សេដ្ឋី​កាណាដា​បង្ហើប​អំពី​វិធី​វិនិយោគ​ចំនួន​3 ទៅ​លើ​ផ្សារ​មូលបត្រ​ ដែល​បាន​ជួយ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​​មាន

សេដ្ឋី​កាណាដា​បង្ហើប​អំពី​វិធី​វិនិយោគ​ចំនួន​3 ទៅ​លើ​ផ្សារ​មូលបត្រ​ ដែល​បាន​ជួយ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​​មាន

វិធីដែល​បាន​នាំ​ឱ្យ​ប្ដី​ប្រពន្ធ​មួយ​គូ​ក្លាយ​ជា​សេដ្ឋី​នៅ​ប្រទេស​កាណាដា​​ នោះ​គឺ​ការ​អនុវត្ត​រូប​មន្ត​​​វិនិយោគ​​ចំនួន​3​ដ៏លេច​ធ្លោ​ទៅ​ក្នុង​​ផ្សារ​មូលបត្រ​ ដែល​នេះ​ក៏​ជា​ឥទ្ធិពលដែល​បាន​មក​ពី​​ Warren Buffett។

ដើម​ឆ្នាំ​2008​ កាល​ពី​ពេល​នៅ​ជា​គូស្វាមី​ភរិយា​ដែល​ទើប​តែ​ចេញ​ពី​សាលា​បាន​តែប៉ុន្មាន​ឆ្នាំ​ និង​មាន​ការ​ងារ​ផ្លូវ​ការ​​រៀង​ៗខ្លួន​ Kristy Shen និង​ Bryce Leung ក៏ចាប់​ផ្ដើម​ស្វែង​រក​វិធី​ដើម្បី​វិនិយោគ​។ ដំបូង​ ពួកគេ​បាន​ពិចារណា​ទៅ​លើ​អចលន​ទ្រព្យ​។ គិត​មួយ​ភ្លែត​ គេ​ឃើញ​ថា​ផ្ទះ​ស្នាក់​នៅ​ហាក់​បី​ដូច​ជា​មាន​សុវត្ថិ​ភាព​ជាង​ទ្រព្យ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។ ប៉ុន្តែ​ ការរស់​នៅក្នុង​​ទីក្រុង​​តូរ៉ុនតូ ដែលជា​ទីកន្លែង​ថ្លៃ​បំផុត​នៅ​កាណាដា​ ការ​ចំណាយ​ទៅ​លើ​ការ​ទិញ​ផ្ទះ​មួយ​ខ្នង​​គឺលើស​ពី​1​លាន​ដុល្លារ​ឯណោះ​ ហើយ​វា​ក៏​ហាក់​ជា​វិធី​ដែល​នាំ​ទៅ​រក​បំណុល​វ័ណ្ដ​ក និង​សម្ពាធ​នៃ​ភាព​តាន​តឹង​ដែលមិន​គួរ​កើត​មាន​។ ដូច្នេះ ជំនួស​ឱ្យ​ការ​ទិញ​ផ្ទះ ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​វិនិយោគ​ទៅ​ក្នុង​ផ្សារ​មូល​បត្រ​។

Kristy Shen ធំឡើង​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​ចិន​ មុន​ពេល​ទៅ​រស់​នៅ​ក្នុង​ប្រទេស​កាណាដា​ពេល​ដែល​មាន​អាយុ8​ឆ្នាំ​។ មាន​ពេល​ខ្លះ គ្រួ​សារ​របស់​នាង​ចំណាយ​ប្រាក់​ត្រឹម​តែ​44​សេន​ប៉ុណ្ណោះ​ក្នុង​1​ថ្ងៃ​។ នាង​ថ្លែង​ថា “មូលហេតុ​នេះ​ហើយ​ (នាង​គិត​ថា) ការ​ក្លាយ​ជា​សេដ្ឋី​គឺ​ហាក់​ជា​ក្ដី​ស្រមៃ​ដែល​មិន​អាច​ឈោង​ដល់​”។

