក់​ខ្ទង់​វិនិយោគ​ទៅ​ក្នុង​ក្រុម​ហ៊ុន​ Jio ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​ទីផ្សារ​ពាណិជ្ជ​កម្ម​អនឡាញ​ដែល​រីក​ចម្រើន​​ខ្លាំង​ជាង​គេ​មួយ​នៅ​ក្នុង​ពិភពលោក​នេះ​។

របាយ​ការណ៍​​ថ្មីមួយ​​របស់​ Sanford C. Bernstein បាន​ព្យាករ​ថា ក្រុម​ហ៊ុន​​ Jio នឹង​កាន់​កាប់​48​%​នៃ​ទី​ផ្សារ​ទូរគមនាគមន៍​​ឥណ្ឌា​នៅ​ឆ្នាំ​2025​។ មហិច្ឆតា​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិច​ត្រនិច​របស់​មហាសេដ្ឋី​ Mukesh Ambani ថ្មី​ៗ​នេះ​ក៏​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ នៅ​ពេល​ Reliance បោះ​ជំហាន​ទៅកាន់​តែ​ជិត​​ទៅ​នឹង​ការ​ទិញ​ភាគ​ហ៊ុន​នៅក្នុង​ក្រុម​ហ៊ុន​ Future Group ដែលជា​​ក្រុម​ហ៊ុន​មួយ​កំពុង​សហការ​ជាមួយ​នឹង​ក្រុម​ហ៊ុន​​ Amazon។

មហាសេដ្ឋី​ឥណ្ឌា​ Mukesh Ambani
មហាសេដ្ឋី​ឥណ្ឌា​ Mukesh Ambani និង​ភរិយា​ លោក​ស្រី​ Nita

លោក​ Mukesh Ambani បាន​ចូល​រួម​ធ្វើ​ការ​នៅក្នុង​ក្រុម​ហ៊ុន​របស់​គ្រួសារ​គាត់​តាំង​ពី​ដើម​ទសវត្សរ៍​ទី​80​​នៃ​សហស្សវត្សរ៍​មុន​។ Dhirubhai Ambani​ ដែល​ជា​ឪពុក​របស់​ Mukesh និង​ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Reliance បាន​ហៅ​លោក​ Mukesh ឱ្យ​ត្រលប់​មកកាន់​​ប្រទេស​ឥណ្ឌា​វិញ​ដើម្បី​ជួយ​គ្រប់​គ្រង​ការ​ងារ​សាង​សង់​រោង​ចក្រផលិត​​ polyester (Polyester គឺជា​សរសៃដែលត្រូវ​បាន​បង្កើត​ឡើង​​ពី​​ធ្យូងថ្ម ខ្យល់ ទឹក និងប្រេង) របស់​គ្រួ​សារ​នេះ​​។ លោក​ Mukesh Ambani កាល​ណោះ​ទើប​តែ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ Stanford បាន​មួយ​ឆ្នាំ​។ គ្រួ​សារ​​ត្រកូល​ Ambani ​បាន​​ទិញ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ផលិត​ផល រួម​នឹង​រោង​ចក្រ​គីមី​ប្រេង​ និង​ចម្រាញ់​ប្រេង​ជា​ច្រើន​ដើម្បី​បង្កើត​បាន​ជា​ក្រុម​ហ៊ុន​​ខ្នាត​ធំ​ក្នុង​វិស័យ​ថាម​ពល​ វាយនភណ្ឌ​ និង​ផលិត​អំបោះ​។

Dhirubhai Ambani បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​2002​ ដោយ​មិន​បាន​បន្សល់​ទុក​បណ្ដាំមរតក​នោះ​ឡើយ​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​កូន​ៗ​របស់​គាត់​ គឺ​លោក​​ Mukesh Ambani និង​ Anil Ambani មាន​ជម្លោះ​​ដោយ​សារ​ការ​ដណ្ដើម​ទ្រព្យ​​។ ចុង​ក្រោយ​ ម្ដាយ​របស់​ពួកគេ​ក៏​បាន​ចេញ​មក​ធ្វើ​អន្តរាគម​ន៍​ ដោយ​ចែក​ទ្រព្យ​ជា​ពីរ​ចំណែក​ស្មើ​គ្នា​។ Mukesh ត្រូវ​គ្រប់​គ្រង​ផ្នែក​ចម្រាញ់​ប្រេង​ ផលិត​គីមី​ប្រេង​ ឧស្ម័ន​ប្រេង​ និង​វាយនភណ្ឌ​។ ចំណែក​ Anil គ្រប់​គ្រង​ផ្នែក​ទូរគមនាគមន៍​ កម្សាន្ត​ ថាម​ពល​អគ្គិសនី​ និងក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យ​។

ក្រោយមក​ ការ​ធ្វើ​ជំនួញ​របស់​ Anil បាន​ជួប​នឹង​បញ្ហា​ច្រើន​ បណ្ដាល​ឱ្យ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​នានា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​​វិបត្តិ​បំណុល​ និង​ក្ស័យ​ធន​។ ផ្ទុយ​ទៅ​វិញ Mukesh កាន់​តែ​ទទួល​បាន​ជោគជ័យ​ និង​បាន​លោត​ចូល​ប្រលូក​ក្នុង​វិស័យ​ទូរគមនាគមន៍​​ ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​​​ ហើយ​ក៏​បាន​ក្លាយ​ជា​មហា​សេដ្ឋី​លំដាប់​ទី​មួយ​នៅ​អាស៊ី​៕

ប្រភព​៖ Bloomberg

Advertisement