ទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​របស់​ Kanye West គូ​​ប្រជែង​ថ្មី​របស់​លោក​ Trump សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​​ឆ្នាំ​នេះ

Kanye West ដែល​ទើប​តែ​បាន​ប្រកាស​ថា​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​ប្រធានាធិបតី​ ប្រជែង​ជាមួយ​លោក​ Trump ក្នុង​​ឆ្នាំ​នេះ​ គឺជា​តារា​ចម្រៀង​រ៉ែប និង​ជា​អ្នក​រចនាម៉ូដ​សម្លៀក​បំពាក់​​កីឡា​ មាន​ទ្រព្យ​សម្បត្តិ​ចំនួន​ 1.3​ពាន់​លាន​ដុល្លារ​​អាមេរិក​។

តារា​ចម្រៀង​រ៉ែប លោក​ Kanye West ទើប​តែ​បាន​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​នៅក្នុង​ការ​ប្រជែង​រកសន្លឹក​ឆ្នោត​​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ថ្មី​​ក្នុង​ឆ្នាំ​នេះ​ ក្នុង​នាម​ជា​បេក្ខ​ភាព​របស់​គណបក្ស Birthday Party។ កំពូល​ទីប្រឹក្សា​សម្រាប់​​យុទ្ធនាការ​រកសំឡេង​ឆ្នោត​​របស់​លោក​ West បច្ចុប្បន្ន​ នោះ​គឺ​ភរិយា​របស់​លោក​ អ្នក​ស្រី​ Kim Kardashian West ដែល​ជា​កំពូល​តារា​ទូរទស្សន៍​ និង​មហាសេដ្ឋី​ Elon Musk ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ Tesla។

លោក George Lucas, លោក​ Kanye West និង លោក Elon Musk នៅ​ក្នុង​កម្ម​វិធី TIME 100 Gala កាល​ពី​ឆ្នាំ​ 2015

យោង​តាម​ស្ថិតិ​របស់​ទស្សនាវដ្ដី​ Forbes លោក Kanye West មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជា​ 1.3​ពាន់​លានដុល្លារ​អាមេរិក​។ លោក​ West ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជីមហា​សេដ្ឋី​កាលពី​ខែ​មេសា​2020​។

West ឆ្នាំ​នេះ​មាន​អាយុ​43​ឆ្នាំ ​ជា​អ្នក​ដែល​មាន​ឈ្មោះ​ល្បី​ថា​រក​បាន​ប្រាក់​ចំណូល​ខ្ពស់​​ក្នុង​ឆ្នាំ​នេះ ដោយ​រក​បាន​170​លាន​ដុលលារ​ នេះ​បើ​តាមទស្សនាវដ្ដី​​ Forbes។ ឆ្នាំ​2014​ Forbes បាន​ចុះ​ផ្សាយ​ថា ទ្រព្យ​សម្បត្តិ​របស់​លោក​ West មាន​ត្រឹម​តែ​ប្រមាណ​ជា​30​លាន​ដុល្លារ​ប៉ុណ្ណោះ​។

ទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​របស់​ Kanye West និង​អ្នក​នៅ​ពីក្រោយ​
លោក West និង​លោក Elon Musk នៅក្នុង​ក្រុម​ហ៊ុន​ SpaceX

ជា​កំពូល​តារា​ចម្រៀង​រ៉ែប​ម្នាក់ ក៏ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​របស់​ West គឺ​បាន​មក​ពី​ផលិត​ផល​ស្បែក​ជើង​កីឡា​ Yeezy ដែល​ត្រូវ​បាន​ Forbes វាយ​តម្លៃ​ថា​ជា “មួយ​ក្នុង​ចំណោម​រឿង​រ៉ាវ​​លក់​រាយ​ដ៏​អស្ចារ្យ​បំផុត​ប្រចាំ​សតវត្សរ៍​”។ ភាគ​ហ៊ុន​របស់​លោក​ West នៅក្នុង​ក្រុម​ហ៊ុន​ស្បែក​ជើង Yeezy ​នេះ​ មាន​តម្លៃ​ 1.26​ពាន់​លាន​ដុល្លារ​។ នេះ​គឺជា​សែ​ស្រឡាយ​​ផលិត​ផល​ដែល​ West សហការ​ជាមួយ​ក្រុម​ហ៊ុន​ Nike កាល​ពី​ឆ្នាំ​2009 ហើយ​ក្រោយ​មក លោក​ក៏​បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ Adidas ក្នុង​ឆ្នាំ​2013​។ កាល​ពី​ឆ្នាំ​ទៅ​ (2019)​ Yeezy ត្រូវ​បាន​ធនាគារ​ Bank of America កំណត់​តម្លៃ​រហូត​ដល់​ទៅ​ 3​ពាន់​លាន​ដុល្លារ​អាមេរិក​។

