Warrent Buffett ជាមួយនឹងខ្ទង់ចំណាយ 300,000 USD ដើម្បីកាត់សក់! គំនិតដែលគួរយកជាគំរូ

Warrent Buffett ជាមួយនឹងខ្ទង់ចំណាយ 300,000 USD ដើម្បីកាត់សក់! គំនិតដែលគួរយកជាគំរូ
Warrent Buffett ជាមួយនឹងខ្ទង់ចំណាយ 300,000 USD ដើម្បីកាត់សក់! គំនិតដែលគួរយកជាគំរូ

សម្រាប់លោក Warren Buffett “ថ្ងៃនេះចំណាយតែប៉ុន្មានដុល្លារ អនាគតនឹងត្រូវបាត់បង់រាប់ពាន់ដុល្លារមិនខាន។

ប្រធានក្រុមហ៊ុន Berkshire Hathaway Inc លោក Warren Buffett គឺជាវិនិយោគិនម្នាក់ក្នុងចំណោមអ្នកវិនិយោគដែលទទួលបានជោគជ័យបំផុតនៅគ្រប់សម័យកាល ជាមួយនឹងទ្រព្យសម្បត្តិឡើងដល់82ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ ទ្រព្យសម្បត្តិជិត90% របស់លោក សុទ្ធតែរកបាននៅពេលដែលលោកមានវ័យ65ឆ្នាំ។ ភាពពូកែវិនិយោគគឺជារឿងសំខាន់ ប៉ុន្តែការវិនិយោគប្រកបដោយភាពត្រឹមត្រូវក្នុងរយៈពេលវែង គឺរឹតតែសំខាន់ទៅទៀត។

លោក Buffett ថ្លែងថា៖ “ជាយូរណាស់មកហើយ ខ្ញុំតែងតែណែនាំឱ្យអ្នកដទៃប្រើប្រាស់វិធីមួយដែលខ្ញុំឱ្យឈ្មោះថា “បច្ចេកទេស Methuselah”។ នេះគឺជាតម្លៃមួយដែលបូកផ្សំដោយខ្ទង់ចំណូលយូរអង្វែង ទាក់ទាញ និងស្ថិរភាព។

តាំងតែពីកុមារ Buffett យល់ថា ភាពមានបានមិនមែនអាស្រ័យទៅលើប្រាក់ដែលអ្នករកបានតែមួយមុខនោះឡើយ ប៉ុន្តែវាក៏ត្រូវអាស្រ័យទៅលើពេលវេលាដែលអ្នករកបាននៅក្នុងប្រាក់ចំណូលទាំងនោះផងដែរ។

កាលពីអាយុទើបតែ10ឆ្នាំ លោក Buffett បានអានសៀវភៅមួយក្បាលដែលនិយាយអំពីការរកប្រាក់បាន1,000ដុល្លារ ហើយលោកក៏បានយល់អំពីសារសំខាន់នៃពេលវេលា។ ក្នុងរយៈពេល5ឆ្នាំ ប្រាក់1,000ដុល្លារដែលមានការប្រាក់10% នឹងកើនដល់1,600ដុល្លារ ហើយបើ10ឆ្នាំនឹងក្លាយជា2,600ដុល្លារ ចំណែក25ឆ្នាំនឹងឡើងដល់10,800ដុល្លារ តែបើ50ឆ្នាំវិញ 1,000ដុល្លារនេះនឹងកើនឡើងដល់ជិត117,400ដុល្លារ។

Alice Schroeder ជាម្ចាស់សៀវភៅ “The Snowball” ដែលសរសេរអំពីលោក Buffett បានឱ្យដឹងថា លោកអាចស្រមៃឃើញថា តួលេខចេះតែកើនឡើងយ៉ាងរស់រវើក ដូចទៅនឹងព្រិលដ៏តូចមួយគ្រាប់ដែលរមៀលឆ្លងកាត់វាលស្មៅ ហើយធំឡើងបន្តិចម្ដងៗទៅតាមពេលវេលា រួចក៏ក្លាយជាដុំព្រិលដ៏ធំ។

ជាការពិត ប្រការនេះមិនងាយស្រួលសម្រាប់មនុស្សធម្មតានោះឡើយ។ គ្រប់គ្នាមាននិន្នាការវាយតម្លៃទាបហួសទៅលើសារសំខាន់នៃកំណើនរួមផ្សំ ហើយវានឹងអាក្រក់ជាងនេះនៅពេលដែលវេលាកាន់តែអូសបន្លាយ ជាមួយនឹងអត្រាការប្រាក់ខ្ពស់ជាងធម្មតា។

មុខរបរដែលអូសបន្លាយពេលដ៏វែងរបស់លោក Buffett ក៏បាននាំមកនូវបទពិសោធន៍មួយទៀត នោះគឺ “ការបត់បែន”។ កាន់តែមានវ័យច្រើន លោក Buffett កាន់តែកាត់បន្ថយការវិនិយោគទៅតាមរបៀបដែលគាត់ធ្លាប់បានធ្វើកន្លងមក។

