ថៅកែក្រុមហ៊ុនថ្មី ចិត្ត​ល្អ​ ចែក​ប្រាក់​233​លានដុល្លារទៅឱ្យបុគ្គលិកជើងចាស់ទាំង50នាក់

ថៅកែក្រុមហ៊ុនថ្មី ចិត្ត​ល្អ​ ចែកប្រាក់233លានដុល្លារទៅឱ្យបុគ្គលិកជើងចាស់ទាំង50នាក់
Trevor Milton ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Nikola Corp.,

Trevor Milton ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Nikola Corp., បានយកមូលបត្ររបស់ខ្លួនដែលមានតម្លៃ233លានដុល្លារអាមេរិក ទៅ​ចែកជូនបុគ្គលិកជើងចាស់ដំបូងៗចំនួន50នាក់របស់​ខ្លួន​ដើម្បីជាការលើកទឹកចិត្ត។

“កាលពីទើបតែបង្កើតក្រុមហ៊ុននេះ ខ្ញុំបានស្វែងរកមនុស្សពូកែៗបំផុតក្នុងពិភពលោក ហើយនោះគឺជាហានិភ័យធំ។ លទ្ធភាពជោគជ័យរបស់យើងកាល​ណោះគឺមានត្រឹមតែលេខ0ប៉ុណ្ណោះ ក៏ប៉ុន្តែ សំណាងល្អណាស់ ខ្ញុំរកបានក្រុមសហការីដ៏ឆ្នើម និងអស្ចារ្យតាំងពីថ្ងៃដំបូង” លោក Trevor Milton ថ្លែងអំពីការសម្រេចចិត្តចែករំលែកមូលបត្ររបស់ខ្លួនដែលមានតម្លៃជិត1/4ពាន់លានដុល្លារទៅឱ្យសហការីទាំងឡាយដែលបានប្រឹងប្រែងតស៊ូជាមួយលោក។

ទឹកប្រាក់233លានដុល្លារនេះ គឺស្មើនឹងមូលបត្រចំនួន6លានហ៊ុន។ ទាំងនេះត្រូវបានផ្ទេរនៅក្នុងករិយាល័យកណ្ដាលរបស់ក្រុមហ៊ុននេះ​នៅ Phoenix។ មូលបត្ររបស់ Nikola បានកើនឡើងខ្ពស់ ចាប់តាំងពីបានធ្វើ IPO (ការបោះផ្សាយលក់មូលបត្រ) នៅផ្សារហ៊ុន Nasdaq ក្រោយពីមានការច្របាច់បញ្ជូលគ្នាជាមួយនឹងក្រុមហ៊ុនមួយផ្សេងទៀតកាលពីដើមខែមិថុនា។ ជោគជ័យនេះ មួយផ្នែកក៏ដោយសារមានការពេញនិយមខ្លាំងចំពោះរថយន្តប្រើថាមពលអគ្គិសនី។ ការប្រាថ្នារបស់ក្រុមអ្នកវិនិយោគចំពោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី គឺជាមូលហេតុដែលនាំឱ្យតម្លៃមូលបត្ររបស់ Nikola កើនឡើងខ្ពស់ បើទោះមិនទាន់ផលិលបានរថយន្តមួយគ្រឿងណាក៏ដោយ។ Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក Elon Musk គឺជាឧទាហរណ៍លេចធ្លោដែល​នាំ​ឱ្យ​ Nikola ទទួល​បាន​ចំណាប់​អារម្មណ៍​។

ក្រុម​ហ៊ុន​ Nikola Corp របស់​លោក​ Trevor Milton ផលិត​រថយន្ត​ដឹក​ទំនិញ​ប្រើ​ថាម​ពល​អគ្គិសនី
ក្រុម​ហ៊ុន​ Nikola Corp របស់​លោក​ Trevor Milton ផលិត​រថយន្ត​ដឹក​ទំនិញ​ប្រើ​ថាម​ពល​អគ្គិសនី

Milton ហាក់​បាន​យក​គំរូ​តាម​ Elon Musk នៅ​ពេល​គាត់​​ប្រើប្រាស់បណ្ដាញសង្គមដើម្បីឃោសនាអំពីក្រុមហ៊ុនរបស់ខ្លួន​ ដែល​នេះ​​ជាប្រការដែល Elon Musk ធ្លាប់ធ្វើបានយ៉ាងល្អនា​ពេល​កន្លង​មក។ យោងតាម Bloomberg នៅក្នុងវ័យ 37ឆ្នាំ លោក​ Milton បច្ចុប្បន្នមានទ្រព្យសរុប4.6ពាន់លានដុល្លារអាមេរិក ដែលនេះ​បាន​ជួយ​ឱ្យ​លោក​មាន​ឈ្មោះ​នៅ​ក្នុង​​ក្រុម​មនុស្សទាំង500នាក់ដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក៕

ប្រភព៖ Bloomberg

Advertisement