ទន្ទឹម​នឹង​នេះ West ក៏​មាន​ខ្ទង់​ប្រាក់​សុទ្ធ​ចំនួន​17​លាន​ដុល្លារ​ និងមូលបត្រ​ដែល​មាន​តម្លៃ​​ប្រហែល​35​លាន​ដុល្លារ​ផងដែរ​។ ទ្រព្យ​សម្បត្តិ​ដែល​ល្បី​ឈ្មោះ​ផ្សេង​ទៀត​របស់​លោក​ West រួម​មាន​ផ្ទះ​​ដែល​មាន​តម្លៃ​81​លាន​ដុល្លារ​ និង​ដី​ 21​លាន​ដុល្លារ​។ West និង​ភរិយា​ Kim Kardashian ដែល​ជា​តារា​ទូរទស្សន៍​នៅ​សហរដ្ឋ​អាមេរិក​ មាន​ឈ្មោះ​ល្បី​ល្បាញ​ថា​មាន​អចលន​ទ្រព្យ​ច្រើន​នៅ​ទីក្រុង​ Los Angeles និង​នៅ​រដ្ឋ​ Wyoming។

ទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ​របស់​ Kanye West និង​អ្នក​នៅ​ពីក្រោយ​
លោក​000111 West លែង​គាំទ្រ​លោក​ Trump ហើយ​សម្រេច​ចិត្ត​​ធ្វើ​ជា​គូប្រជែង​ជាមួយ​ប្រធានាធិបតី​រូប​នេះ

នៅក្នុងកិច្ច​សម្ភាស​មួយ​នៅ​លើ​វិទ្យុ​កាលពីឆ្នាំ​2018​ លោក West ឱ្យ​ដឹង​ថា លោក​ចង់​ក្លាយ​ជា​ “អ្នក​អភិវឌ្ឍ​អចលន​ទ្រព្យ​ធំជាង​គេ​បង្អស់​ដែល​ដូចទៅ​នឹង​​លោក Howard Hughes ដែល​មាន​ឈ្មោះ​ល្បី​ជាមួយ​យន្ត​ហោះ និង​លោក​ Henry Ford ​ល្បី​ឈ្មោះ​ជាមួយ​នឹង​រថយន្ត​”។

លោក​ West លែង​គាំទ្រ​លោក​ Trump ហើយ​សម្រេច​ចិត្ត​​ធ្វើ​ជា​គូប្រជែង​ជាមួយ​ប្រធានាធិបតី​រូប​នេះ

ក៏ប៉ុន្តែ លោក​ West ក៏​ជា​តារា​ចម្រៀង​ម្នាក់​ដែល​សម្បូរ​ដោយ​ស្នាដៃ និង​រក​បាន​ប្រាក់​ចំណូល​មិន​តិច​ពី​វិស័យ​នេះ​នោះ​ដែរ​។ Forbes បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ GOOD Music និង​ស្នាដៃ​ពាក់​ព័ន្ធ​របស់​ West ត្រូវ​បាន​កំណត់​តម្លៃ​យ៉ាង​តិច​ 90​លាន​ដុល្លារ​។ ក៏ប៉ុន្តែ ទស្សនាវដ្ដី Forbes យល់​ថា West មាន​ឯកសារ​តិច​តួច​ដែល​អាច​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង​តួលេខ​នេះ​ ហើយ​លោក​ក៏​នៅ​មាន​ខ្ទង់​បំណុល​ប្រមាណ​ជា​ 100​លាន​ដុល្លារ​ផងដែរ​។ ជា​សរុប​ លោក​ West មាន​ទ្រព្យ​ប្រមាណ​ជា​​ 1.3​ពាន់​លាន​ដុល្លារ​អាមេរិក​។

បើ​ទោះជា​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​​មហាសេដ្ឋី ប៉ុន្តែ West នៅ​តែ​មិន​ទាន់​ពេញ​ចិត្ត​ជាមួយ​នឹង​ Forbes នៅ​ឡើយ ហើយ​យល់​ថា ទស្សនវដ្ដី​​នេះ​បាន​វាយ​តម្លៃ​ទាប​ទៅលើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​។ កាល​ពី​ខែ​មេសា លោក​ West ឱ្យ​ដឹង​ថា “មិន​មែន​ 1​ពាន់​លាន​ដុល្លារ​នោះ​ទេ​។ តាម​ពិត​ វា​គួរ​តែ​ 3.3​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ”៕

ប្រភព៖ Forbes, Guardian

Advertisement