មូលនិធិវិនិយោគសោធននិវត្តន៍ធំបំផុតក្នុងពិភពលោក ​ខាត​បង់​165​ពាន់​លាន​ដុល្លារអាមេរិក

មូលនិធិវិនិយោគសោធននិវត្តន៍ធំបំផុតក្នុងពិភពលោក ខាតបង់165ពាន់លានដុល្លារអាមេរិក

មូលនិធិវិនិយោគសោធននិវត្តន៍ធំជាងគេក្នុងពិភពលោក GPIF (Government Pension Investment Fund) របស់រាជរដ្ឋាភិបាលជប៉ុន រងការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងត្រីមាសទី1 ដោយសារតែមូលបត្រក្នុងទីផ្សារពិភពលោកត្រូវបានគេនាំគ្នាលក់ចេញ ព្រោះតែ COVID-19។

កាលពីថ្ងៃទី3កក្កដាកន្លងទៅ GPIF បានបញ្ចេញរបាយការណ៍មួយដែលបានឱ្យដឹងថា ក្នុងរយៈពេល3ខែដើមឆ្នាំ2020នេះ មូលនិធិវិនិយោគសោធននិវត្តន៍ដែលជាអង្គការគ្រប់គ្រងការបើកប្រាក់ខែជូនបុគ្គលិកចូលនិវត្សន៍ បានខាតអស់11% គឺប្រហាក់ប្រហែលនឹង17.7លានលានយ៉េន (164.7ពាន់លានដុល្លារអាមេរិក)។ នេះគឺជាការខាតបង់ធំបំផុតរបស់ពួកគេគិតចាប់ពីខែមេសា2008។ បច្ចុប្បន្ន តម្លៃទ្រព្យសម្បត្តិដែលមូលនិធិនេះកំពុងកាន់កាប់ នៅសល់ត្រឹមតែ150.63ពាន់លានយ៉េនប៉ុណ្ណោះ។ មូលបត្រនៅបរទេសរបស់មូលនិធិ GPIF គឺជាក្រុមដែលត្រូវខាតបង់ច្រើនជាងគេ។

លទ្ធផលខាងលើត្រូវបានប្រកាស ក្រោយពីមូលនិធិនេះបានធ្វើការកែទម្រង់រចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំ និងរៀបចំឡើងវិញនូវប្រភេទវិនិយោគរបស់ខ្លួន។ ការខាតបង់នេះក៏បានបំបាត់កំណើនទាំងស្រុងក្នុងឆ្នាំ​2019​ផងដែរ។ ប្រការនេះអាចធ្វើឱ្យមានចំណាប់អារម្មណ៍ពីក្រុមអ្នកនយោបាយនៅប្រទេសជប៉ុន ដោយសារតែរបបសន្តិសុខសង្គមគឺជាការយកចិត្តទុកដាក់ជាចម្បងរបស់ពលរដ្ឋចូលនិវត្សន៍រាប់សិបលាននាក់នៅប្រទេសនេះ។

“ការថយចុះនៃក្រុមមូលបត្រក្នុងប្រទេសនិងក្រៅប្រទេស បានបណ្ដាលឱ្យកំណើនរបស់មូលនិធិនេះត្រូវដាំក្បាលចុះនៅដំណាច់ឆ្នាំ2019” នេះបើតាម Masataka Miyazono ដែលជាមេដឹកនាំរបស់ GPIF។ លោក Masataka Miyazono បានបន្តថា “ទីផ្សារទាំងពីរនេះសុទ្ធតែមានកំណើនខ្ពស់ក្នុងឆ្នាំ2019 បើទោះរងសម្ពាធពីការចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិនក៏ដោយ។ ប៉ុន្តែ មហាអាសន្នរោគនៅដើមឆ្នាំនេះ បានធ្វើឱ្យអ្នកវិនិយោគដកខ្លួនចេញពីទ្រព្យហានិភ័យ”។

មូលនិធិវិនិយោគសោធននិវត្តន៍ធំបំផុតក្នុងពិភពលោក ខាតបង់165ពាន់លានដុល្លារអាមេរិក
លោក​ Masataka Miyazono មេដឹកនាំរបស់ GPIF

មូលបត្របំណុលក្រៅប្រទេសគឺជាក្រុមទ្រព្យខ្នាតធំបំផុតតែមួយគត់ដែលរកបានចំណេញនៅក្នុងត្រីមាសទី1 ដោយមានកំណើន0.5%។ មូលបត្របំណុលក្នុងប្រទេសបានធ្លាក់ថ្លៃ 0.5% ខណៈភាគហ៊ុនក្នុងប្រទេសបានបាត់បង់18% និងភាគហ៊ុនបរទេសបានថយចុះ22%។

យ៉ាងណាក៏ដោយ ភាគីខាងមូលនិធិ GPIF បានអះអាងថា លទ្ធផលនៃជំនួញមួយឆ្នាំ មិនប៉ះពាល់ដល់ការបើកប្រាក់ខែសោធននិវត្តន៍នោះឡើយ។

GPIF វិនិយោគទៅលើសន្ទស្សន៍ជាច្រើនដូចជា FTSE Blossom Japan, MSCI Japan ESG Select Leaders និង MSCI Japan Empowering Women ជាដើម។ ក្នុងត្រីមាសដំបូងនៃឆ្នាំនេះ សន្ទស្សន៍ MSCI All-Country World បានថយចុះ22% ចំណែកភាគលាភនៃមូលបត្របំណុលរបស់រតនាគារសហរដ្ឋអាមេរិករយៈពេល10 ក៏បានថយចុះ1.25% ដែលនេះជាការដាំក្បាលចុះ “ជ្រៅ” បំផុត ដោយសារតែវិធានការរំញោចមិនធ្លាប់មានពីមុនមករបស់ Fed៕

ប្រភព៖ Bloomberg

Advertisement