ប្រទេសថៃ ចែកប្រាក់​ជិត​1.5​ពាន់​លាន​ដុល្លារ​ជូន​ពលរដ្ឋ​ដែលរងផលប៉ះពាល់ពីCOVID-19

ពលរដ្ឋដែលចូលរួមក្នុងកម្មវិធីទទួលប្រាក់នេះនឹងត្រូវធ្វើកិច្ចសន្យាថា នឹងចាយយ៉ាងតិច100បាត និងមិនឱ្យលើសពី250បាតក្នុង1ថ្ងៃ និងជារៀងរាល់ថ្ងៃ នៅតាមបណ្ដាហាងដែលបានសហការជាមួយរាជរដ្ឋាភិបាល រហូតដល់អស់ខ្ទង់ប្រាក់3,000បាត សម្រាប់ពលរដ្ឋម្នាក់។

រាជរដ្ឋាភិបាលថៃ ថ្មីៗនេះបានឱ្យដឹងថា នឹងចំណាយប្រាក់45ពាន់លានបាត ស្មើនឹង1.44ពាន់លានដុល្លារអាម៉េរិក សម្រាប់កម្មវិធីផ្ដល់ប្រាក់សុទ្ធជូនដល់ពលរដ្ឋដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្រោយរលកCOVID-19។ ពលរដ្ឋដែលរងផលប៉ះពាល់ពីCOVID-19 ប្រមាណជា15លាននាក់ នឹងទទួលបានប្រាក់ជំនួយ3,000បាត (95.80ដុល្លារអាម៉េរិក) សម្រាប់មនុស្សម្នាក់ៗ។ យោងតាមក្រុមសេដ្ឋវិទូ រដ្ឋាភិបាលថៃត្រូវបានគេជឿថានឹងបញ្ចេញកញ្ចប់ថវិកាប្រមាណ90ពាន់លានបាត (2,873,976,120ដុល្លារ) ដើម្បីជួយជំរុញឱ្យមានការចាយវាយក្នុងស្រុកឡើងវិញ។

អនុប្រធានឧត្តមក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសថៃ (ONESDC) លោក Danucha Pichayanan បានឱ្យដឹងថា គម្រោងខាងលើនេះរបស់ក្រសួងហិរញ្ញវត្ថុថៃ ទទួលបានការអនុម័តរួចរាល់ហើយ។ កម្មវិធីនេះបានចែងថា ពលរដ្ឋម្នាក់ៗដែលមានឈ្មោះនៅក្នុងបញ្ជីគោលនយោបាយនេះនឹងទទួលបានប្រាក់3,000បាតដើម្បីប្រើប្រាស់។ ពលរដ្ឋដែលយល់ព្រមចូលរួមក្នុងកម្មវិធីនេះ នឹងតម្រូវឱ្យចុះឈ្មោះ និងទទួលប្រាក់តាមរយៈកម្មវិធីកាបូបលុយអេឡិកត្រូនិកនៅលើទូរស័ព្ទដៃ។ តាមគម្រោង ផែនការនេះនឹងត្រូវផ្ដើមអនុវត្តចាប់ពីខែតុលារហូតដល់ដំណាច់ឆ្នាំ2020។

ទោះជាបែបនេះក្ដី ពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីទទួលប្រាក់នេះនឹងត្រូវធ្វើកិច្ចសន្យាថា នឹងចាយយ៉ាងតិច100បាត និងមិនឱ្យលើសពី250បាតក្នុង1ថ្ងៃ និងជារៀងរាល់ថ្ងៃ នៅតាមបណ្ដាហាងដែលបានសហការជាមួយរាជរដ្ឋាភិបាល ហើយទីក្រុងបាងកកនឹងជួយចេញថ្លៃចំនួន50% រហូតដល់អស់ខ្ទង់ប្រាក់3,000បាតសម្រាប់មនុស្សម្នាក់។

ដើម្បីអាចចូលរួមកម្មវិធីនេះបាន ពលរដ្ឋត្រូវតែមានអាយុចាប់ពី18ឆ្នាំឡើងទៅ ចំណែកបណ្ដាហាងដែលត្រូវចុះឈ្មោះ ក៏ត្រូវបានតម្រូវឱ្យចូលរួមកម្មវិធីមួយចំនួនរបស់រដ្ឋាភិបាល ដូចជា “Taste, Shop Spend” ឬ “We Travel Together” ជាដើម។ ហាង ឬភោជនីយដ្ឋានដែលចូលរួមក្នុងកម្មវិធីនេះ មានចំនួនប្រមាណ70,000កន្លែង នៅទូទាំងប្រទេស។

លោក Danucha បញ្ជាក់ថា បណ្ដាហាងតូចៗ និងក្រុមហ៊ុនទើបបង្កើតថ្មី ឬហាងនៅក្បែរផ្លូវ នឹងត្រូវបានផ្ដល់អាទិភាពក្នុងការចូលរួមកម្មវិធីនេះ។ រដ្ឋាភិបាលថៃសង្ឃឹមថា កម្មវិធីនេះនឹងអាចជួយដល់ហាង និងក្រុមហ៊ុនតូចៗជាង80,000 នៅប្រទេសនេះ ដើម្បី “ហែលឆ្លង” វិបត្តិសេដ្ឋកិច្ច បន្ទាប់ពីរលកCOVID-19។ ទន្ទឹមនឹងនេះ កម្មវិធីខាងលើក៏ត្រូវបានគេវាយតម្លៃថា នឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិបាន0.25% បន្ថែមទៀតផងដែរ៕

ប្រភព៖ Bangkok Herald

Advertisement