Warrent Buffett ជាមួយនឹងខ្ទង់ចំណាយ 300,000 USD ដើម្បីកាត់សក់! គំនិតដែលគួរយកជាគំរូ
លោក Warrent Buffett ជាមួយ​នឹង​ភរិយា​ទី​2​ អ្នកស្រី​ Astrid Menks

លោក Buffett រកបានប្រាក់ចំណេញច្រើនបំផុតពីរាប់សិបឆ្នាំមុន ក៏ដោយសារការទិញមូលបត្រតូចបំផុតនិងធូរថ្លៃបំផុតដែលគាត់រកបាន។ បច្ចុប្បន្ន ភាគហ៊ុនដែលធំបំផុតរបស់ក្រុមហ៊ុន Berkshire Hathaway នោះគឺភាគហ៊ុននៅក្នុងក្រុមហ៊ុន Apple Inc។ តាមពិត លោក Buffett មិនមែនជាមនុស្សដំបូងគេដែលបានសម្រេចចិត្តក្នុងការទិញមូលបត្ររបស់ Apple នោះទេ តែមនុស្សដែលស្ថិតក្រោមឱវាទរបស់លោកជាអ្នកធ្វើ។ ក៏ប៉ុន្តែ លោក Buffett កាន់តែសកម្មទៅលើខ្ទង់វិនិយោគនេះពីមួយថ្ងៃទៅមួយថ្ងៃ។

បច្ចុប្បន្ន ចំនួនមូលបត្រ Apple ដែលក្រុមហ៊ុនរបស់លោក Buffett កំពុងកាន់កាប់ មានតម្លៃដល់​ទៅ​123​ពាន់​លានដុល្លារ ដែលស្មើនឹង24% នៃតម្លៃទីផ្សារសរុបរបស់ក្រុមហ៊ុន Berkshire។

យោងតាមសៀវភៅរបស់ Schroeder នៅមុនពេលឈានចូលដល់វ័យជំទង់ លោក Buffett បានចាប់ផ្ដើមគិតអំពីពេលវេលាទៅតាមគំនិតខុសពីគេ។ តាមរយៈគំនិតនេះ បច្ចុប្បន្ននិងអនាគតគឹជាប់ទាក់ទិននឹងគ្នាយ៉ាងស្អិតល្មួត បង្កើតបានជា “តម្លៃរួមផ្សំ”។ បើសិនជាថ្ងៃនេះ1ដុល្លារ ប៉ុន្មានឆ្នាំក្រោយមកនឹងទៅជា10ដុល្លារមិន​ខាន។

នៅពេលមានវ័យជិត30ឆ្នាំ វិធីដែលលោក Buffett គិតអំពី “តម្លៃរួមផ្សំ” គឺដូចទៅនឹងការប្រតិកម្មមួយ។ ពេលលោកចំណាយ31,500ដុល្លារសម្រាប់ទិញផ្ទះមួយខ្នងនៅ Omaha គាត់បានហៅការសម្រេចចិត្តនេះថាជា “រឿងឆ្កួតឡប់” របស់ខ្លួន ព្រោះថា នៅក្នុងការគិតរបស់លោក Buffett 31,500ដុល្លារនឹងទៅជា1លានដុល្លារ ក្រោយពីបានគិតទាំង “តម្លៃរួមផ្សំ” ក្នុងពេលអនាគត។

មិត្តភក្តិ និងសមាជិកគ្រួសាររបស់លោក តែងតែបានឮជារឿយៗនូវឃ្លាឃ្លោងមួយចំនួន ដូចជា “តើយើងពិតជាចង់ចំណាយរហូតដល់300,000ដុល្លារដើម្បីកាត់សក់ដែរ ឬអត់?” ឬ “មិនដឹងថា ខ្លួនចង់បោះចោល500,000ដុល្លារទៅតាមវិធីនោះ ឬអត់” នៅពេលពិចារណាក្នុងការសម្រេចចិត្តលើអ្វីមួយដែលទាក់ទងនឹងប្រាក់កាស។ សម្រាប់លោក Buffett ប៉ុន្មានដុល្លារដែលចំណាយចោលនៅថ្ងៃនេះ នឹងក្លាយជារាប់សែនដុល្លារដែលត្រូវបាត់បង់នៅពេលអនាគត។

ក្នុងគ្រាបច្ចុប្បន្ន លោក Warren Buffett នៅតែបន្តបញ្ជាក់ឱ្យគ្រប់គ្នាឃើញថា “ភាពនឹងន និងរឹងមាំ គឺជាថាមពលដ៏កំពូលរបស់អ្នកវិនិយោគ”៕

ប្រភព៖ WSJ

 

Advertisement