អ្វី​ដែល​នាង​បាន​និយាយ​ខាង​លើ​នេះ​ គឺ​ពិត​ជា​មិន​ខុស​ទេ ពិសេស​គឺ​នៅ​ពេល​នាង​ជួប​ការ​បរាជ័យ​នៅ​ក្នុង​ការ​វិនិយោគ​ដំបូង​របស់​នាង​នៅ​ក្នុង​វិបត្តិ​សេដ្ឋ​កិច្ច​លើក​មុន​។ Kristy Shen រៀប​រាប់ប្រាប់​ថា “មាន​អំឡុង​មួយ​ដ៏គួរ​ឱ្យ​ខ្លាច​ ប៉ុន្តែ​ជំនួស​ឱ្យ​ការ​ភ័យ​ខ្លាច ពួកយើង​បាន​សម្រេច​ចិត្ត​រៀន​សូត្រ​គ្រប់​អ្វី​ៗ​ទាំង​អស់​ដែលអាច​នាំ​ឱ្យ​ដឹង​អំពី​ការ​វិនិយោគ​យូរ​អង្វែង​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​”។ មក​ដល់​ពេល​នេះ នៅពេ​ល​បានក្លាយ​ជា​សេដ្ឋី​ ពួក​គេ​បាន​ចូល​និវត្តន៍​ក្នុង​វ័យ​30​ឆ្នាំ​ ដើម្បី​ដើរ​លេង​ជុំវិញ​ពិភពលោក​។

សេដ្ឋី​កាណាដា​បង្ហើប​អំពី​វិធី​វិនិយោគ​ចំនួន​3 ទៅ​លើ​ផ្សារ​មូលបត្រ​ ដែល​បាន​ជួយ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​​មានក្នុង​កិច្ច​សម្ភាស​ជាមួយ​​ CNBC Make It នាង​ Kristy Shen និង​ស្វាមី Bryce Leung បាន​ចែក​រំលែក​បទ​ពិសោធន៍​ទាក់​ទិន​នឹង​ការ​យល់​ឃើញ​ចំនួន​3​ចំណុច​ដែល​ពួកគេ​និយាយ​ថា​ បាន​រកឃើញ​នៅក្នុង​វិបត្តិ​សេដ្ឋ​កិច្ច​កាល​ពី​ឆ្នាំ​2008​ ហើយ​បច្ចុប្បន្ន​នៅ​តែ​មាន​ប្រយោជន៍​ក្នុង​ការ​គ្រប់​គ្រង​បញ្ជី​វិនិយោគ​។

1.ចាត់​ទុក​ទីផ្សារ​ដាំ​ក្បាល​ចុះ​ជា​ឱកាស​​ដើម្បី​ប្រមូល​ទិញ​

ការ​ព្រួយ​បារម្ភ​អំពី​ការនិយោគ​នៅ​ពេល​កំពុង​ស្ថិត​ក្នុង​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​ COVID-19 អាច​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​រារែ ចំណែក​ ​Kristy Shen និង​ស្វាមី​បែរ​ជា​យល់​ថា ភាព​ច្របូក​ច្របល់​អាច​ធ្វើ​ឱ្យ​គេ​ភ័យ​ខ្លាច​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ សេដ្ឋី​ជា​ច្រើន​សព្វ​ថ្ងៃ​ គឺ​កើត​ចេញ​ពី​វិបត្តិ​សេដ្ឋ​កិច្ច​​កាល​ពី​ពេល​កន្លង​ទៅ​។ Kristy Shen ថ្លែង​ថា “ជា​មូលដ្ឋាន​ បើសិន​អ្នកជា​វិនិយោគិន​យូរ​អង្វែង​ ការ​ដែល​ទីផ្សារ​កំពុង​ដាំ​ក្បាល​ចុះ​គឺជា​ឱកាស​សម្រាប់​អ្នក​វិនិយោគ​ទៅ​លើ​ “ទំនិញ​តម្លៃ​ទាប” ជា​កត្តា​ដែល​នាំ​ឱ្យ​អ្នក​ក្លាយ​ជា​អ្នកមាន​នៅ​ពេល​ទីផ្សារ​ងើប​ឡើង​វិញ​”។

