អ្នកមាន​បំផុត​នៅ​អាស៊ី​ បានជួយ​ឱ្យ​ទ្វីប​នេះ​មាន​ឈ្មោះ​ក្នុង​​ top 5 នៃ​អ្នក​មាន​ជាង​គេ​ក្នុង​ពិភពលោក​

អ្នកមាន​បំផុត​នៅ​អាស៊ី​ បានជួយ​ឱ្យ​ទ្វីប​នេះ​មាន​ឈ្មោះ​ក្នុង​​ top 5 នៃ​អ្នក​មាន​ជាង​គេ​ក្នុង​ពិភពលោក​
មហា​សេដ្ឋី​ឥណ្ឌា​ លោក​ Mukesh Ambani

យោង​តាម​សារ​ព័ត៌មាន​ Bloomberg​ មហាសេដ្ឋី​ឥណ្ឌា​ លោក​ Mukesh Ambani បច្ចុប្បន្ន​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​5​ក្នុង​ពិភពលោក​ ដោយ​មាន​ទ្រព្យ​សរុប​ចំនួន​77.4​ពាន់​លាន​ដុល្លារ​ ដែល​នេះ​បាន​ជួយ​ឱ្យ​អាស៊ី​បាន​វត្តមាន​នៅ​ក្នុង​ top 5 អ្នក​មាន​ជាង​គេ​ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ​។

ច្រើន​ឆ្នាំ​មក​នេះ ចំណាត់​ថ្នាក់​ក្នុង​ top 5 នៃ​អ្នក​មាន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជន​ជាតិ​អាមេរិកាំង​ អឺរ៉ុប​ និង​ម៉ិកស៊ិក​។ ប៉ុន្តែ ប្រការ​នេះ​បាន​ផ្លាស់​ប្ដូរ​ហើយ​ ព្រោះ​ថា​បន្ទាប់​ពី​បញ្ចប់​ការ​ជួញ​ដូរ​មូលបត្រ​កាល​ពី​ថ្ងៃទី​24​កក្កដា​ មហាសេដ្ឋី​ឥណ្ឌា លោក​ Mukesh Ambani បាន​លោត​រំលង​ Steve Ballmer និង​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​5​ក្នុង​ពិភពលោក​ ជាមួយ​នឹង​ទ្រព្យ​សរុបចំនួន​​​77.4​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ស្ថិតិ​​ពី​ Bloomberg Billionaires Index។

នេះ​គឺជា​កំណត់​ត្រាថ្មី​បំផុត​សម្រាប់​លោក Ambani។ ទ្រព្យ​សម្បត្តិ​របស់​លោក​ បាន​កើនជិត​19​ពាន់​លាន​ដុល្លារ​អាមេរិក​ រាប់​ចាប់​ពី​ដើម​ឆ្នាំ​2020​មក​នេះ​។

មហាសេដ្ឋី​ Ambani បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ហ៊ុន​ពហុវិស័យ​ Reliance Industries។ ចំណាត់​ថ្នាក់​របស់​លោក​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​មាន​ជាង​គេ​របស់​ Bloomberg បាន​កើន​ឡើង​ចំនួន​9​ថ្នាក់​នៅក្នុង​ឆ្នាំ​នេះ ​ដោយ​សារ​តែ​មូលបត្រ​របស់​ក្រុម​ហ៊ុន​ Reliance Industries បាន​កើន​135​%​ ចាប់​ពី​ក្រោយ​ការ​ធ្លាក់​ចុះ​ដល់​បាត​ក្នុង​ខែ​មីនា​។ បណ្ដា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Reliance ថ្មី​ៗ​នេះ​ទទួល​បាន​ខ្ទង់​វិនិយោគ​យ៉ាង​ច្រើន​ពី​ក្រុម​ហ៊ុន​ធំៗ​​ជា​ច្រើន​ មាន​​ដូច​ជា​ Facebook, Silver Lake និង​ក្រុម​ហ៊ុនប្រេង​ BP ជា​ដើម​។ល។

ឥណ្ឌា​គឺជា​ចំណុច​លេច​ធ្លោ​ក្នុង​ទីផ្សារ​ M&A (ការ​ទិញ​ដូរ​ក្រុម​ហ៊ុន​/Mergers and acquisitions) នៅ​ទូទាំង​សកល​លោក​ក្នុង​ឆ្នាំ​នេះ​។ សារ​ព័ត៌មាន​ឥណ្ឌា ET Now បាន​ចុះ​ផ្សាយ​ថា ក្រុម​ហ៊ុន​ Amazon កំពុង​តែ​ចរចា​ជាមួយ​​ភាគី​ក្រុម​ហ៊ុន​ Reliance របស់​លោក​ Ambani ដើម្បី​ទិញ​ភាគ​ហ៊ុន​ក្នុង​ផ្នែក​លក់​រាយ​របស់​ក្រុម​ហ៊ុន​នេះ​។

អ្នកមាន​បំផុត​នៅ​អាស៊ី​ បានជួយ​ឱ្យ​ទ្វីប​នេះ​មាន​ឈ្មោះ​ក្នុង​​ top 5 នៃ​អ្នក​មាន​ជាង​គេ​ក្នុង​ពិភពលោក​
គ្រួសារ​ត្រកូល Ambani ៖ Akash, Anant និង​ Isha ថត​រូប​ជាមួយ​ឪ​ពុក​ម្ដាយ​របស់​ពួកគេ​ គឺ​លោក​ស្រី​ Nita និង​លោក​ Mukesh Ambani

មហាសេដ្ឋី​ Ambani បាន​ឡើង​ដល់​ top 10 នៃ​បញ្ជី​ឈ្មោះ​អ្នក​មាន​បំផុត​ក្នុង​ពិភពលោក​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​។ កាល​ពី​2​សប្ដាហ៍​មុន​ ទ្រព្យ​របស់​លោក​បាន​កើន​ឡើង​លើស​ពី​ទំហំ​​ទ្រព្យ​របស់​មហា​សេដ្ឋី Warren Buffett ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ក៏​បាន​លោត​រំលង​ CEO របស់ Tesla លោក​ Elon Musk និង​សហស្ថាបនិក​2​រូប​របស់​ Google គឺ​លោក​ Sergey Brin និងលោក​ Larry Page។

អ្នក​មាន​ជាង​គេ​លំដាប់​ទី​1​ក្នុង​ពិភពលោក​​ នៅ​តែ​ជា​ម្ចាស់​ក្រុម​ហ៊ុន​ Amazon គឺ​លោក Jeff Bezos។ ទ្រព្យ​សម្បត្តិ​របស់​លោក​ ក្នុង​ឆ្នាំ​នេះ​បាន​កើន​62.7​ពាន់​លាន​ដុល្លារ​។ ឈរ​លំដាប់​លេខ​2​ គឺ​លោក​ Bill Gates (118ពាន់​លាន​ដុល្លារ​) និង​ទី​3​គឺ​លោក​ Bernard Arnault (93​ពាន់​លាន​ដុល្លារ​) ចំណែក​ទី​4​ គឺ​លោក​ Mark Zuckerberg (88​ពាន់​លានដុល្លារ​)។

ចំណែក​នៅ​អាស៊ី​ បច្ចុប្បន្ន​អ្នក​មាន​ជាង​គេ​លំដាប់​ទី​​2​គឺ​លោក​ Pony Ma ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ Tencent ដោយ​មាន​ទ្រព្យ​សរុប​55.6​ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រភព​៖ Bloomberg

Advertisement