អង់គ្លេសចេញថ្លៃអាហារចំនួន50% សម្រាប់ពលរដ្ឋដែលទៅបរិភោគនៅភោជនីយដ្ឋាន

អង់គ្លេសចេញថ្លៃអាហារចំនួន50% សម្រាប់ពលរដ្ឋដែលទៅបរិភោគនៅភោជនីយដ្ឋាន
អង់គ្លេសចេញថ្លៃអាហារចំនួន50% សម្រាប់ពលរដ្ឋដែលទៅបរិភោគនៅភោជនីយដ្ឋាន

រាជរដ្ឋាភិបាលអង់គ្លេសកំពុងតែជួបការលំបាកខ្លាំងក្នុងការលើកទឹកចិត្តឱ្យពលរដ្ឋរបស់ខ្លួនត្រលប់ចូលទីក្រុង ឬ​ចូល​ទទួល​ទាន​អាហារ​ ភេសជ្ជៈ ដើម្បីឱ្យ​មាន​ការ​ចាយវាយ ក្នុងបំណងជំរុញកំណើនសេដ្ឋកិច្ច ខណៈប្រជាជននៅតែខ្លាចរអាចំពោះ COVID-19។

ថ្មីៗនេះ អាជ្ញាធរទីក្រុងឡុងដ៍បានធ្វើយុទ្ធនាការមួយដែលមានឈ្មោះថា “Eat out to help out” (EOHO) ដែលក្នុងនោះ រដ្ឋនឹងទូទាត់វិក្កយបត្រក្នុងអត្រា50% ជំនួសពលរដ្ឋទាំងឡាយណាដែលបានទៅញ៉ាំអាហារ ឬភេសជ្ជៈ​នៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ ឬហាងស្រា នៅក្នុងខែសីហា2020នេះ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច។ ការ​ទទួលទានអាហារ ឬភេសជ្ជៈមួយពេល នៅក្នុងហាងទាំងនោះ ត្រូវបានកំណត់មិនឱ្យលើសពី10ផោន ដែលប្រហាក់ប្រហែលនឹង​13ដុល្លារសម្រាប់​ពលរដ្ឋ​ម្នាក់ និងការ​ទូទាត់​ជំនួស​នេះ​ត្រូវបានអនុវត្តតែក្នុងថ្ងៃចន្ទ អង្គារ និងថ្ងៃពុធតែប៉ុណ្ណោះ។

David Williams ដែលជាម្ចាស់បណ្ដាញភោជនីយដ្ឋាន Baltic Market បានប្រាប់ថា៖ “កាលពីថ្ងៃ​ពុធកន្លងទៅ វា​​ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។ ភ្ញៀវដែលមកតម្រង់ជួររង់ចាំ មានចំនួនច្រើនជាងភ្ញៀវដែលកំពុងទទួលទានអាហារទៅទៀត”។

ត្រឹមតែរយៈពេល3សប្ដាហ៍ដំបូងនៃការធ្វើយុទ្ធនាការ EOHO រដ្ឋបានទូទាត់វិក្កយបត្រជាង64លានលើកជូនពលរដ្ឋរបស់​ខ្លួន​ ដែលនេះប្រហាក់ប្រហែលទៅនឹងចំនួនប្រជាជនសរុប (67លាននាក់) របស់ប្រទេសនេះ។ វិក្កយបត្រទាំងនេះ បាននាំឱ្យរដ្ឋត្រូវចំណាយប្រាក់ដល់ទៅ336លានផោន ស្មើនឹង441លានដុល្លារអាមេរិក។

អង់គ្លេសចេញថ្លៃអាហារចំនួន50% សម្រាប់ពលរដ្ឋដែលទៅបរិភោគនៅភោជនីយដ្ឋាន
យុទ្ធ​នាការ​នេះ​ មាន​ឈ្មោះ​ថា “ហូប​ដើម្បី​ជួយ” (Eat Out To Help Out)

