កម្ពុជាមានទុនបម្រុងអន្តរជាតិចំនួន 19.5ពាន់លានដុល្លារ

ធនាគារជាតិ​នៃ​កម្ពុជា កាលពីពេលថ្មីៗនេះ​បានចេញ​សេចក្តី​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា មាន​មាស និង​រូបិយប័ណ្ណ​បរទេស ដែល​ហៅថា​ទុនបម្រុង​ប្រមាណ 19.5ពាន់​លាន​ដុល្លារ។

ស្ថាប័ន​ជាតិ​ដ៏​សំខាន់​ខាងលើ​បាន​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា មាន​តួនាទី​បោះពុម្ព​រូបិយវត្ថុ​ជាតិ ហើយ​ត្រូវ​ធានា​តម្លៃ​រូបិយវត្ថុ​ទាំងនោះ។ ដូច្នេះ​រាល់​ការបោះពុម្ពផ្សាយ​ត្រូវមាន​បដិភាគ ជា​ទ្រព្យ​ដែលមាន​តម្លៃ។ ទ្រព្យ​ទាំងអស់នោះ​រួមមាន រូបិយប័ណ្ណ​បរទេស និង​មាស​ដែល​ហៅថា «ទុនបម្រុង​អន្តរជាតិ» ហើយ​ត្រូវបាន​រក្សាទុក​ឱ្យមាន​សុវត្ថិភាព។

បច្ចុប្បន្ននេះ ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន 19.5ពាន់​លាន​ដុល្លារ គិត​ត្រឹម​ខែមិថុនា ឆ្នាំ2020នេះ។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា ខ្លួន​គ្រប់គ្រង​យ៉ាង​ប្រុងប្រយ័ត្ន​នូវ​ទ្រព្យ​បម្រុង​ទាំងអស់នោះ ដើម្បី​រក្សា​សុវត្ថិភាព។ ហេតុនេះហើយ​ទើប​ធនាគារជាតិ​នៃ​កម្ពុជា វិនិយោគ​លើ​ឧបករណ៍​ដែលមាន​ស្ថិត​ភាព​ខ្ពស់​ដូចជា​រូបិយប័ណ្ណ​ខ្លាំង និង​មាស។

បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា រក្សា​មាស​ចំនួន 36.5តោន ដែល​ក្នុងនោះ​មាន​មាស​ដែលជា​កេរ្តិ៍មរតក​តាំង​ពីមុន​សម័យ​សង្គ្រាម​មាន​ចំនួន 12.4តោន ដែល​រក្សាទុក​នៅ​ប្រទេស​ស្វី​ស និង​មាន​មាស​ចំនួន 14.1តោន​កំពុង​វិនិយោគ​នៅ​ធនាគារកណ្តាល​អង់គ្លេស។ បន្ថែម​ពីនេះ ធនាគារជាតិ​ក៏បាន​រក្សាទុក​មាស​ចំនួន 10តោន​ផងដែរ​នៅ​កម្ពុជា៕

Advertisement