នោះ​គឺជា​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​កាល​ពី​វិបត្តិ​សេដ្ឋ​កិច្ច​លើក​មុន​។ ក្នុង​ដំណាក់​កាល​នោះ​ ទ្រព្យ​សុទ្ធ​ (Net Worth) របស់​ពួក​គេ​គឺស្មើ​នឹង​​ 135,000​ដុល្លារ​អាមេរិក​ ហើយ​វា​ក៏​​ជា​ទ្រព្យ​សកម្ម​។ ជំនួស​ឱ្យ​ការ​ទិញ​ផ្ទះ​ ឬ​ការ​ជួញ​ដូរ​ធំ​ផ្សេង​ទៀត​ ពួកគេ​បាន​សម្រេច​ចិត្ត​វិនិយោគ​ទៅ​លើផ្សារ​មូលបត្រ​នៅ​ពេល​ផ្សារ​ហ៊ុន​កំពុង​ដាំ​ក្បាល​ចុះ​។ ពួកគេ​ទិញ​មូលបត្រ​​ប្រភេទ​ដែល​មាន​តម្លៃ​ទាប​។ ដោយ​ប្រើ​វិធីនេះ​ ផលបត្រ​វិនិយោគ​​ (Portfolio Investment​)​ របស់​ពួកគេ​បាន​ថយ​ចុះ​ក្នុង​ដំណាល​ដំបូង​ ប៉ុន្តែ​វា​បាន​ងើប​ឡើង​វិញ​ក្រោយ​ការ​វិនិយោគ​បាន​2ឆ្នាំ ហើយ​ក៏​បាន​ចាប់​ផ្ដើម​កើន​ឡើង​ក្នុង​​អំឡុង​1​ទសវត្សរ៍​បន្ទាប់​នោះ​។

សេដ្ឋី​កាណាដា​បង្ហើប​អំពី​វិធី​វិនិយោគ​ចំនួន​3 ទៅ​លើ​ផ្សារ​មូលបត្រ​ ដែល​បាន​ជួយ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​​មានកុំព្យាយាម​ព្យាករ​អនាគត

Kristy Shen ឱ្យ​ដឹង​ថា “ពួកយើង​បានក្លាយ​ជា​សេដ្ឋី​ មិន​មែន​ដោយ​សារ​ការ​ជួញ​ដូរ (មូលបត្រ) ​ប្រចាំ​ថ្ងៃ​ (ទិញ​ និង​លក់​មូល​បត្រ​ក្នុង​ថ្ងៃ​តែ​មួយ​ ដោយ​មិន​ឱ្យ​វា​នៅ​ដល់​ថ្ងៃ​ស្អែក) ឬ​ប្រើប្រាស់​ជម្រើស​​ផ្សេង​ៗ (ដូចជា​ការ​រំពឹង​ទៅ​លើ​តែ​កំណើន​និងការ​ថយ​ចុះ​របស់​មូល​បត្រណា​មួយ​) នោះ​ទេ។

ប្ដី​ប្រពន្ធ​នេះ​យល់​ថា​ កាល​ពី​ឆ្នាំ​2008​ បើសិន​ជា​ពួកគេ​គ្រាន់​តែ​លោត​ចូល​វិនិយោគ​ទៅក្នុង​ផ្សារ​ហ៊ុន​ដោយ​មិន​មាន​ចំណេះ​ដឹង​អ្វី​សោះ​ ពួក​គេ​ប្រាកដ​ជា​គ្មាន​វិធី​ណា​ដែល​អាច​ទទួលបាន​ទ្រព្យ​សម្បត្តិ​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ​។

Kristy Shen និយាយ​ថា “យោបល់​ល្អ​បំផុត​របស់​ខ្ញុំ​៖ ចូរ​កុំ​ព្យាយាម​ព្យាករ​អនាគត​ដោយ​ការ​វិនិយោគ​ទៅ​លើ​មូល​បត្រ​​រាយ​ ដាច់​​ដោយ​ឡែក​ ឬ​វិនិយោគ​បែប​ស្មុគស្មាញ។ អ្នក​អាច​ជួប​សំណាង​ល្អបាន​​មួយ​ ឬ​ពីរ​ដង​ ប៉ុន្តែ​ក្នុង​រយៈ​ពេល​យូរ​អង្វែង​ អ្នក​អាច​នឹង​បាត់​បង់​ប្រាក់​”។

