ទ្រព្យ​សម្បត្តិ​របស់​​ក្រុម​មហា​សេដ្ឋី​ពិភព​លោក​ បាន​​កើន​ឡើង​ដល់​ជាង​10,000,000,000,000​ដុល្លារ​អាមេរិក

លោក Jeff Bozos និង​ភរិយា​ក្រោយ​របស់​លោក​

ចាប់ពីពេល COVID-19 បានឆ្លងរាលដាល ទ្រព្យសម្បត្តិសរុបរបស់ហាសេដ្ឋីនានានៅទូទាំងពិភពលោក បាន​កើន​1/4 ពោលគឺឡើងដល់ជាង10លានលាន (10,000,000,000,000) ដុល្លារអាមេរិក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ នោះគឺវត្តមានរបស់កំពូលមហាសេដ្ឋីដែលមានទ្រព្យ2សែនលានដុល្លារដំបូងគេបង្អស់ក្នុងពិភពលោក នោះគឺកំពូលមហាសេដ្ឋី Jeff Bezos ដែលជាម្ចាស់នៃក្រុមហ៊ុន Amazon។

តម្លៃទ្រព្យសម្បត្តិសរុបរបស់លោក Jeff Bezos បានកើនឡើងដល់2សែនលាន (200,000,000,000) ដុល្លារអាមេរិកកាលពីខែសីហា នៅពេលដែលធនាគារ UBS និងក្រុមហ៊ុនសវនកម្ម PwC បានបូកសរុបតួលេខនៃរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីក្រុមមហាសេដ្ឋី។

របាយការណ៍ខាងលើ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី7តុលា បានបង្ហាញថា ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីពិភពលោក បានកើនឡើងក្នុងល្បឿនលឿនបំផុតនៅក្នុងទសវត្សរ៍នេះ។

ពី 8លានលាន (8,000,000,000,000) ដុល្លារកាលពីដើមខែមេសា2020 ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីពិភពលោកបានកើនឡើង27% ដោយចំណាយពេលតែ3ខែប៉ុណ្ណោះ។ ប្រការនេះអាចកើតឡើងបាន ក៏ដោយសារកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនានាក្នុងពិភពលោក។ នេះបើតាមរបាយការណ៍ “Riding the Storm” របស់ UBS និង PwC។

ផែន​ទី​បង្ហាញ​អំពី​វត្តមាន​របស់​ក្រុម​​មហាសេដ្ឋី​ពិភពលោក​ (រូប​ភាព​៖ Forbes)

ក្រៅពីជួយជំរុញឱ្យទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីកើនឡើង វីរុសCOVID-19 ក៏កំពុងធ្វើឱ្យក្រុមមហាសេដ្ឋីពិភពលោកត្រូវបរិច្ចាគប្រាក់កាសរបស់ពួកគេផងដែរ។ ការស្រាវជ្រាវរបស់ UBS និង PwC បង្ហាញថា ក្រុមមហាសេដ្ឋីពិភពលោក កំពុងបរិច្ចាគប្រាក់ច្រើនជាងពេលណាៗទាំងអស់។ ក៏ប៉ុន្តែ UBS និង PwC ក៏បានរកឃើញថា សកម្មភាពបរិច្ចាគទ្រព្យ​របស់ក្រុមអ្នកមាននេះ អាចគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ។ ក្នុងការស្រាវ​ជ្រាវ និងការស្ទង់មតិរបស់ UBS និង PwC នៅពេលត្រូវបានសួរអំពីគម្រោងការក្នុងរយៈពេល12ខែទៅមុខ មានមហាសេដ្ឋីតិចតួចប៉ុណ្ណោះដែលបញ្ជាក់ថា “យកសកម្មភាពមនុស្សធម៌ ដាក់នៅលើកំពូលតារាង” នៃកិច្ចការ​សំខាន់​​ដែល​ត្រូវធ្វើរបស់ពួកគេ៕

ប្រភព៖ Forbes

Advertisement