អ្នក​មាន​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​ និង​ជា​​ម្ចាស់ក្រុម​ហ៊ុន​សម្លៀក​បំពាក់​​ Zara បង្ហើបជា​លើក​ដំបូង​​អំពី​ទំហំអចលនទ្រព្យ​

​ម្ចាស់ក្រុម​ហ៊ុន​សម្លៀក​បំពាក់​​ Zara បង្ហើបជា​លើក​ដំបូង​​អំពី​ទំហំអចលនទ្រព្យ​

មហា​សេដ្ឋី Amancio Ortega កំពុងកាន់កាប់​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​សុប​ចំនួន​ 58.5​ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​អចលន​ទ្រព្យ​របស់​គាត់​មាន​តម្លៃ​ខ្ទង់​ 17.2​ពាន់​លាន​ដុល្លារ​អាមេរិក​។

យោង​តាម​សេចក្ដី​ប្រកាស​ក្នុង​ថ្ងៃទី​7កក្កដា​​របស់​ Pontegadea ដែល​ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​ភាគ​ហ៊ុន​59.3​%​នៅក្នុង​ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​ Inditex (ក្រុម​ហ៊ុន​មេ​របស់​ Zara) បាន​ឱ្យ​ដឹង​ថា ម្ចាស់​ក្រុម​ហ៊ុន​ Zara លោក​ Amancio Ortega បច្ចុប្បន្ន​មាន​អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​ប្រមាណ​ជា​ 15.2​ពាន់​លាន​អឺរ៉ូ (17.2​ពាន់​លាន​ដុល្លារ​អាមេរិក​)។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​អចលន​ទ្រព្យ​របស់​លោក​ Ortega ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ជា​សាធារណៈ​។ យោង​តាម​ Bloomberg តួលេខ​នេះ​បាន​ជួយ​ឱ្យ​ម្ចាស់ Zara ក្លាយ​ជា​អ្នក​ដែល​មាន​អចលន​ទ្រព្យ​ធំជាង​គេ​ក្នុង​ចំណោម​កំពូល​អ្នក​មាន​នៅ​ទ្វីប​អឺរ៉ុប​។

កាលពី​ឆ្នាំ​មុន​ តាម​រយៈ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​​នៃ​ក្រុមហ៊ុន​ Pontegadea លោក​ Ortega បាន​វិនិយោគ​​ទឹក​ប្រាក់​2.1​ពាន់​លាន​អឺរ៉ូ​ទៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​។ ក្រុម​ហ៊ុន​នេះ​ រក​បាន​ចំណូល​ប្រមាណ​ជា​1.8​ពាន់​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​2019​ រួម​មាន​ ភាគ​លាភ​ចំនួន​1.64​ពាន់​លានអឺរ៉ូ​​ពីក្រុម​ហ៊ុន​សម្លៀក​បំពាក់​ Inditex និង​ 621​លាន​អឺរ៉ូ ពី​អចលន​ទ្រព្យ​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក Ortega បាន​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​​​ពហុវិស័យ​ក្នុង​មុខ​ជំនួញ​របស់ខ្លួន​ដើម្បី​ការ​ពារ​ហានិភ័យ​នៃ​ការ​បាត់​បង់​ទ្រព្យ​។ ដូច្នេះ លោក​ក៏បាន​វិនិយោគ​ទៅ​លើ​អចលន​ទ្រព្យ​។ មហា​សេដ្ឋី​រូប​នេះ​ បាន​ទិញ​អគារ ​Haughwout Building ដ៏ល្បី​ឈ្មោះ​នៅ​ Manhattan និង​អគារ​ការិយាល័យ​ខ្ពស់​បំផុត​នៅ​ទីក្រុង​ Miami ក្នុង​រដ្ឋ Florida សហរដ្ឋ​អាមេរិក​។

អ្នក​មាន​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​ និង​ជា​​ម្ចាស់ក្រុម​ហ៊ុន​សម្លៀក​បំពាក់​​ Zara បង្ហើបជា​លើក​ដំបូង​​អំពី​ទំហំអចលនទ្រព្យ​
មហា​សេដ្ឋី Amancio Ortega កំពុងកាន់កាប់​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​សុប​ចំនួន​ 58.5​ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​អចលន​ទ្រព្យ​របស់​គាត់​មាន​តម្លៃ​ខ្ទង់​ 17.2​ពាន់​លាន​ដុល្លារ​អាមេរិក​

កាល​ពី​ឆ្នាំ​មុន​ ក្រុម​ហ៊ុន​របស់​លោក​ ក៏​​បាន​ចំណាយ​ប្រាក់​72.5​លាន​ដុល្លារ​ ក្នុង​ការ​ទិញ​សណ្ឋាគារ​មួយ​នៅក្នុង​ទីក្រុង​ Chicago ផងដែរ​។ មុន​នោះ លោក Ortega ក៏​បាន​ទិញ​អគារ​​មួយ​នៅក្នុង​រដ្ឋ​ធានី​​វ៉ាស៊ីង​តោន​ និង​អគារ​ការិយា​ល័យ​ចំនួន​2​ផ្សេង​ទៀត​នៅ​​ទីក្រុង​ Seattle ក្នុង​រដ្ឋ​វ៉ាស៊ីង​តោន​ទៀត​ផង​។

យោង​តាម​ Bloomberg Billionaires Index លោក​ Ortega ឆ្នាំ​នេះ​មាន​អាយុ​84​ឆ្នាំ​ និង​កាន់​កាប់​​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​58.5​ពាន់​លាន​ដុល្លារ​។ ដោយ​សារ​តែ​ COVID-19 រាប់​ចាប់​ពី​ដើម​ឆ្នាំ​ ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​អេស្ប៉ាញ​រូប​នេះ បាន​ថយ​ចុះ​20​%។ ក្រុម​ហ៊ុន​ Inditex ត្រូវ​បង្ខំ​ចិត្ត​បិទ​ហាង​មួយ​ចំនួន​ធំ បណ្ដាល​ឱ្យ​មូលបត្រ​របស់​ក្រុម​ហ៊ុន​នេះ​ធ្លាក់​ចុះ​22​%​៕

ប្រភព៖ Bloomberg

Advertisement