នោះ​ក៏​ជា​មូលហេតុ​ដែលកំពូល​​អ្នក​វិនិយោគ​ Warren Buffett ណែនាំ​ឱ្យ​វិនិយោគ​ទៅ​លើមូលនិធិ​សន្ទស្សន៍ ឬ​ហៅ​ថា ​index fund (index fund គឺជា​មូលនិធិវិនិយោគ​ទៅ​លើក្រុម​នៃ​​បណ្ដា​ក្រុម​ហ៊ុន​ដែល​ធ្វើ​ជំនួញ​ក្នុង​វិស័យ​ជាក់​លាក់​ណា​មួយ​ ឧទាហរណ៍​ដូច​ជា បណ្ដា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​កំពូល​ៗ​ចំួន​30​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សន្ទស្សន៍​ Dow Jones ​ជា​ដើម)​។ វា​មិន​ទាម​ទារ​ឱ្យ​យើង​មាន​ចំណេះ​ដឹង​ស៊ីជម្រៅ​ ឬ​ការ​ជ្រើស​រើស​ត្រឹម​ត្រូវ​នោះ​ឡើយ​៖ “អ្នក​គ្រាន់​តែ​ដាក់​ការ​ភ្នាល់​ទៅ​លើ​ទីផ្សារ​រួម​ ជា​កន្លែង​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​កំណើន​ទុន​រយៈ​ពេល​យូរ​”។

សេដ្ឋី​កាណាដា​បង្ហើប​អំពី​វិធី​វិនិយោគ​ចំនួន​3 ទៅ​លើ​ផ្សារ​មូលបត្រ​ ដែល​បាន​ជួយ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​​មានអនុវត្តផែន​ការ​ជា​ជំហាន​ៗ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​

Kristy Shen និយាយ​ថា “​នៅ​ពេល​ឮអំពី​ការ​វិនិយោគ​ ខ្ញុំ​គិត​ថា​វា​ជា​ការ​លេង​ល្បែងស៊ី​សង​។ បើ​សិន​ជា​អ្នក​ជ្រើស​រើ​ស​មូលបត្រ​រាយ​ ដាច់​ដោយ​ឡែក​ (មិន​មែនជា​បណ្ដុំ​នៃ​ក្រុមហ៊ុន​ក្នុង​វិស័យ​ណា​មួយ​) អ្នក​នឹង​បានចំណេញ​លុះ​ត្រា​តែ​អ្នក​ជ្រើស​រើស​ត្រូវ​”។

ប៉ុន្តែ ការ​សិក្សា​អំពី​វិធី​វិនិយោគ​ឆ្លាត​វៃ​យូរ​អង្វែង​​ដោយ​ការ​បង្កើត​ផលបត្រ​ (បញ្ជី​ប្រភេទ​នៃ​ការ​វិនិយោគ​) លក្ខណៈ​ចម្រុះ​ និង​តុល្យ​ភាព​ បើ​តាម​នាង​ វា​នឹង​មិន​ដូច​ការ​លេង​ល្បែង​ទេ​។ ការ​វិនិយោគ​តែង​តែ​ទាម​ទារ​ឱ្យ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រឈម​នឹង​ហានិភ័យ​។ ប៉ុន្តែ មាន​ប្រការ​ដែល​អ្នក​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​ច្រើន​ ដោយ​ការ​ចាប់​ផ្ដើម​ដក​ដង្ហើម​វែង​ៗ និង​គិត​អំពី “AIR” ដែលជា​ពាក្យ​កាត់​របស់​ពាក្យ​ allocation (ការ​បែង​ចែក​), indexing (បង្កើត​បញ្ជី​ប្រភេទ​មូលបត្រ/ផលបត្រ) និង​ balancing (ធ្វើ​ឱ្យ​មានតុល្យ​ភាពឡើង​វិញ​)។

