អ្នកជំនាញហិរញ្ញវត្ថុបង្ហាញរូបមន្តចាត់ចែងចំណូល ដើម្បីឱ្យជីវភាពប្រសើរឡើង

មនុស្សម្នាក់ៗសុទ្ធតែ​ចង់​ក្លាយជា​អ្នក​ដែលមាន​សេរីភាព​ហិរញ្ញវត្ថុ និង​រីករាយ​ជាមួយនឹង​អ្វីដែល​ខ្លួន​មាន ហើយ​បន្ត​អភិវឌ្ឍ​ដើម្បីឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង។

លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​លើកឡើងថា តាម​ការយល់ឃើញ និង​បទពិសោធន៍​ផ្ទាល់ខ្លួន លោក​យល់ថា​ខាងក្រោម​នេះ​ជាការ​ចាត់ចែង​ចំណូល និង​ទ្រព្យសម្បត្តិ​ដែលមាន​ប្រសិទ្ធិភាព។

Advertisement

  1. គោលការណ៍​ចំណូល 40/60៖

សំរាប់​អ្នកធ្វើការ ចំណូល​ប្រចាំខែ​ត្រូវ​ចាត់ទុកជា​គ្រាប់ពូជ និង​គ្រាប់​បាយ។ យ៉ាងតិច40%នៃ​ចំណូល​ប្រចាំខែ​សំរាប់​គ្រួសារ​ទាំងមូល​គួរ​ចាត់ចែង​ជា​គ្រាប់ពូជ​ដើម្បី​បង្កើត​ប្រាក់​ឬ​ទ្រព្យ​បន្ថែម​ដូច​ជាការ​សន្សំ ឬ​សង​កម្ចី​ធនាគារ​ដើម្បី​យកទៅ​វិនិយោគ​លើ​អាជីវកម្ម​នានា អចលនទ្រព្យ ឬ​ផ្សារ​ហ៊ុន​ដែលមាន​ផលចំណេញ​យ៉ាងតិច15%ក្នុង1ឆ្នាំ។ ហើយ​ច្រើន​បំផុត60%នៃ​ចំណូល​ប្រចាំខែ​អាច​ចាត់ទុកជា​គ្រាប់​បាយ​សំរាប់​ការចំណាយ​ចាំបាច់​ក្នុង​គ្រួសារ ដូចជា​ចំណាយ​លើ​ម្ហូបអាហារ សម្លៀកបំពាក់ ការធ្វើដំណើរ ការចំណាយ​លើ​សុខភាព ការអប់រំ​របស់កូនៗ និង​សង​កម្ចី​បង់​រំលស់​ផ្ទះ។ល។ ប៉ុន្តែ​មិនគួរ​មាន​ចំណាយ​លើ​ការបង់​រំលស់​សម្ភារ​ដូចជា​រថយន្ត ឬ​គ្រឿង​អេ​ឡិ​ក​ត្រូ​និក​នោះទេ។ ឧទាហរណ៍ បើ​គ្រួសារ​របស់​អ្នកមាន​ចំណូល1500ដុល្លា អ្នក​គួរ​ចាត់ចែង​ប្រាក់​យ៉ាងតិច600ដុល្លា​សំរាប់​ជា​គ្រាប់ពូជ​យកទៅ​បង្កើន​ទ្រព្យ​ឬ​ចំណូល។ រីឯ​ប្រាក់​នៅសល់900ដុល្លា​ទៀត​អាច​ចាត់ចែង​ជា​ចំណាយ​ចាំបាច់ (ឬ​ហៅថា​ជា​គ្រាប់​បាយ) សំរាប់​គ្រួសារ។

2) គោលការណ៍​ទ្រព្យសម្បត្តិ 60/40៖

ក្រៅពី​ការខិតខំ​ធ្វើ​ការរកចំណូល និង​ការចាត់ចែង​ចំណូល​ឱ្យមាន​ប្រសិទ្ធិភាព គ្រួសារនីមួយៗគួរ​មាន​គោលការណ៍​ល្អ​ក្នុងការ​ចាត់ចែង​ទ្រព្យសម្បត្តិ​ផងដែរ។ គោលការណ៍​ល្អ​នោះ​គឺ​គួរ​ចាត់ចែង​ឱ្យមាន​ទ្រព្យសម្បត្តិ​ដែល​នាំមក​នូវ​ភាព​រីកចំរើន (ផលចំណេញ​តាមរយៈ​ការ​កើន​តម្លៃ​យ៉ាងតិច15%ក្នុង1ឆ្នាំ) យ៉ាងតិច60%នៃ​ចំនួន​ទ្រព្យសម្បត្តិ​សរុប​របស់​គ្រួសារ។ រីឯ​ទ្រព្យសម្បត្តិ​ដទៃទៀត​ដែល​មិនមាន​ការ​កើន​តម្លៃ ដូចជា​គ្រឿងអលង្កា ផ្ទះ រថយន្ត និង​សម្ភារ​ដទៃទៀត​គួរ​មានតម្លៃ​សរុប​ច្រើន​បំផុត​ត្រឹម40%នៃ​ទ្រព្យ​សរុប​របស់​គ្រួសារ​បាន​ហើយ។ ឧ​ទា​ហរ​ណ៏ បើ​គ្រួសារ​មួយ​មានទ្រព្យ​សម្បត្តិ​សរុប15ម៉ឺន​ដុល្លា គ្រួសារ​នោះ​គួរ​មានទ្រព្យ​សម្បត្តិ​ដែល​រីកចំរើន​ដូចជា​អចលនទ្រព្យ និង​ភាគហ៊ុន​អាជីវកម្ម​យ៉ាងតិច9ម៉ឺន​ដុល្លា។ ហើយ​មាន​ជា​ទ្រព្យសម្បត្តិ​ដែល​មិន​កើន​តម្លៃ​ដូចជា​ផ្ទះ គ្រឿងអលង្កា និង​រថយន្ត​ត្រឹម​តម្លៃ​សរុប​មិន​លើសពី6ម៉ឺន​ដុល្លា​នោះទេ។ យ៉ាងណា​ផ្ទះ​ដែល​គ្រួសារ​ខ្ញុំ​នៅ និង​រថយន្ត​ដែល​គ្រួសារ​ខ្ញុំ​ប្រើ​មានតម្លៃ​សរុប​មិន​ដល់5%នៃ​ទ្រព្យសម្បត្តិ​សរុប​នោះទេ៕

Advertisement