ទ្រព្យ​របស់​ម្ចាស់​ Facebook កើន​ឡើង​ដល់​100​ពាន់​លាន​ដុល្លារ​អាមេរិក​

ទ្រព្យ​របស់​ម្ចាស់​ Facebook កើន​ឡើង​ដល់​100​ពាន់​លាន​ដុល្លារ​អាមេរិក​

Mark Zuckerberg បច្ចុប្បន្ន​គឺជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​ បន្ទាប់​ពី​ម្ចាស់​ Amazon គឺ​លោក Jeff Bezos និង​សហស្ថាបនិក​របស់​ Microsoft លោក​ Bill Gates។

យោង​តាម​ Bloomberg Billionaires Index មហាសេដ្ឋី​វ័យ​36​ឆ្នាំ​ Mark Zuckerberg មាន​ទ្រព្យ​ចំនួន​100​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​គឺជា​មនុស្ស​ទី3​ បន្ទាប់​ពី​លោក​ Jeff Bezos (ម្ចាស់​ Amazon) និង​លោក​ Bill Gates (សហស្ថាបនិក​របស់​ Microsoft) ដែល​មាន​ទ្រព្យ​រយពាន់​លាន​ដុល្លារ​អាមេរិក​។ ទ្រព្យ​សម្បត្តិ​​របស់​លោក​ Zuckerberg ភាគ​ច្រើន​បាន​មក​ពី​ភាគ​ហ៊ុន​ចំនួន​13​%​ របស់​លោក​ នៅក្នុង​ក្រុម​ហ៊ុន​ Facebook។

មូលបត្រ​ Facebook កាលពី​ម្សិល​មិញ​បាន​កើន​6.5​%​ ដែល​នេះ​គឹជា​កំណត់​ត្រា​ថ្មី​ និង​កើត​ឡើង​ដោយ​សារ​ក្រុម​អ្នក​វិនិយោគ​ជឿ​ជាក់​ទៅ​លើ​ការ​ដែល​ក្រុម​ហ៊ុន​នេះ​ឧទ្ទេសនាម​ Reals ដែល​ជា​គូប្រជែង​របស់​បណ្ដាញ​សង្គម​វីដេអូខ្លី​ TikTok របស់​ចិន​។ កត្តា​នេះបាន​ជួយ​ឱ្យ​លោក​ Zuckerberg រក​បាន​ទ្រព្យបន្ថែម​ចំនួន​5.9​ពាន់​លាន​ដុល្លារ​​ដោយ​ប្រើ​ពេល​ត្រឹម​តែ​​​​មួយ​រាត្រីប៉ុណ្ណោះ​​។

ចំណែក​អ្នក​ដែល​មាន​ជាង​គេ​បង្អស់​ក្នុង​ពិភព​លោក​ នៅ​តែជា​ Jeff Bezos ដោយ​មាន​ទ្រព្យ​សរុប​190​​ពាន់​លាន​ដុល្លារ។ ចំណែក​អ្នក​មាន​ជាង​គេ​លំដាប់​ទី2​ក្នុង​ពិភពលោក​​ គឺ​លោក​ Bill Gates ដោយ​មាន​ទ្រព្យ​សរុប​120​ពាន់​លាន​ដុល្លារ​អាមេរិក​។

ទីស្នាក់ការកណ្តាលរបស់​ Facebook នៅ​ទីក្រុង​ Menlo Park ក្នុង​រដ្ឋ​ California សហរដ្ឋ​អាមេរិក

មហាសេដ្ឋី​បច្ចេក​វិទ្យា​របស់​សហរដ្ឋ​អាមេរិក ថ្មី​ៗ​នេះ រក​បាន​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​ ​និង​យ៉ាង​ឆាប់​រហ័ស​បំផុត​ បើ​ទោះ​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​កំពុង​ធ្លាក់​ទៅក្នុង​វិបត្តិ​ដោយ​សារ​COVID-19យ៉ាង​ណា​ក៏​ដោយ​។ ទ្រព្យ​របស់​ Zuckerberg បាន​កើត​22​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំ​នេះ​ ខណៈ​ដែល​ Bezos រក​បាន​75​ពាន់​លានដុល្លារ​​ រាប់​ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​។

ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំ​ៗបំផុត​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​5 ដែល​រួម​មាន Apple, Amazon, Alphabet, Facebook និង Microsoft ​បច្ចុប្បន្ន​មាន​ទុន​​ប្រហាក់​ប្រហែល​នឹង​30​% នៃ​ GDP សរុប​របស់​ប្រទេស​នេះ​៕

ប្រភព៖ Bloomberg

Advertisement