កាត់​បន្ថយ​ខ្ទង់​ចំណាយ​ខាងក្រោម​នេះ​បាន​ អ្នក​នឹង​សល់​លុយ​រាប់​ពាន់​ ឬ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ

កាត់​បន្ថយ​ខ្ទង់​ចំណាយ​ខាងក្រោម​នេះ​បាន​ អ្នក​នឹង​សល់​លុយ​រាប់​ពាន់​ ឬ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ
លោក​ Steve Adcock និង​ភរិយា Courtney

ការ​ចេញ​ទៅ​ហូប​អាហារ​នៅ​ខាង​ក្រៅ​​ ការ​ទិញ​​ឆ្នោតឬ​ចាក់​កន្ទុយ​លេខ ឬ​មួយ​ការ​ទិញ​ទូរស័ព្ទ​ថ្មី​ជា​ដើម​ អាច​ធ្វើ​ឱ្យ​អ្នក​ក្លាយ​ជាមនុស្ស​​ខ្វះលុយ​ជា​ប្រចាំ​ នៅ​មុនពេល​អ្នក​ដឹក​អំពី​បញ្ហា​នេះ​។

Steve Adcock គឺជា​អតីត​បុគ្គលិក​ផ្នែក​អភិវឌ្ឍ​​​ផ្នែក​ទន់​ (software) បច្ចុប្បន្ន​គឺជា​អ្នក​ជំនាញ​ខាង​ផ្ដល់​ប្រឹក្សា​យោបល់​ ដោយការ​បញ្ចេញ​អត្ថបទ​នានា​ស្ដី​អំពី​វិធី​ដើម្បី​គ្រប់​គ្រង​សេរី​ភាព​ផ្នែក​ហិរញ្ញវត្ថុ​។ កាល​ពី​ឆ្នាំ​2016 ក្រោយ​ពី​សន្សំ​បាន​ប្រាក់​1លាន​ដុល្លារ​នៅ​ក្នុង​គណនី​ធនាគារ Steve Adcock បាន​សុំ​ឈប់​ពី​ការ​ងារ​ជា​អ្នក​អភិវឌ្ឍ​ផ្នែក​ទន់​​ដែល​លោក​រក​បាន​ប្រាក់​រាប់​សែន​ដុល្លារ​ក្នុង​មួយឆ្នាំ​ៗ ហើយ​បាន​ចូល​និវត្តន៍​​ក្នុង​វ័យ​35​ឆ្នាំ​។ ប៉ុន្មាន​ខែ​ក្រោយមក ប្រពន្ធ​របស់​គាត់​ គឺ​អ្នក​ស្រី​ Courtney ក៏​បាន​ធ្វើ​តាម​គាត់​។

នៅ​លើ​ CNBC លោក Steve Adcock បាន​ចែក​រំលែក​បទពិសោធន៍​ទាក់​ទិន​នឹង​ហិរញ្ញវត្ថុ​ និង​ការ​ចំណាយប្រាក់​​របស់​ពួកគេ​។ ខាង​ក្រោម​នេះ​គឺជា​​ប្រការ​ទាំង​5​ដែល​លោក​ Steve Adcock និង​ភរិយា​តែង​តែ​កាត់​បន្ថយ​ដើម្បី​អាច​ចូល​និវត្តន៍​បាន​ឆាប់​។ 5​ប្រការ​នេះ​ ដំបូង​ឡើង​គឺជា​បញ្ហា​លំបាក​ខ្លាំង​សម្រាប់​ការ​អនុវត្ត ក៏ប៉ុន្តែ Steve Adcock នៅ​តែ​ព្យាយាម​ដើម្បី​សម្រេច​បាន​គោល​ដៅរបស់​ខ្លួន​។

