Forbes 400៖ Donald Drump ថយចុះ77ថ្នាក់ ខណៈអតីតភរិយារបស់ Jeff Bezos ក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2នៅអាម៉េរិក

Forbes 400៖ Donald Drump ថយចុះ77ថ្នាក់ ខណៈអតីតភរិយារបស់ Jeff Bezos ក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2នៅអាម៉េរិក

Jeff Bezos នៅតែនាំមុខគេនៅក្នុងបញ្ជីចំណាត់ថ្នាក់អ្នកមាន Forbes 400 សម្រាប់ឆ្នាំ2020 ខណៈដែលអតីតភរិយារបស់លោក បានក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2នៅសហរដ្ឋអាមេរិក។

ទស្សនាវដ្ដី Forbes ទើបតែបានប្រកាសឱ្យដឹងអំពីបញ្ជីចំណាត់ថ្នាក់អ្នកមានជាងគេទាំង400រូបនៅសហរដ្ឋអាម៉េរិក ប្រចាំឆ្នាំ2020 ដែលមានឈ្មោះថា Forbes 400។ យោងតាមបញ្ជីចំណាត់ថ្នាក់នេះ ទ្រព្យសរុបរបស់អ្នកមានជាងគេចំនួន400នាក់នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ2020 បានកើនដល់ចំណុចកំពូលបំផុត ពោល​គឺ​3.2​លាន​លាន​ដុល្លារ (3,200,000,000,000) កើន240ពាន់លានដុល្លារបើធៀបនឹងឆ្នាំ2019។ ដើម្បីមានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់ Forbes 400 មហាសេដ្ឋីនានានៅសហរដ្ឋអាម៉េរិក ត្រូវតែមានទ្រព្យយ៉ាងតិច2.1ពាន់លានដុល្លារ។

Jeff Bezos នៅតែនាំមុខគេនៅក្នុងបញ្ជីចំណាត់ថ្នាក់អ្នកមាន Forbes 400 សម្រាប់ឆ្នាំ2020 ខណៈដែលអតីតភរិយារបស់លោក បានក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2នៅសហរដ្ឋអាមេរិក។

បើទោះជាមានការវាយប្រហារពី COVID-19 ប៉ុន្តែ លោក Jeff Bezos ដែលជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Amazon នៅតែជាអ្នកមានជាងគេបង្អស់នៅសហរដ្ឋអាម៉េរិកសម្រាប់3ឆ្នាំចុងក្រោយនេះ ដោយលោកមានទ្រព្យសរុបឡើងដល់179ពាន់លានដុល្លារ។ ចំណែកអតីតភរិយារបស់លោក គឺអ្នកស្រី MacKenzie Scott មានឈ្មោះនៅក្នុងបញ្ជី Forbes 400 នេះ បានចំនួន2លើកមកហើយ ជាមួយនឹងទ្រព្យដែលមានតម្លៃ57ពាន់លានដុល្លារ។ អ្នកស្រី MacKenzie Scott គឺជាសេដ្ឋិនីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2នៅសហរដ្ឋអាមេរិក បន្ទាប់​ពី Alice Walton ដែលជាកូនស្រីរបស់ស្ថាបនិកនៃក្រុមហ៊ុន Walmart។

ដោយមានទ្រព្យចំនួន111ពាន់លានដុល្លារ សហស្ថាបនិករបស់ Microsoft គឺលោក Bill Gates នៅតែជាអ្នកមានជាងគេលំដាប់ទី2របស់សហរដ្ឋអាម៉េរិក ខណៈ Mark Zuckerberg ដែលជា CEO របស់ Facebook ជាអ្នកមានជាងគេលំដាប់ទី3 និង Warren Buffett ជាអ្នកមានលំដាប់ទី4។

លោក Bill Gates និង​លោក​ Mark Zuckerberg

ចំណែកឯប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump ដែលមានទ្រព្យ2.5ពាន់លានដុល្លារ ឈរលំដាប់ទី352 ថយចុះ77ថ្នាក់បើធៀបនឹងឆ្នាំ2019។ មូលហេតុដែលនាំឱ្យទ្រព្យរបស់លោក Trump ធ្លាក់ចុះ គឺមកពីតម្លៃរបស់អគារការិយាល័យ សណ្ឋាគារ និងតំបន់រីហ្សតបាននិងកំពុងតែដាំក្បាលចុះព្រោះCOVID-19។

លោក​ Donald Drump ជាប់​ចំណាត់​ថ្នាក់​​ទី352 ក្នុង​បញ្ជី​អ្នកមាន​ជាង​គេ​ទាំង​400​នាក់​នៅ​សហរដ្ឋអាម៉េរិក

Forbes 400 ឆ្នាំនេះ មានឈ្មោះមហាសេដ្ឋីថ្មីចំនួន18រូប រួមមានទាំង Eric Yuan ដែលជា CEO របស់ Zoom Video Communications ដោយមានទ្រព្យ11ពាន់លានដុល្លារ។ មហាសេដ្ឋី9រូបដែលធ្លាប់ត្រូវលុបឈ្មោះចេញពីតារាងចំណាត់ថ្នាក់ Forbes 400 បានវិលត្រលប់មកវិញនៅក្នុងឆ្នាំនេះ។

មហាសេដ្ឋី2រូបដែលមានឈ្មោះក្នុងបញ្ជីនេះកាលពីឆ្នាំមុន បានស្លាប់ ខណៈ25រូបផ្សេងទៀតបានធ្លាក់ចេញពីបញ្ជី Forbes 400 ក្នុងនោះមាន10រូបជួបបញ្ហាដោយសារCOVID-19៕

ប្រភព៖ Forbes

Advertisement