មហា​សេដ្ឋី​មាន​ប្រភព​ជា​អ្នក​បោស​សម្អាត​​ក្នុង​រោង​ចក្រ​៖ ពេល​នេះ​នៅ​តែ​ប្រើ​ Nokia បែបបុរាណ​ បើ​ទោះ​មាន​ទ្រព្យ​2.2​ពាន់​លាន​ដុល្លារ

បច្ចុប្បន្ន​ មហា​សេដ្ឋី Lucio Tan គឺជា​ស្ថាបនិក​និង​ជា​ប្រធាន​ក្រុម​ហ៊ុន ​LT Group ដែល​មាន​រោង​ចក្រ​បារី​ ស្រា ធនាគារ​ និង​អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​រាប់​ពាន់​លានដុល្លារ​អាមេរិក​។

Lucio Tan ដែល​ជា​ CEO របស់​ក្រុម​ហ៊ុន​ Philippines Airline និង​ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ LT គឺជា​មហា​សេដ្ឋី​ដែល​មាន​​ប្រភពពី​គ្រួសារ​​ក្រីក្រ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​​នៅ​តំបន់​​អាស៊ីអាគ្នេយ៍​។

ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ​ មហាសេដ្ឋី​ហ្វីលីពីន​ដើម​កំណើត​ចិន​រូប​នេះ បាន​ឆ្លង​កាត់​ឧបសគ្គ​រាប់​មិន​អស់ ដែល​ក្នុង​នោះ​ គេ​មិន​អាច​មិន​រៀប​រាប់​អំពី​ដំណាក់​កាល​ដែល​លោក​ធ្វើ​ជា​អ្នក​បោស​សម្អាត​​ដើម្បី​រក​ប្រាក់​មក​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​ខ្លួន​នោះ​ឡើយ។

មិន​ដូច​ទៅ​នឹង​កំពូល​មហា​សេដ្ឋី​ទាំង​10​រូប​នៅ​ហ្វីលីពីន​ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​មហា​សេដ្ឋី​ពិភពលោក​ឆ្នាំ​2020​របស់​ Forbes នោះ​ទេ លោក​ Lucio Tan បាន​ចាប់​កំណើត​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវ​ភាព​ខ្វះខាត​មួយ​នៅ​តំបន់​ Fujian​ ប្រទេស​ចិន​។ អំឡុង​ពេល​ដែល​លោក​មាន​អាយុ4​ឆ្នាំ​ គ្រួសារ​របស់​លោក​បាន​ទៅរស់​នៅក្នុង​ទីក្រុង​ Cebu ប្រទេស​ហ្វីលីពីន​។

បច្ចុប្បន្ន​ លោក​ Lucio Tan គឺជា​ស្ថាបនិក​ និង​ជា​ប្រធាន​ក្រុម​ហ៊ុន​ LT ដែល​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​រកស៊ី​ខាង​ផលិត​បារី ស្រា ធនាគារ និង​អចលន​ទ្រព្យ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​។

ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​មួយចំនួនដែល​លោក​អ្នក​ប្រហែលជា​មិន​ទាន់​បាន​ដឹង​អំពី​មហាសេដ្ឋី​ Lucio Tan អាយុ​86​ឆ្នាំ និង​មាន​ទ្រព្យ​​2.2​ពាន់​លាន​ដុល្លារ​៖

ធ្លាប់​ធ្វើ​ជា​អ្នក​បោស​សម្អាត​ដើម្បី​យក​ប្រាក់​ទៅ​រៀន​

ដោយ​សារ​តែជា​កូន​ច្បង​​​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ចំនួន​8​នាក់ លោក Lucio Tan ត្រូវ​ទទួល​បន្ទុកច្រើន​នៅក្នុង​គ្រួសារ​។ ដើម្បី​បាន​ប្រាក់ទៅ​រៀន​ផ្នែក​បច្ចេក​ទេស​គីមីសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ Far Eastern University នៅ​ទីក្រុង​ម៉ានីល និស្សិត​វ័យ​ក្មេង​ Lucio Tan បានសុំ​ការ​ងារ​​ជាអ្នក​បោស​សម្អាត​ នៅក្នុង​រោង​ចក្រ​ផលិត​បារី​។

ក្រោយ​មួយ​រយៈ​ពេល​យូរ​ នៅ​ពេល​ដែល​មាន​បទ​ពិសោធន៍​ច្រើន​គួរ​សម​នៅក្នុង​រោង​ចក្រ ដោយ​សារ​​ទទួល​បាន​ឱកាស​ចូល​ធ្វើ​ការ​ជា​កម្មករ​ផលិត​បារី​ ដែល​ក្រោយ​មក​ទៀត​បាន​ក្លាយ​ជា​អ្នក​សម្រប​សម្រួលផ្នែក​​ផលិត​​ និង​បាន​រៀន​សូត្រ​ចេះ​ដឹង​ច្រើន​គួរ​សម លោក​ Tan ក៏​បាន​សម្រេច​ចិត្ត​បើក​ក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន​មួយ​ដែល​​មាន​ឈ្មោះ​ថា Fortune Tobacco ក្នុង​ឆ្នាំ​1966​។ ក្រោយ​មក​ Fortune Tobacco ក៏​បាន​ក្លាយជា​ក្រុម​ហ៊ុន​ផលិត​បារី​ធំជាង​គេ​បង្អស់​នៅ​ប្រទេស​ហ្វីលីពីន​។