  1. ការ​ចេញ​ទៅ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​

យោង​តាម​ការ​ស្ទង់​មតិ​មួយ​​ជាមួយ​​ពល​រដ្ឋ​អាមេរិកាំង​ជាង​2,000​នាក់​កាល​ពី​ឆ្នាំ​2019 មនុស្ស​ជិត​70​% និយាយ​ថា ពួកគេ​ចេញ​ទៅ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​ច្រើន​ណាស់​។ លោក Steve Adcock ថ្លែង​ថា “ខ្ញុំ​ក៏​យល់​ថា ការ​ដែល​បាន​ចេញ​ទៅ​ក្រៅ​ផ្ទះ​ និង​ការ​ដែល​មាន​អ្នក​ដាំ​ស្ល​ឱ្យហូប​​ គឺ​ជា​ប្រការ​ដ៏​អស្ចារ្យ​។ ប៉ុន្តែ ជា​ការ​ពិត តម្លៃ​សម្រាប់​ទទួល​បាន​បទ​ពិសោធន៍​នេះ​គឺ​មិន​មែន​ថោក​នោះ​ឡើយ​។ ខ្ញុំ​និង​ Courtney ធ្លាប់​ចំណាយ​សរុប​ 750​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ការ​ហូប​អាហារ​នៅ​ខាង​ក្រៅ​ បូក​រួម​ទាំង​ការ​បញ្ជា​ទិញ​អាហារ​ពី​ខាង​ក្រៅ​​មក​ហូប​ក្នុង​ផ្ទះ​ផងដែរ​។

តួលេខ​ខាង​លើ​នេះ​ គឺ​ប្រហាក់​ប្រហែល​នឹង​ 9,000​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ អ្នក​អាច​ស្រមៃ​ឃើញ​ថា​ យើង​ខ្ញុំ​សន្សំ​សំច័យ​បាន​ច្រើន​ដល់​កម្រិត​ណា​នៅ​ពេល​ពួក​យើង​ដាំ​ស្ល​ដោយ​ខ្លួន​ឯង​។ យូរ​ៗ​ម្ដង​ យើង​ក៏​ចេញ​ទៅ​ហូប​អាហារ​នៅ​ខាង​ក្រៅ​ដែរ​ ប៉ុន្តែ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ យើង​ទាំង​ពីរ​មិន​បាន​ហៅ​អាហារ​ដែល​មាន​តម្លៃ​ថ្លៃ​ឡើយ​។ ទឹក​ធម្មតា​សម្រាប់​ផឹក​ ឬ​ទឹក​ក្រូច​មិន​គិត​ថ្លៃ​ គឺ​គ្រប់​គ្រាន់​ហើយ​។ យើង​ក៏​មិន​ហៅ​អាហារ​ទ្រាប់​ពោះ​ ឬ​អាហារ​លាង​មាត់​នោះដែរ​។

2. ការ​ទិញ​ទូរស័ព្ទ​ថ្មី​

យើង​ពិត​ជា​ស្ទើរ​តែ​មិន​អាច​ទ្រាំ​បាន​នៅ​ពេល​ក្រុម​ហ៊ុន​ Apple, Samsung ឬ​ Google ចេញ​ទូរស័ព្ទ​ថ្មី​។ ប៉ុន្តែ​ជាក់ស្ដែង​ ​បើ​យើង​មើល​ជា​រួម បណ្ដា​ឧបករណ៍​សព្វ​ថ្ងៃ​អាច​ដំណើរ​ការ​បាន​ជា​ច្រើន​ឆ្នាំ​ដោយ​មិន​​ជួប​បញ្ហា​។ ហើយ​បើ​ទោះ​ជា​មុខ​ងារ​ថ្មី​ៗ​ជាច្រើនដ៏​ទាក់ទាញ​ដែល​​ត្រូវ​បាន​បំពាក់​បន្ថែម​នៅ​លើ​ទូរស័ព្ទ​ស៊េរី​ថ្មី​ ប៉ុន្តែ​ពួកវា​ក៏​មិន​អាច​ផ្លាស់​ប្ដូរ​ការ​រស់​នៅ​របស់​អ្នក​នោះ​ដែរ​។

