មេ Facebook​ ផ្ដល់​ជំនួយ​100​លាន​ដុល្លារ​បន្ថែម​ទៀត​ ដល់​ការ​​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក

មេ Facebook ផ្ដល់ជំនួយ100លានដុល្លារបន្ថែមទៀត ដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិក
លោក Mark Zuckerberg និង​ភរិយា Priscilla Chan

ម្ចាស់បណ្ដាញសង្គម Facebook លោក Mark Zuckerberg និងភរិយា Priscilla Chan ប្រកាសផ្ដល់ជំនួយបន្ថែម​100​លាន​ដុល្លារអាមេរិក ដើម្បីជួយដល់ក្រុមមន្ត្រី និងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់គាំទ្រដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ2020នេះ។

“យើងខ្ញុំបានទទួលការឆ្លើយតបច្រើនជាងការរំពឹងទុកអំពីប្រការដែលក្រុមមន្ត្រីរៀបចំការបោះឆ្នោត ត្រូវ​ការជំនួយ​សម្រាប់​សាង​សង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយដល់ការបោះឆ្នោត។ ហេតុនេះហើយ យើងខ្ញុំសន្យាថា នឹង​ផ្ដល់​ជំនួយ​100​លាន​ដុល្លារ​បន្ថែមទៀតទៅឱ្យមជ្ឈមណ្ឌលបច្ចេកវិទ្យានិងជីវភាពពលរដ្ឋ (CTCL) ដើម្បីធានាឱ្យបានប្រាកដថា តំបន់ដែលត្រូវការជំនួយ នឹងទទួលបានជំនួយ” លោក Zuckerberg បង្ហោះសារយ៉ាងដូច្នេះនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី13តុលា។

លោក Zuckerberg បន្ថែមថា តំបន់ជាង2,100 នៅមូលដ្ឋានដែលមានករិយាល័យបោះឆ្នោត បានផ្ញើលិខិតឡើងទៅកាន់ CTCL ដើម្បីស្នើសុំជំនួយ។ CTCL គឺជាអង្គការមិនស្វែងរកកម្រៃមួយនៅទីក្រុង Chicago។ គោលដៅរបស់អង្គការនេះ គឺ “ជំរុញការរីកចម្រើនផ្នែកប្រជាធិបតេយ្យ និងជួយធ្វើទំនើបកម្មលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក”។

ម្ចាស់ Facebook និងភរិយា កន្លងមក ធ្លាប់បានផ្ដល់ជំនួយ300លានដុល្លារអាមេរិក ដើម្បីជួយដល់សកម្មភាពទាក់ទងនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលកំពុងប្រឈមនឹងការលំបាកដោយសារ COVID-19។ អ្នកទាំងពីរបានផ្ដល់ជំនួយជាសម្ភារសម្រាប់ការបោះឆ្នោត និងឈុតការពារការឆ្លងវីរុសទៅឱ្យក្រុមបុគ្គលិកដែលធ្វើការខាងស្ទង់មតិ។

លោក Zuckerberg ក៏កំពុងតែធ្វើសកម្មភាពប្រឆាំងតបតទៅនឹងករណីប្ដឹងនានាដែលត្រូវបានធ្វើឡើងក្នុងបំណងទប់ស្កាត់ការប្រើប្រាស់ខ្ទង់ប្រាក់ជំនួយរបស់លោកផងដែរ។

មហាសេដ្ឋីជនជាតិអាមេរិកាំងដើមកំណើតជ្វីហ្វ (Jews) រូបនេះ អះអាងថា៖ “ចាប់តាំងពីយើងខ្ញុំបានផ្ដល់ជំនួយលើកដំបូង មានករណីប្ដឹងជាច្រើនត្រូវគេធ្វើឡើងដើម្បីរារាំងការប្រើប្រាស់ខ្ទង់ជំនួយនោះ ដោយចោទថា អង្គការនេះ (CTCL) ទទួលជំនួយដោយប្រកាន់បក្សពួក។ ការចោទប្រកាន់នេះគឺពិតជាខុសស្រឡះ”។

ខ្ទង់ថវិកាជំនួយរបស់លោក Zuckerberg ត្រូវបានលើកឡើងនៅពេលដែល Facebook កំពុងប្រឈមនឹងការតាមដានពីទីក្រុងវ៉ាស៊ីងតោន រួមនឹងសម្ពាធពីក្រុមអ្នកបង្កើតច្បាប់ ទាក់ទងនឹងបញ្ហាព័ត៌មានមិនពិតស្ដីអំពីការបោះឆ្នោត​ដែល​ត្រូវ​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នេះ៕

ប្រភព៖ Reuters

Advertisement