ធនាគារជាតិនៃកម្ពុជា ចេញវិធានការ3យ៉ាងដើម្បីជួយគ្រឹះស្ថានហិរញ្ញវត្ថុ

ស្ថិតក្នុង​បរិបទ​ពិភពលោក​កំពុង​រង​ការគំរាមកំហែង​យ៉ាងខ្លាំង​ពី​មេរោគ Covid-19 កម្ពុជា​ក៏​ទទួលរង​ផលប៉ះពាល់​ផងដែរ​ផ្នែក​សេដ្ឋកិច្ច។ នៅក្នុង​ចំណោម​វិស័យសំខាន់ៗក្នុង​សេដ្ឋកិច្ចកម្ពុជា​ដែល​កំពុង​រង​ផលប៉ះពាល់ វិស័យ​ធនាគារ​ក៏​កំពុង​ទទួល​ហានិភ័យ​ផងដែរ​ក្នុងដំណាក់កាល​នេះ។

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា ស្រប​ពេលដែល​ហានិភ័យ​បាន​កើតឡើង​ចំពោះ​សេដ្ឋកិច្ច ការតាមដាន​ហានិភ័យ​មកលើ​វិស័យ​ធនាគារ​ចាំបាច់​ត្រូវ​ពង្រឹង​ជាប្រចាំ។ ក្នុង​បរិបទ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​វិធានការសំខាន់ៗចំនួន3យ៉ាង​ដើម្បី​ជួយ​ដល់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

វិធានការ​សំខាន់​ទី1 គឺ​ការទម្លាក់​ការប្រាក់​បម្រុង​កាតព្វកិច្ច​ដែល​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ត្រូវ​រក្សា​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ក្រោយ​ទទួលបាន​ប្រាក់​បញ្ញើ​ពី​អតិថិជន និង​កម្ចី​បរទេស។

វិធានការ​ទី2 គឺ​ការពន្យារ​ការអនុវត្ត​ការពង្រឹង​ទ្រនាប់​ដើមទុន​បន្ថែម និង​ការទទួលស្គាល់​ប្រាក់ចំណេញ​ក្នុង​ត្រីមាស​ក្នុងការ​គណនា​ដើមទុន។

វិធានការ​ទី3 គឺ​ការផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​តាមរយៈ​ប្រតិ​ប​តិ្ត​ការផ្តល់​សន្ទនីយ​ភាព ដោយមាន​ការធានា។ លើសពីនេះ​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​កិច្ចការពារ​អតិថិជន ការផ្សព្វផ្សាយ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​តាម​មូលដ្ឋាន ការដោះស្រាយ​បណ្តឹង​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​គម្រោង​ប្រព័ន្ធ​ការពារ​ប្រាក់​បញ្ញើ​ជាដើម៕

Advertisement