យុទ្ធនាការខាងលើនេះ ត្រូវបានប្រកាសដាក់ឱ្យដំណើរការដោយរដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Rishi Runak កាលពី​ខែកក្កដា2020 ដែលកាលណោះ លោកមានប្រសាសន៍ថា នេះគឺជាលើកដំបូងហើយដែលរាជរដ្ឋាភិបាលបានអនុវត្តយុទ្ធនាការបែបនេះក្នុងបំណងជួយដល់កម្លាំង​ពលកម្ម​ប្រមាណជា1.8លាននាក់ដែលកំពុងធ្វើការនៅក្នុងវិស័យអាហារ និងទេសចរណ៍។ ក្នុងអំឡុងចាប់ពី​ខែមេសាដល់ខែសីហា2020 វិស័យនេះនៅអង់គ្លេសបានធ្លាក់​ចុះ​87% បើធៀបនឹងអំឡុងពេលមុនខែមេសា2020 ដោយសារតែ COVID-19។

ទីភ្នាក់ងារផ្ដល់ប្រឹក្សាយោបល់ CGA បានចេញរបាយការណ៍មួយបង្ហាញ​ថា ក្នុងថ្ងៃដំបូង (3សីហា2020) នៃការអនុវត្តយុទ្ធនាការ EOHO ប្រាក់ចំណូលរបស់ភោជនីយដ្ឋាននានានៅអង់គ្លេស បានកើនឡើងដល់100% បើធៀបនឹង1សប្ដាហ៍មុននោះ។

បើទោះជាទទួលបានលទ្ធផលគាប់ប្រសើរយ៉ាងនេះក្ដី ក៏នៅមានការព្រួយបារម្ភច្រើននៅឡើយ ដោយមតិខ្លះថា យុទ្ធនាការនេះមានប្រសិទ្ធភាពក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ពេលរដូវត្រជាក់ចូលមកដល់ ពលរដ្ឋភាគច្រើនប្រាកដជាមិនអាចអង្គុយទទួលទានអាហារនៅខាងក្រៅភោជនីយដ្ឋានដូចពេលនេះឡើយ។

ជាងនេះទៀត កញ្ចប់ជំនួយនៅក្នុងរដូវ COVID-19 របស់រាជរដ្ឋាភិបាលអង់គ្លេសសម្រាប់អ្នកបាត់បង់ការងារក៏ជិតនឹងត្រូវបានបញ្ចប់នៅក្នុងខែតុលា2020 ហើយមកដល់ពេលនេះមិនទាន់មានកម្មវិធីជំនួយណាមួយចូលមកជំនួសនៅឡើយ។

អង់គ្លេសចេញថ្លៃអាហារចំនួន50% សម្រាប់ពលរដ្ឋដែលទៅបរិភោគនៅភោជនីយដ្ឋានទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសទទួលរងការខាតបង់ធ្ងន់ធ្ងរជាងគេបង្អស់នៅទ្វីបអឺរ៉ុបនៅក្នុងត្រីមាសទី2 ឆ្នាំ2020នេះ។ មូលហេតុគឺបណ្ដាលមកពីការបណ្ដែតបណ្ដោយរបស់រាជរដ្ឋាភិបាល ធ្វើឱ្យស្ថានភាព COVID-19 កាន់តែស្មុគស្មាញ នាំឱ្យរយៈពេលនៃការធ្វើគម្លាតសង្គមត្រូវអូសបន្លាយយូរ ខណៈដែលសេដ្ឋកិច្ចប្រទេសនេះ ពឹងផ្អែកច្រើនទៅលើការចាយវាយរបស់ពលរដ្ឋ។

ដើម្បីដោះស្រាយបញ្ហាខាងលើ អាជ្ញាធរក្រុងឡុងដ៍ ត្រូវធ្វើការលើកទឹកចិត្តពលរដ្ឋឱ្យត្រលប់ចូលភោជនីយដ្ឋាន ឬហាងលក់អាហារ និងភេសជ្ជៈជាដើម ដើម្បីចាយវាយ។ រាជរដ្ឋាភិបាលអង់គ្លេស ថែមទាំងបាន​ត្រៀមកញ្ចប់​ថវិកា​រហូតដល់500លានផោន (660លាន​ដុល្លារអាមេរិក) សម្រាប់កម្មវិធី EOHO ទៀតផង។ មុននោះ អង់គ្លេសបានសម្រេចប្រ​ប្រាស់​ខ្ទង់​ប្រាក់190ពាន់លានផោន (251ពាន់លាន​ដុល្លារអាមេរិក) សម្រាប់ចំណាយនានាក្នុងបំណងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្រោយការវាយលុករបស់ COVID-19៕

ប្រភព៖ សារព័ត៌មាន​បរទេស

Advertisement