ក្នុង​ករណី​ភាគ​ច្រើន​ ការ​ដែល​ត្រូវ​ប្ដូរ​ទូរស័ព្ទ​គឺ​វា​នឹង​មាន​ន័យ​ លុះត្រា​​តែ​ទូរស័ព្ទ​ដែល​អ្នក​កំពុង​ប្រើ​នោះ​មាន​បញ្ហា​បច្ចេក​ទេស​ធ្ងន់​ធ្ងរ ឬ​ខូច​ទាំង​ស្រុង​។ ប៉ុន្តែ បើ​ទោះ​ជា​មាន​បញ្ហា​នោះ​កើត​ឡើង​ អ្នក​ក៏​នៅ​តែ​អាច​យក​វា​ទៅ​ជួស​ជុល​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើន​រយ​ដុល្លារ​។

ខ្ញុំ​នឹង​ Courtney ប្រើ​ប្រាស់​ទូរស័ព្ទ​មួយ​គ្រឿង​ក្នុង​រយៈ​ពេល​ដល់​ទៅ​4​ឆ្នាំ​ ទើប​ទិញ​អាថ្មី​។ ជំនួស​ឱ្យ​ការ​រត់​តាម​បច្ចេកវិទ្យា​ដែល​តែង​តែ​ហួស​សម័យ​ក្រោយ​ការ​ប្រើប្រាស់​រយៈ​ពេល​មួយ​ឆ្នាំ យើង​យល់​ឃើញ​ថា ការ​ចំណាយ​ប្រាក់​ទៅ​លើ​ការ​វិនិយោគ​ទើបជា​ការ​​ល្អ​ប្រសើរ​​ជាង​។

3. ការ​ទិញ​សម្លៀក​បំពាក់

តាម​របាយការណ៍​ក្នុងឆ្នាំ​2019​ របស់​ GOBankingRates ពលរដ្ឋ​អាមេរិកាំង​ ចំណាយ​ជា​មធ្យម​ 1,866​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ទៅ​លើ​ការ​ទិញ​ខោអាវ​។ សម្លៀក​បំពាក់​តាម​ម៉ូដែល​និយម​ ពិត​ជា​ឆាប់​ហួស​ម័យ​ណាស់​។​ ដូច្នេះ នៅ​មុន​ពេល​សម្រេច​ចិត្ត​ទិញ​ ចូរ​សួរ​ខ្លួន​ឯង​ថា អ្នក​ពិត​ជា​ត្រូវ​ការ​ចាំ​បាច់​ដែរ​អត់​ ឬ​ថា​ តើ​អ្នក​នៅ​មាន​កន្លែង​សម្រាប់​ដាក់​សម្លៀក​បំពាក់​​ដែរ​ឬ​ទេ​។

គោល​ការណ៍ក្នុងការ​​ទិញ​ខោអាវ​ថ្មី​របស់​ខ្ញុំ​ គឺ​ពិត​​ជា​សាមញ្ញ​៖ កាន់​តែ​តិច​ កាន់​តែ​ល្អ។ ខ្ញុំ​ទិញ​តែ​របស់​ដែលចាំបាច់​ប៉ុណ្ណោះ​ ហើយ​ប្រើ​ប្រាស់​វា​រហួត​ដល់​ដាច់​ ខូច​ខាត ឬ​ពាក់​លែង​ត្រូវ​។ ក្នុងមួយ​ឆ្នាំ​ ខ្ញុំ​ទិញ​សម្លៀក​បំពាក់​តែ​2-3ដង​ប៉ុណ្ណោះ​ ហើយ​ក្នុង​ការ​ទិញ​ម្ដងៗ​ គឺចំណាយ​តែ​50-100​ដុល្លារ​។

4. ការ​លេង​ឆ្នោត ឬ​កន្ទុយ​លេខ

គេ​និយាយ​ថា “បើ​មិន​លេង​ឆ្នោត​ គឺ​មិន​អាច​ត្រូវ​ឆ្នោត”​ ប៉ុន្តែ យើង​បាន​ដឹង​គ្រប់​គ្នា​ហើយ​ថា ឱកាស​នៃ​ការ​ត្រូវ​ឆ្នោត​គឺ​មាន​តិច​ខ្លាំង​ណាស់​។ ហើយ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​យុទ្ធ​សាស្ត្រ​វិនិយោគ​​ជា​មូលដ្ឋាន ការ​ចំណាយ​លុយ​សម្រាប់​លេង​ឆ្នោត ឬ​កន្ទុយ​លេខ​​ គឺ​ពិត​ជា​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ​។ ការ​ចំណាយ​តិច​ៗ​យូរ​ខែ​ឆ្នាំ វា​នឹង​ក្លាយ​ជា​ការ​ចំណាយ​ដ៏​ច្រើន​មិន​ខាន។