-Allocation (ការ​បែង​ចែក​)៖ នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ស្វែង​យល់​អំពី​ការ​វិនិយោគ​ទៅ​លើ​ទីផ្សារ​មូលបត្រ នោះ​ការ​រួម​ផ្សំ​រវាងទ្រព្យ​សម្បត្តិ​ដែល​សម​ស្រប ជាមួយ​នឹង​លទ្ធ​ភាព​នៃ​ហានិភ័យ​របស់​អ្នក គឺជា​ចំណុច​​ផ្ដើម​ដ៏ល្អ​ដើម្បី​ចាប់​ផ្ដើម​ការ​វិនិយោគ​។ សម្រាប់​គូស្វាមី​ភរិយា​នេះ​ ពួក​គេ​វិនិយោគ​ទៅ​តាម​អត្រា​ “ភាគ​ហ៊ុន​70% និង​មូលបត្រ​បំណុល​30​%​”។

Indexing (បង្កើត​បញ្ជី​ប្រភេទ​មូលបត្រ/ផលបត្រ)៖ Kristy Shen និយាយ​ថា នឹង​មាន​អារម្មណ៍​ស្រួល​គេង​ជាង​មុន​ នៅ​ពេល​វិនិយោគ​ទៅ​លើ​ប្រភេទ​ដូច​ជា​មូលនិធិ​សន្ទស្សន៍​ (index fund)។ ពួកគេ​មិន​ជ្រើ​សរើស​មូល​បត្រ​រាយ​ ដាច់​ដោយ​ឡែក​ទេ ដោយ​សារ​តែ​មិន​អាច​ព្យាករ​អនាគតបាន​​ តែ​ជំនួស​មក​វិញ ពួកគេ​បាន​ធ្វើ​ពិពិធ​កម្ម​ទៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ដែល​ស្ថិត​នៅក្នុង​សន្ទស្សន៍​តែ​មួយ​។ ជាមួយ​នឹង​វិធីនេះ តារាង​ប្រភេទ​នៃ​ខ្ទង់​វិនិយោគ​ (indexing) របស់​ពួកគេ​ មិន​អាច​ធ្លាក់​ដល់​សូន្យ​​ដោយ​សារ​ការ​ជ្រើស​រើស​ខុស​ទៅ​លើ​មូល​បត្រ​ណា​មួយ​ឡើយ​។

Balancing (ធ្វើ​ឱ្យ​មាន​តុល្យភាពឡើង​វិញ​)៖ ត្រូវ​តែ​ធ្វើ​ឱ្យ​មាន​តុល្យភាពឡើង​វិញ​​ទៅ​តាម​ពេល​កំណត់​ណា​មួយ​ គឺ​លក់​​ប្រភេទ​មូលបត្រ​ដែល​កំពុង​ឡើង​ថ្លៃ និង​ទិញ​ប្រភេទ​មូល​បត្រ​ដែល​កំពុង​ធ្លាក់​ថ្លៃ​។ Kristy Shen ប្រាប់​ថា “ធ្វើ​បែប​នេះ​ទៅ​តាម​ពេល​វេលា​ដែល​បាន​កំណត់​​ នឹង​ជួយ​ឱ្យ​អ្នក​អាច​ធ្វើ​ការ​បែង​ចែក​ (Allocation) បាន​យ៉ាង​ល្អ​ ហើយ​អនុញ្ញាត​ឱ្យ​អ្នក​មាន​ភាព​ងាយ​ស្រួល​ក្នុងការ​សម្រេច​ចិត្ត​ទិញ​ក្នុង​តម្លៃ​ទាប​ និង​លក់​ក្នុង​តម្លៃ​ខ្ពស់​​ ដោយ​មិន​បាច់​ធ្វើ​តាម​ក្រុម​ភាគ​ច្រើន​ (នៅក្នុង​ផ្សារ​ហ៊ុន​)”៕

ប្រភព៖ CNBC

Advertisement