មហា​សេដ្ឋី​​លំដាប់​ទី​មួយ​នៅ​ទ្វីប​អាស៊ី ដណ្ដើម​បាន​តំណែង​អ្នក​មាន​ជាង​គេ​លំដាប់​ទី​6 ក្នុង​ពិភពលោក

មហា​សេដ្ឋី​ទី​មួយ​នៅ​ទ្វីប​អាស៊ី ដណ្ដើម​បាន​តំណែង​អ្នក​មាន​ជាង​គេ​លំដាប់​ទី​6 ក្នុង​ពិភពលោក

ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​ឥណ្ឌា​ លោក Mukesh Ambani ទើប​តែ​បាន​កើន​ឡើង​លើស​ពី​ទំហំ​​ទ្រព្យ​របស់​លោក​ Elon Musk និង​សហស្ថាបនិក​2​រូប​របស់ក្រុម​ហ៊ុន​​ Google គឺ​លោក​ Sergey Brin និង​លោក​ Larry Page ហើយ​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​6​នៅក្នុង​ពិភពលោក​។

លោក​តាម​ Bloomberg Billionaires Index បន្ទាប់​ពី​បាន​លោត​រំលង​មហា​សេដ្ឋី​ Warren Buffett កាល​ពី​ចុង​សប្ដាហ៍​​មុន ប្រធាន​ក្រុម​ហ៊ុន​ Reliance Industries របស់​ឥណ្ឌា​ គឺ​លោក​ Mukesh Ambani បន្ត​រក​បាន​ប្រាក់​យ៉ាង​ច្រើន​បន្ថែម​ទៀត ដែល​នេះ​បាន​ជួយ​ឱ្យ​ទ្រព្យ​សរុប​របស់​លោក​កើន​ឡើង​ដល់​72.4​ពាន់​លាន​ដុល្លារ​អាមេរិក​។ មូលបត្រ​របស់​ក្រុម​ហ៊ុន​ពហុវិស័យ​នេះ​បាន​កើនជាង​ពាក់​កណ្ដាល​រាប់​ចាប់​ពីពេល​បាន​​ធ្លាក់​ដល់​បាត​កាល​ពី​ខែ​មីនា​។ ការ​កើន​ឡើង​នេះ​គឺ​ដោយ​សារ​ផ្នែក​ឌីជីថល់​ដែល​បាន​ទាក់​ទាញ​ខ្ទង់​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ពី​បណ្ដា​ក្រុម​ហ៊ុន​ធំ​ៗ​ដូច​ជា​ Facebook, និង​ Silver Lake ជា​ដើម​ ហើយ​ថ្មី​ៗ​នេះ​ក៏​មាន​ការ​ចូល​រួម​វិនិយោគ​ពី​ក្រុម​ហ៊ុន​ Qualcomm​ ផងដែរ។

ទន្ទឹម​នឹង​នេះ ​មូលបត្រ​​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​នានា​នៅ​សហរដ្ឋ​អាមេរិក​ កាល​ពី​ម្សិល​មិញ​ត្រូវ​បាន​លក់​ចេញ​ជា​បន្ត​បន្ទាប់​។ ប្រការ​នេះ​បណ្ដាល​ឱ្យ​ទ្រព្យ​របស់​លោក​ Page នៅ​សល់​ត្រឹម​តែ​71.6​ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ទ្រព្យ​របស់​លោក​ Brin នៅ​ត្រឹម​69.4​ពាន់​លាន​ដុល្លារ​ រីឯលោក​ Musk ចុះ​មក​នៅ​ត្រឹម​68.6​ពាន់​លាន​ដុល្លារ​។ មុន​នោះ​ ទ្រព្យ​របស់​លោក​ Buffett បាន​ថយ​ចុះ​អស់​ជិត​3​ពាន់​លាន​ដុល្លារផងដែរ​ ដោយ​សារ​ការ​បរិច្ចាគ​សម្រាប់​សកម្ម​ភាព​មនុស្ស​ធម៌​។

កត្តា​ទាំង​ឡាយ​ខាង​លើ​នេះ បាន​ជួយ​ឱ្យ​មហា​សេដ្ឋី​ឥណ្ឌា លោក Mukesh Ambani ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​6​ក្នុង​ពិភពលោក​។ កាលពី​ជិត​1ខែ​មុន លោក​ Mukesh ក៏​បាន​ក្លាយ​ជា​តំណាង​តែ​ម្នាក់​គត់​របស់​ទ្វីប​អាស៊ី​ដែល​បាន​ឡើង​ដល់​ top 10 នៃ​មហា​សេដ្ឋី​ពិភពលោក​​។

មហា​សេដ្ឋី​ឥណ្ឌា​ ពេល​នេះ​ មាន​ទ្រព្យ​ច្រើន​ជាង​ Elon Musk និង​សហស្ថាបនិក​2​រូប​របស់​ Google ទៅ​ទៀត
មហា​សេដ្ឋី​ឥណ្ឌា​ ពេល​នេះ​ មាន​ទ្រព្យ​ច្រើន​ជាង​ Elon Musk និង​សហស្ថាបនិក​2​រូប​របស់​ Google ទៅ​ទៀត

ក្រុម​ហ៊ុន​ថាម​ពល​របស់​មហា​សេដ្ឋី Mukesh កំពុង​តែ​បង្វែរ​គោល​ដៅ​បន្តិ​ច​ម្ដង​ៗ​ទៅ​រក​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច។ ថ្មី​ៗ​នេះ​ ប្រទេស​ឥណ្ឌា​ទទួល​បាន​ចំណាប់អារម្មណ៍​ច្រើន​ពី​បណ្ដា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​បរទេស​ ពិសេស​គឺ​នៅ​តំបន់​ជ្រលង​ភ្នំ​ Silicon។ ក្រុម​ហ៊ុន​ Google កាល​ពី​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា​ នឹង​ចំណាយ​ប្រាក់​10​ពាន់​លាន​ដុល្លារ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ដើម្បី​ជួយ​បង្កើន​ល្បឿន​ឆ្ពោះ​ទៅ​រក​វិស័យ​ឌីជីថល់​របស់​ប្រទេស​ដែល​មាន​ប្រជា​ជន​ច្រើន​ជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​មួយ​នេះ​ផងដែរ​​។

លោក Mukesh Ambani បាន​ចូល​រួម​ធ្វើ​កិច្ច​ការ​ក្រុម​ហ៊ុន​របស់​គ្រួ​សារ​លោក​ តាំង​ពី​ទសវត្សរ៍​ទី​80​នៃ​សហស្សវត្សរ៍​មុន​។ ក្រោយ​ពី​ឪពុក​របស់​លោក​បាន​ទទួល​មរណភាព​ លោក​ Mukesh និង​ប្អូន​ប្រុសឈ្មោះ​ Anil ​ក៏​បាន​ចែក​ក្រុម​ហ៊ុន​នេះ​ជា​2ចំណែក​​ ក្នុង​នោះ​លោក​ Mukesh ទទួល​គ្រប់​គ្រង​ផ្នែក​ចម្រាញ់​ប្រេង​ គីមី​ប្រេង​ ឧស្ម័ន​ និង​វាយណ​ភណ្ឌ​។ ជំនួញ​របស់​លោក​​ Mukesh ទទួល​បាន​ជោគ​ជ័យ​ច្រើន​ ហើយ​ក៏​បាន​​ពង្រីក​វិសាល​ភាព​ទៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​ ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិច ហើយ​លោក​ Mukesh ក៏​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​បង្អស់​នៅ​ទ្វីប​អាស៊ី​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន៕

ប្រភព៖ Bloomberg

Advertisement