នៅ​តែ​ប្រើ​ប្រាស់​ទូរស័ព្ទ​ Nokia បុរាណ

បើ​ទោះ​ជា​មាន​ទ្រព្យ​ច្រើន​ដែល​អាច​ទិញ​ទូរស័ព្ទ​តម្លៃ​ថ្លៃ​មួយ​ណា​ក៏​បាន​ ប៉ុន្តែ សារ​ព័ត៌​មាន​ហ្វីលីពីន​បាន​សង្កេត​ឃើញ​ថា ក្នុងរយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ លោក Tan ដែល​មាន​វ័យ​86​ឆ្នាំ តែង​តែ​ប្រើ​ប្រាស់​ទូរស័ព្ទ​ Nokia បែប​បុរាណ។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​ នោះ​គឺថា លោក​មិន​មែន​ប្រើ​ទូរស័ព្ទ​ Nokia បែបបុរាណ​នេះ​តែ​1គ្រឿង​ទេ តែ​លោក​ប្រើ​ដល់​ទៅ​4​គ្រឿង​ឯណោះ ហើយ​ពិសេស​ជាង​នេះ​ទៀត​ គឺ​ទូរស័ព្ទ​ទាំង​នេះ មាន​ម៉ូដែល​ដូច​គ្នា​ទាំង​អស់​។

ក្រោក​ពី​ដំណេក​ម៉ោង​4​ទៀប​ភ្លឺ​រាល់​ថ្ងៃ​ដើម្បី​លេង​ហ្គោល

ចំណង់​ចំណូល​ចិត្ត​របស់​លោក​ Lucio Tan គឺ​មាន​ច្រើន​ រួម​មានទាំង​វប្បធម៌និង​ប្រវត្តិសាស្ត្រ​ចិន​ តន្ត្រី​បុរាណ និង​កីឡា​មួយ​ចំនួន​។ កីឡា​មួយ​ក្នុងចំណោម​កីឡា​ដែល​ធ្វើ​ឱ្យ​លោក Lucio Tan​ ត្រូវ​ក្រោក​ពី​ម៉ោង​4​ទៀប​ភ្លឺ​ នោះ​គឺ​កីឡា​វាយ​កូន​ហ្គោល​។ លោក​តែង​តែ​លេង​ហ្គោល​នៅ​ក្នុង​ក្លឹប​ Wack Wack Golf & Country Club ជាមួយ​នឹង​មិត្ត​ភក្ដិ​ចាស់​ៗ​របស់​លោក​។ បន្ទាប់​ពី​ការ​លេង​កីឡានេះ ទើប​លោក​ចាប់​ផ្ដើម​បំពេញ​ការ​ងារ​នៅ​ក្រុម​ហ៊ុន​ ហើយ​បញ្ចប់​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​លោក​នៅមុន​ម៉ោង​9​យប់​។

លោក Lucio Tan ធ្លាប់​ត្រូវ​បាន​ប្រធានាធិបតី​ Rodrigo Duterte ចោទ​ប្រកាន់​ពី​បទ​គេច​ពន្ធ

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte (ស្ដាំ​) និង​មហា​សេដ្ឋី​ Tan

សូម្បី​តែ​ក្នុង​គ្រា​ទទួលបាន​ជោគ​ជ័យ​ក្នុងការ​រកស៊ី​ លោក Tan នៅ​តែ​ជាប់​ទាក់​ទិន​នឹង​រឿង​អាស្រូវ​មួយចំនួន​។ ឆ្នាំ​2017​ ប្រធានាធិបតី​ហ្វីលីពីន​ លោក Rodrigo Duterte ធ្លាប់​បាន​ចោទ​ប្រកាន់​លោក​ Tan ថា​ នៅ​ជំពាក់​រដ្ឋាភិបាល​ចំនួន​600​លាន​ដុល្លារ​ដែល​ជា​ប្រាក់​ត្រូវ​បង់​ពន្ធ​។ បន្ទាប់ពី​លោក Tan ត្រូវ​បាន​លុប​ចោល​ការ​ចោទ​ប្រកាន់ ប្រធានាធិបតី​ Rodrigo Duterte ប្រកាស​ថា នឹង​លែង​និយាយ​ដល់​បញ្ហា​នេះ​។

បញ្ជូន​និស្សិត​​1,000​នាក់​ទៅសិក្សា​នៅ​ប្រទេស​ចិន​ជា​រៀង​រាល់​ឆ្នាំ​

ជា​មនុស្ស​ចូល​ចិត្ត​ការ​សិក្សា លោក​ Tan ពេញ​ចិត្ត​ជា​ខ្លាំង​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ផ្នែក​អប់រំ។ ជារៀង​រាល់​ឆ្នាំ​ លោក​បញ្ជូន​និស្សិត​ចំនួន​1,000​នាក់​ទៅកាន់​ប្រទេស​ចិន​ដើម្បី​សិក្សា​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​ ភាសា​ និង​វប្បធម៌​របស់​ប្រទេស​នេះ​។ មហាសេដ្ឋី​ Lucio Tan ថែម​ទាំង​ផ្ដល់​ជំនួយ​ជា​ប្រាក់​កាស​ជា​ច្រើន​ដើម្បី​សាង​សង់​សាលា​រៀន និង​បង្កើត​មូលនិធិ​មនុស្ស​ធម៌​មួយ​ដើម្បី​កែ​លម្អ​បទ​ដ្ឋាន​មួយ​ចំនួន​នៅក្នុងវិស័យ​អប់រំ​ទៀត​ផង៕

ប្រភព៖ SCMP

Advertisement