របាយការណ៍​កាល​ពី​ឆ្នាំ​2019​ របស់ក្រុម​ហ៊ុន​ Bankrate បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិកាំង​ចំណាយ​ប្រាក់​ជា​មធ្យម​ចំនួន​89​ដុល្លារ​ជា​រៀង​រាល់​ខែ​ដើម្បី​ទិញ​ឆ្នោត​។ នៅកម្ពុជា​ ការ​ចាក់​កន្ទុយ​លេខ​របស់​ពលរដ្ឋ​ ក៏​មាន​សកម្មភាព​ខ្លាំង​ក្លា​ណាស់​ ដោយ​មាន​អ្នក​ខ្លះ​ ក្នុង​មួយ​ថ្ងៃ​អាច​ចំណាយ​រាប់​ម៉ឺន​រៀល​ដើម្បី​ចាក់​កន្ទុយ​លេខ​។ ការ​​បោះ​បង់​ទម្លាប់​នេះ​នឹង​ជួយ​ឱ្យ​អ្នក​សល់​ប្រាក់​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ (សម្រាប់​អ្នក​នៅ​សហរដ្ឋ​អាមេរិក​)។

5. ខ្ទង់​ចំណាយ​ទៅ​លើ​ការ​ទិញ​ដូរ​តាម​អារម្មណ៍

នេះ​គឺជា​ខ្ទង់ចំណាយ​ដ៏ធំធេង​។ និយាយ​រួម​ វា​រួម​បញ្ចូល​ទាំង​របស់​របរ​ដែលអ្នក​មិន​ត្រូវ​ការ​ជា​ចាំបាច់​ ប៉ុន្តែ​ត្រូវ​បាន​​ទាក់​ទាញ​ឱ្យ​សម្រេច​ចិត្ត​ទិញ​ក្នុង​គ្រា​ណា​មួយ​នោះ​។ ដូចជា​នៅពេល​កំពុង​គិត​លុយ​ ភ្លាម​នោះ​អ្នក​បាន​ឃើញ​ស្ករ​កៅស៊ូ​ដែល​អ្នក​លក់​ដាក់​នៅ​ក្បែរ​នោះជា​ដើម​។

ជឿ​ខ្ញុំ​ចុះ ការ​ចំណាយ​បែប​នេះ​នឹង​ស៊ី​លុយ​របស់​អ្នក​អស់ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃជាក់ជា​មិន​ខាន​ នៅ​មុន​ពេល​អ្នក​បាន​ដឹង​ខ្លួន។

បណ្ដា​ខ្ទង់​ចំណាយ​ធំៗ​គឺ​ពិត​ជា​គ្រោះ​ថ្នាក់​ដល់​ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​អ្នក​។ ឧទាហរណ៍​ថា អ្នក​ចង់​ទិញ​កង់​ដើម្បី​ជិះ​ហាត់​ប្រាណ ចូរ​ពិចារណា​ឱ្យ​បាន​វែង​ឆ្ងាយ​ថា​ តើ​អ្នក​នឹង​ប្រើ​ប្រាស់​វា​ជា​ញឹក​ញាប់​ដែរ​ ឬ​អត់។ ព្រោះ​ថា បើ​មិន​ដូច្នេះ​ទេ មិន​យូរ​មិន​ឆាប់​ កង់​ថ្មី​នោះ​ប្រាកដ​ជា​ត្រូវ​គ្រប​ដណ្ដប់​ដោយ​ធូលី​នៅ​ក្នុង​ឃ្លាំង​​មិន​ខានឡើយ៕

ប្រភព៖ CNBC

Advertisement