ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេនៅក្នុងវិស័យហិរញ្ញវត្ថុ និងវិនិយោគ

ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេនៅក្នុងវិស័យហិរញ្ញវត្ថុ និងវិនិយោគ

យោងតាមបញ្ជីចំណាត់ថ្នាក់អ្នកមានរបស់ Forbes លោកស្រី Abigail Johnson ដែលជា CEO និងជាប្រធានរបស់ក្រុមហ៊ុន Fidelity Investments បច្ចុប្បន្នគឹជាមហាសេដ្ឋិនីដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យហិរញ្ញវត្ថុនិងវិនិយោគ ដោយមានទ្រព្យសរុបឡើងដល់15ពាន់លានដុល្លារអាមេរិក។

1. Abigail Johnson៖ 15ពាន់លានដុល្លារអាមេរិក

>ប្រទេស៖ សហរដ្ឋអាមេរិក

លោក​ស្រី Abigail Johnson

Abigail Johnson បានឡើងកាន់តំណែង CEO របស់ក្រុមហ៊ុន Fidelity Investments ចាប់ពីឆ្នាំ2014 និងក្លាយជាប្រធានក្រុមហ៊ុននេះចាប់ពីឆ្នាំ2016។ Fidelity Investments គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មហិញ្ញវត្ថុធំជាងគេក្នុងពិភពលោក ដែលត្រូវបានបង្កើតឡើងនៅBoston សហរដ្ឋអាមេរិក កាលពីឆ្នាំ1946 ដោយលោក Edward C. Johnson II ដែលជាជីតារបស់លោកស្រី Abigail។ បច្ចុប្បន្ន លោកស្រី Abigail កាន់កាប់ភាគហ៊ុនចំនួន24.5% នៅក្នុងក្រុមហ៊ុននេះ។

2. Elizabeth Johnson៖ 3,4ពាន់លានដុល្លារ

>ប្រទេស៖ សហរដ្ឋអាមេរិក

លោកស្រី Elizabeth Johnson

Elizabeth Johnson គឺជាប្អូនស្រីរបស់លោកស្រី Abigail Johnson។ លោកស្រី Elizabeth Johnson កាន់កាប់ភាគហ៊ុនចំនួន5.56% នៅក្នុងក្រុមហ៊ុន Fidelity។ នេះបើតាមឯកសារដែលត្រូវបានបញ្ជូនទៅកាន់ស្ថាប័នធានារ៉ាប់រងរបស់រដ្ឋ Utah កាលពីឆ្នាំ2000។

3. Dinara Kulibaeva: 2,8ពាន់លានដុល្លារ

>ប្រទេស៖ កាហ្សាក់ស្ថាន

លោក​ស្រី Dinara Kulibaeva

Dinara Kulibaeva គឺជាកូនស្រីរបស់អតីតប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន លោក Nursultan Nazarbayev។ លោកស្រី Dinara Kulibaeva និងស្វាមី Timur Kulibaev កាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងធនាគារ Halyk។ ក្រៅពីនេះ ពួកគេថែមទាំងវិនិយោគទៅលើវិស័យផ្សេងៗទៀត ដូចជាសំណង់ និងអណ្ដូងប្រេងជាដើម។ Forbes បានគន់គូរឃើញថា ទ្រព្យសម្បត្តិរបស់ Dinara Kulibaeva និង Timur Kulibaev ដែលត្រូវបានចែកស្មើគ្នា (50/50) ពួកគេម្នាក់ៗមានទ្រព្យ 2.8ពាន់លានដុល្លារអាមេរិក។

4. Penny Pritzker: 2,7ពាន់លានដុល្លារ

>ប្រទេស៖ សហរដ្ឋអាមេរិក

លោក​ស្រី Penny Pritzker

Penny Pritzker គឺជាមនុស្សម្នាក់ក្នុងចំណោមមហាសេដ្ឋី11រូបរបស់ត្រកូល Pritzker។ លោកស្រី Penny Pritzker មានតួនាទីសំខាន់ក្នុងការបង្កើតមូលនិធិសម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្លោតរបស់លោក Obama ដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក។ លោកស្រី Penny Pritzker ក៏ធ្លាប់ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ2013ដល់ឆ្នាំ2017ផងដែរ។ Penny Pritzker ក៏ជាស្ថាបនិក និងជាប្រធានរបស់ក្រុមហ៊ុន PSP Partners ដែលជាក្រុមហ៊ុនវិនិយោគឯកជន រកស៊ីជាមួយដៃគូនានាក្នុងវិស័យអចលនទ្រព្យ មូលនិធិការពារហានិភ័យ និងបណ្ដាក្រុមហ៊ុនថ្មីៗជាដើម។

5. Alicia Koplowitz៖ 2,6ពាន់លានដុល្លារ

>ប្រទេស៖ អេស្ប៉ាញ

លោក​ស្រី Alicia Koplowitz

Alicia Koplowitz ទទួលបានមរតកជាភាគហ៊ុននៅក្នុងក្រុមហ៊ុនសំណង់របស់ឪពុកលោកស្រីកាលពីទសវត្សរ៍ឆ្នាំ​1960។ ឆ្នាំ1997 លោកស្រីបានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យប្អូនស្រីរបស់ខ្លួន ឈ្មោះ Esthter ក្នុងតម្លៃ​​800​លានដុល្លារ រួចយកប្រាក់ទាំងនេះទៅវិនិយោគក្នុងវិស័យផ្សេង។ បណ្ដាក្រុមហ៊ុនដែលធ្លាប់ទទួលបានការវិនិយោគពីលោក​ស្រី Alicia Koplowitz មានដូចជា ក្រុមហ៊ុនផលិតដែកថែប Acerinox ក្រុមហ៊ុនផលិតអគ្គិសនី Iberdrola និងក្រុមហ៊ុនគ្រប់គ្រងធនាគារ Banco Sadadell ជាដើម។ល។ Alicia Koplowitz ក៏ជាម្ចាស់សណ្ឋាគារជាច្រើននៅប្រទេសអ៊ីតាលី រួមនឹងសណ្ខាគារ និងអចលនទ្រព្យជាច្រើននៅសហរដ្ឋអាមេរិក ក៏ដូចជាភាគហ៊ុននៅក្នុងក្រុមហ៊ុន Hospes ដែលគ្រប់គ្រងបណ្ដាញសណ្ឋាគារប្រណិតមួយនៅប្រទេសអេស្ប៉ាញផងដែរ៕

ប្រភព៖ Forbes

Advertisement