សភាជាន់ទាបអាមេរិក ស្នើបញ្ចេញថវិកា2.2លានលានដុល្លារបន្ថែមទៀត ដើម្បីទប់ទល់នឹង​ឥទ្ធិពល​របស់​វីរុស​COVID-19

សភាជាន់ទាបអាមេរិក ស្នើបញ្ចេញថវិកា2.2លានលានដុល្លារបន្ថែមទៀត ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់COVID-19

ក្រុមតំណាងរាស្ត្រមកពីបក្សប្រជាធិបតេយ្យនៅក្នុងសភាជាន់ទាបសហរដ្ឋអាមេរិក បានស្នើឱ្យបញ្ចេញកញ្ចប់ថវិកាជំនួយដែលមានទំហំទឹកប្រាក់ 2.2លានលានដុល្លារ (2,200,000,000,000) បន្ថែមទៀត ដើម្បីទប់ទល់នឹងCOVID-19 ព្រមទាំងបានបង្ហាញពីគោលបំណងក្នុងការចរចាជាមួយសេតវិមានផងដែរ។

ក្រុមអ្នកតំណាងរាស្ត្រមកពីបក្សប្រជាធិបតេយ្យនៅសភាជាន់ទាបសហរដ្ឋអាមេរិក កាលពីថ្ងៃទី28កញ្ញាកន្លងទៅ បានប្រកាសបង្ហាញសេចក្ដីព្រាងច្បាប់មួយដែលបើកផ្លូវឱ្យរដ្ឋាភិបាលប្រើប្រាស់កញ្ចប់ថវិកាមួយបន្ថែមទៀត ដើម្បីជួយដល់សកម្មភាពទប់ទល់នឹងCOVID-19 នៅមុនការបោះឆ្នោតខែវិច្ឆិកាខាងមុខ។ កញ្ចប់ថវិកាដែលមានទឹកប្រាក់ចំនួន 2.2លានលានដុល្លារនេះ គឺតិចជាងឆ្ងាយបើធៀប​ជា​មួយ​នឹងការស្នើដំបូងដែលមានទំហំទឹកប្រាក់ដល់ទៅ 3.4​លាន​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​​ (3,400,000,000,000)​ របស់​សភា​ជាន់​ទាប។ ខ្ទង់ប្រាក់ជំនួយនេះនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងរដ្ឋបាលមូលដ្ឋាន ការជួយដល់វិស័យអប់រំ ក្រុមហ៊ុនខ្នាតតូច និងសកម្មភាពទប់ទល់នឹងCOVID-19 ដូចជា ការធ្វើតេស្តរកវីរុស ការតាមដាន ស្វែងរក និងដាក់ដោយឡែកចំពោះអ្នកបានឆ្លងវីរុស។

ប្រធានសភាជាន់ទាប លោកស្រី Nancy Pelosi មានប្រសាសន៍ថា៖ “សមាជិកទាំងឡាយរបស់បក្សប្រជាធិបតេយ្យ កំពុងតែអនុវត្តត្រឹមត្រូវទៅតាមការសន្យាអំពីការព្រមព្រៀងជាមួយនឹងសេចក្ដីព្រាងច្បាប់នេះ។ នេះគឺជាប្រការចាំបាច់ដើម្បីដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ច និងសុខាភិបាល ដែលក្រុមគ្រួសារអ្នកពលកម្មអាមេរិកាំងកំពុងជួបប្រទះ”។

លោកស្រី Pelosi រួមនឹងមេដឹកនាំមកពីបក្សប្រជាធិបតេយ្យនៅសភាជាន់ខ្ពស់ រដ្ឋមន្ត្រីការសួងហិរញ្ញវត្ថុ Steven Mnuchin និងប្រធានការិយាល័យរបស់សេតវិមាន លោក Mark Medows កាលពីថ្ងៃទី7សីហា បានចរចាជាមួយគ្នាអំពីកញ្ចប់ថវិកាជំនួយទំហំ 3.4លានលានដុល្លារ ក៏ប៉ុន្តែ មិនទទួលបានជោគជ័យ ដោយសារតែមានការខ្វែងគំនិតគ្នាច្រើនពេក។

ប្រធានសភាជាន់ទាបនៃ​សហរដ្ឋ​អាមេរិក​ លោកស្រី Nancy Pelosi

សមាជិកមួយចំនួនរបស់បក្សសាធារណរដ្ឋនៅសភាជាន់ខ្ពស់អាមេរិក បានស្នើកញ្ចប់ថវិកាជំនួយដែលមានទំហំទឹកប្រាក់ 1លានលានដុល្លារ ប៉ុន្តែត្រូវបានសមាជិកជាច្រើននៅក្នុងបក្ស មិនយល់់ស្រប ព្រោះគិតថា វាច្រើនហួស ខណៈក្រុមមកពីបក្សប្រជាធិបតេយ្យយល់ថា តិចហួស។

“យើងត្រៀមខ្លួនជានិច្ចសម្រាប់ការចរចា” លោកស្រី Pelosi កាលពីចុងសប្ដាហ៍កន្លងទៅបានឱ្យដឹងដូច្នេះ និងបញ្ជាក់ថា លោកស្រីទើបតែបានពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Mnuchin។

ប្រធានគណៈកម្មាធិការយន្តការនិងនិតិវិធី (United States House Committee on Ways and Means) នៃសភាជាន់ទាបអាមេរិក កាលពីសប្ដាហ៍មុន បានឱ្យដឹងថា កិច្ចខិតខំដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីអំពីកញ្ចប់ថវិកា​ជំនួយ 2.2​លាន​លាន​ដុល្លារ​នេះ នឹងត្រូវបានអនុវត្តនាពេលដ៏ខ្លីខាងមុខ។ ចំណែកប្រធានអង្គភាពបម្រុងនៃសហរដ្ឋអាមេរិក (Chair of the Federal Reserve) លោក Jerome Powell មុននោះក៏បាននិយាយថា ក្រុមតំណាងរាស្ត្រគួរតែជួយដល់សេដ្ឋកិច្ចដែលកំពុងជួបបញ្ហាវឹកវរដោយសារCOVID-19។

បច្ចុប្បន្ន គេមិនទាន់បានដឹងច្បាស់ថា តើសេតវិមានយល់ព្រមជាមួយនឹងកញ្ចប់ថវិកាជំនួយដ៏ធំនេះដែរ ឬយ៉ាងណានៅឡើយ។

សូមរំឭកថា COVID-19 បានបង្ហាញខ្លួនជាលើកដំបូងនៅប្រទេសចិន និងបានឆ្លងរាលដាលដល់ប្រទេសនិងដែនដី​ជាង​200​នៅ​ទូទាំង​ពិភព​លោក​ បណ្ដាលឱ្យមនុស្សជាង 33.5លាននាក់ត្រូវឆ្លងវីរុស និងជាង1លាននាក់បានស្លាប់។ សហរដ្ឋអាមេរិក​ គឺជាសម្បុកវីរុសCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកឆ្លងវីរុសជាង7.3លាននាក់ និងជាង2សែននាក់បានបាត់បង់ជីវិត៕

ប្រភព៖ Reuters/ USA Today

Advertisement