ប្រាក់​ចំណូល​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​លំដាប់​កំពូល​ចំនួន​3 កើន​ឡើង​ខ្ពស់​ជាង​គេ​ក្នុង​ត្រី​មាស​ទី​2​នេះ

ប្រាក់​ចំណូល​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​លំដាប់​កំពូល​ចំនួន​3 កើន​ឡើង​ខ្ពស់​ជាង​គេ​ក្នុង​ត្រី​មាស​ទី​2​នេះ

ក្រុម​បច្ចេក​វិទ្យា​ Amazon, Apple និង Facebook បាន​ចេញ​របាយការណ៍​​សម្រាប់​ត្រីមាស​ទី​2​ ជាមួយ​នឹង​លទ្ធ​ផល​គួរ​ជា​ទី​គាប់​ចិត្ត​ ដោយ​សារ​តែ​តម្រូវ​ការ​ប្រើ​ប្រាស់​សេវាកម្ម​បាន​កើន​ឡើង​ខ្ពស់​នៅក្នុង​សម័យ​COVID-19។

ក្រុម​ហ៊ុន​ Amazon កាលពី​ម្សិល​មិញ​ (30​កក្កដា) បាន​ប្រកាស​ថា​ រក​បាន​ចំណូល​88.9​ពាន់​លាន​ដុល្លារ​អាមេរិក​ កើត​40​% បើធៀប​ជាមួយ​នឹង​ដំណាក់កាល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ និង​ខ្ពស់​ជាង​ឆ្ងាយ​ ​បើ​ធៀប​ជាមួយ​នឹង​ការ​ព្យាករ​ (81.6​ពាន់​លាន​ដុល្លារ​) របស់​ក្រុម​អ្នកវិភាគ​។​ ប្រាក់​ចំណេញ​ក៏​បាន​កើន​ឡើង​ទ្វេដង​ (5.2​ពាន់​លាន​ដុល្លារ​) បើ​ទោះជា​ក្រុម​ហ៊ុន​នេះ​បាន​ចំណាយ​ជាង​4​ពាន់​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​COVID-19 កាល​ពី​ត្រី​មាស​កន្លង​ទៅ​។ មូលបត្រ​ Amazon បាន​កើន​4% ក្នុង​ការ​ជួញ​ដូរ​ក្រៅ​ម៉ោង​ បន្ទាប់​ពី​របាយ​ការណ៍​ខាងលើ​ត្រូវ​បាន​ប្រកាស​។

ក្រុម​ហ៊ុន​ Apple ក៏​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ស្ដី​អំពី​ក្រុម​ហ៊ុន​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​វិបត្តិ​សុខ​ភាព​នេះ​ដែរ​។ អតិថិ​ជន​ចាស់​ និង​ថ្មី​ជា​ច្រើន​ បាន​ងាក​មក​ប្រើ​ប្រាស់​សេវាកម្ម​អនឡាញ​របស់​ក្រុម​ហ៊ុន​នេះ​ក្នុង​គ្រា​ដែល​ពួកគេ​ត្រូវ​បាន​បង្ខាំង​ខ្លួន​ ឬ​រឹត​ត្បិត​លើ​ការ​ដើរ​ហារ​ ដែល​ប្រការ​នេះ​បាន​ជួយ​ឱ្យ Apple រក​បាន​ចំណូល​ឡើងដល់​59.7​ពាន់​លាន​ដុល្លារ​អាមេរិក​​នៅក្នុង​ត្រីមាស​ទី​2​នេះ​។ តួលេខ​នេះ​បាន​កើន​11​%​បើ​ធៀប​នឹង​ដំណាក់កាល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​។ ប្រាក់​ចំណេញ​សុទ្ធ​របស់​ Apple ក៏បាន​កើន​ដល់​11.2​ពាន់​លាន​ដុល្លារ​។

ទីផ្សារ​ពិភពលោក​បាន​រួម​ចំណែក​ដល់​ទៅ​60​%​ នៅក្នុង​ចំណូល​សរុប​របស់​ក្រុម​ហ៊ុន​នេះ​កាលពី​ត្រី​មាស​មុន​។ សេវាកម្ម​ App Store, Apple Music, Video និង ​iCloud សុទ្ធ​តែ​រក​បាន​ចំណូល​ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់​។

ចំណែក​ក្រុម​ហ៊ុន​ Facebook វិញ ក៏ទទួលបាន​អ្នក​ប្រើ​ប្រាស់​ច្រើន​ផងដែរ​។ រហូត​ដល់​ដំណាច់​​ត្រី​មាស​ទី​2​នេះ តួលេខ​អ្នកប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​របស់​ Facebook បាន​ឡើង​ដល់​2.7​ពាន់​លាន​នាក់​ កើន​12​% បើ​ធៀប​នឹង​ដំណាក់​កាល​ដូចគ្នា​កាល​ពី​ឆ្នាំ​2019។ បើ​សិនជា​បូក​រួម​ទាំង​ Instagram និង​ WhatsApp ក្រុម​ហ៊ុន​នេះ​មាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំ​ខែ​ឡើង​ដល់​3​ពាន់​លាន​នាក់ឯណោះ​​។

ប្រាក់​ចំណូល​របស់​ Facebook ក៏បាន​កើន​11​% ហើយ​បើ​​គិត​ជា​ប្រាក់​គឺ​ស្មើ​នឹង​18.7​ពាន់​លាន​ដុល្លារ​ កាល​ពី​ត្រីមាស​មុន​។

របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​ទាំង​3​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រកាស​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​នឹង​ GDP សហរដ្ឋ​អាមេរិក​។ GDP សហរដ្ឋ​អាមេរិក​ បាន​ថយចុះ​32.9​% ដោយ​សារ​តែ​ COVID-19៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement