បន្ថយចាយដុល្លារតួចៗជំនួសដោយលុយរៀលវិញនឹងជួយសេដ្ឋកិច្ចបានច្រើន

ថ្មីៗនេះ​ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​វិធានការ​ក្នុងការ​ទប់ស្កាត់​ប្រាក់​ដុល្លារតូចៗលើ​ទីផ្សារ ដោយ​ក្នុងនោះ​ក៏មាន​ផ្សារ​ទំនើប​មួយចំនួន​ក៏​ចាប់ផ្តើម​នុ​វត្ត​តាម​ដោយ​អាប់​មកវិញ​ជា​លុយ​ខ្មែរ​ចំពោះ​ចំនួន​ទឹកប្រាក់ 10ដុល្លារ​អាមេរិក​ចុះក្រោម។

បណ្ឌិត ចាន់ សុផល អ្នកជំនាញ​សេដ្ឋកិច្ច​បានលើកឡើង​ថា ការ​កាត់​រឹង​បន្តឹង​លើ​ការចាយ​ប្រាក់​ដុល្លារតូចៗនឹង​នាំឱ្យ​កម្ពុជា​ចំណេញ​បាន​ពី​ការបោះពុម្ព​ក្រដាសប្រាក់​ថ្មី យកមក​ជំនួស​ពួកវា។ ជា​ទៅ​ទូ​ប្រទេស​ណា​បោះពុម្ព​រូបិយប័ណ្ណ​បាន​ប្រទេស​នោះ​ចំណេញ​ច្រើន។ ឧទាហរណ៍​ប្រទេស​អាមេរិក​ចំណាយ​តែ 2សេន​ប៉ុណ្ណោះ​សម្រាប់​ការបោះពុម្ព​ក្រដាសប្រាក់100ដុល្លារ។

លោក​បណ្ឌិត ចាន់ សុផល បាន​បញ្ជាក់ថា៖ «បើតាម​ខ្ញុំ​យល់ គេ​អាចឱ្យ​អ្នកមាន​ក្រដាសប្រាក់​ទាំងនេះ​ដូរ​តាម​កន្លែង​ប្តូរប្រាក់​យកប្រាក់​រៀល ហើយ​ឱ្យ​ចំណេញ10% ថែមទៀត​ដើម្បី​ប្រមូល​ឆាប់​អស់ពី​ទីផ្សារ»។

លោក​បានបង្ហាញ​ផងដែរ​ថា ការបោះពុម្ព​ក្រដាស​ប្រាក់រៀល​ជំនួស​ពួកវា (ក្រដាសប្រាក់​ដុល្លារ​រាយ) ទំនងជា​ចំណេញ​ច្រើនជាង 10% ឆ្ងាយ​ណាស់។  គេ​អាចអនុវត្ត​កម្មវិធី​នេះ​រយៈពេល​ពីរ  ឬ​បី​ខែ ដោយ​មិន​អនុញ្ញាតឱ្យ​មានការ​នាំចូល​ក្រដាសប្រាក់​តម្លៃទាបៗនេះ​តទៅទៀត​ពី​បរទេស។ បន្ទាប់​ពីនេះ  គេ​អាច​ដូរ​បាន​តាម​កន្លែង​ប្តូរប្រាក់ និង​តាម​ធនាគារជាតិ​ជា​ចុងក្រោយ ដោយ​កាត់​តម្លៃ 10% ទៅវិញ៕

Advertisement