មហាសេដ្ឋី​ឥណ្ឌា ក្លាយ​ជា​អ្នកមាន​ជាង​គេ​លំដាប់​ទី​4​ក្នុង​ពិភពលោក​

មហាសេដ្ឋី​ឥណ្ឌា ក្លាយ​ជា​អ្នកមាន​ជាង​គេ​លំដាប់​ទី​4​ក្នុង​ពិភពលោក​
​ប្រធាន​ក្រុម​ហ៊ុន​ឥណ្ឌា Reliance Industries លោក Mukesh Ambani រក​បាន​ទ្រព្យ​​​22​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​2020

អ្នក​មាន​ជាង​គេ​បង្អស់​នៅទ្វីប​​អាស៊ី លោក Mukesh Ambani បាន​យក​ឈ្នះ​លើ​ម្ចាស់​ក្រុមហ៊ុន​ LVMH នៅក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហាសេដ្ឋី​ពិភពលោក​របស់​ Bloomberg ដោយ​មាន​ទ្រព្យ​សរុប​ឡើង​ដល់​80.6​ពាន់​លាន​ដុល្លារ​អាមេរិក​។

Bloomberg Billionaires Index ដែលជា​ផ្នែក​មួយ​នៃ​សារ​ព័ត៌មាន​ Bloomberg បាន​ចេញ​ផ្សាយ​ថា ​ប្រធាន​ក្រុម​ហ៊ុន​ឥណ្ឌា Reliance Industries លោក Mukesh Ambani រក​បាន​ទ្រព្យ​​​22​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​2020​ ដែល​នេះ​បាន​ជួយ​ឱ្យ​ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក​កើន​ឡើង​ដល់​80.6​ពាន់​លាន​ដុល្លារ​។ បច្ចុប្បន្ន លោក​ Mukesh Ambani មាន​ទ្រព្យ​ច្រើន​ជាង​មហាសេដ្ឋី Bernard Arnault ដែល​ជា​ម្ចាស់​នៃ​ក្រុម​ហ៊ុន​ LVMH ទៅ​ទៀត​។ លោក​ Arnault មាន​ទ្រព្យ​ចំនួន​80.2​ពាន់​លាន​ដុល្លារ​អាមេរិក​។

ក្រោយ​ពី​បាន​បញ្ចប់​ការ​ជួញ​ដូរ​កាល​ពី​ចុង​សប្ដាហ៍ ទ្រព្យ​របស់​លោក ​Mukesh Ambani​ បាន​កើន​ថែម​300​លាន​ដុល្លារ​ ខណៈ​ដែល​លោក​ Arnault បាន​បាត់​បង់​ជាង​1.2​ពាន់​លាន​ដុល្លារ​។ មូលបត្រ​នៃ​​ក្រុម​ហ៊ុន​ LVMH របស់​លោក​ Arnault នៅ​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​បាន​ធ្លាក់​ចុះ​ច្រើន​ ដោយ​សារ​អតិថិ​ជន​របស់​ក្រុម​ហ៊ុន​នេះ​កាត់​បន្ថយ​ការ​ទិញ​ដូរ​ផលិត​ផល​ដែល​មាន​តម្លៃ​ថ្លៃ​នៅក្នុង​រដូវ​COVID-19​។

តំណែង​អ្នក​មាន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​នា​បច្ចុប្បន្ន នៅ​តែត្រូវ​បាន​កាន់​កាប់​ដោយ​​​ម្ចាស់​ក្រុម​ហ៊ុន​ Amazon គឺ​លោក​ Jeff Bezos ដោយ​មាន​ទ្រព្យ​សរុប​187​ពាន់​លាន​ដុល្លារ​អាមេរិក​។ ឈរ​លំដាប់​ទី​2 គឺ​លោក Bill Gates (121​ពាន់​លាន​ដុល្លារ​ និង​ទី​3​គឺ​លោក​ Mark Zuckerberg (102​ពាន់​លាន​ដុល្លារ​)។

លោក​ Arnault មាន​ទ្រព្យ​ចំនួន​80.2​ពាន់​លាន​ដុល្លារ​អាមេរិក

នៅ​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ ទ្រព្យ​សម្បត្តិ​របស់​លោក ​Mukesh Ambani​ បាន​លោត​រំលង​មហា​សេដ្ឋី​កំពូល​ៗ​ជា​ច្រើន​រូប​​នៅ​ទូទាំង​​ពិភពលោក​ តាំង​ពី​លោក​ Elon Musk ដែលជា​ CEO របស់​ Tesla និង​សហស្ថាបនិក2​រូប​​របស់​ Google គឺ​លោក​ Larry Page និង​លោក Sergey Brin រហូត​ដល់​មហា​សេដ្ឋី​ Warren Buffett។

បើ​ទោះ​ជា​ត្រូវ​ទទួល​រង​ឥទ្ធិពល​យ៉ាង​ធ្ងន់​ធ្ងរ​ពីការ​ធ្លាក់​ចុះ​នៃ​​តម្រូវ​ការ​ប្រេង​កាត់​​នៅក្នុង​រដូវ​COVID-19នេះ​ក្ដី ប៉ុន្តែ​មូលបត្រ​នៃក្រុម​ហ៊ុន​របស់​លោក ​Mukesh Ambani​ នៅ​តែ​កើន​ឡើង​ខ្ពស់​ជាង​មុន​ទ្វេដង​រាប់ចាប់​ពី​ខែ​មីនា​។ មូលហេតុ​គឺ​ដោយ​សារ​ផ្នែក​សេវាកម្ម​ឌីជីថល​របស់​ក្រុម​ហ៊ុន​នេះ​ ទទួល​បាន​ខ្ទង់​វិនិយោគ​ធំ​ៗ​ជា​បន្ត​បន្ទាប់​ពី​ក្រុម​ហ៊ុន​វិនិយោគ​ផ្សេង​ៗ ក្នុង​នោះ​មាន​ Facebook និង Google ផងដែរ​៕

ប្រភព​៖ Bloomberg

Advertisement