ភ្នាល់​ល្បែង​​ជាង​5​លាន​ដុល្លារ​អាមេរិក ​ព្រោះ​គិត​ថា ​Trump​ នឹង​ជាប់​ឆ្នោត​ជា​ថ្មី

ភ្នាល់ល្បែង​ជាង5លានដុល្លារអាមេរិក ព្រោះគិតថា Trump នឹងជាប់ឆ្នោតជាថ្មី

អតីតនាយកធនាគារអង់គ្លេសម្នាក់ បានចាក់ភ្នាល់ជាង5លានដុល្លារអាមេរិក ទៅលើលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយជឿថា លោក Trump នឹងជាប់ឆ្នោតម្ដងទៀត។

អ្នកជំនួញដែលសុំមិនបញ្ចេញឈ្មោះម្នាក់ដែលកំពុងរស់នៅឯបរទេស បានចាក់ភ្នាល់ជាទឹកប្រាក់ចំនួ 3.9​លាន​ផោន (ជាង5លានដុល្លារអាមេរិក) នៅលើវង់ល្បែងមួយរបស់ប្រទេស Curacao ដែលស្ថិតក្នុងតំបន់សមុទ្រ Caribbean។ ខ្ទង់ប្រាក់ភ្នាល់របស់អ្នកជំនួញខាងលើ ត្រូវបានគេចាត់ទុកថា ជាខ្ទង់ប្រាក់ភ្នាល់ធំបំផុតមិនធ្លាប់មាននៅក្នុងវង់ល្បែងភ្នាល់អំពីនយោបាយ។

អ្នកជំនួញនេះក៏បានទម្លាយឱ្យដឹងថា ខ្លួនបាននិយាយគ្នាជាមួយនឹងអ្នកគ្រប់គ្រងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Trump ផងដែរ។ បើសិនជាការព្យាកររបស់លោកត្រឹមត្រូវ លោកនឹងទទួលបាន11.5លានផោន (ជិត15លានដុល្លារអាមេរិក) ត្រលប់មកវិញ។

យោងតាមម្ចាស់វង់ល្បែង Ladbrokes នៅអង់គ្លេស ការចាក់ភ្នាល់ចំនួនបីក្នុងចំណោមការចាក់ភ្នាល់ធំៗចំនួន​បួនក្នុងសប្ដាហ៍កន្លង គឺសុទ្ធតែគិតថា លោក Trump នឹងជាប់ឆ្នោត។ Jessica O’Reilly ដែលជាតំណាងរបស់ក្រុមហ៊ុនវង់ល្បែង Ladbrokes ឱ្យដឹងថា ទោះជាលោក Biden កំពុងតែនាំមុខនៅក្នុងការស្ទង់មតិនានា ប៉ុន្តែ អតិថិជនរបស់ពួកគេនៅតែចាក់ភ្នាល់ទៅលើលោក Trump។

ភ្នាល់ល្បែង​ជាង5លានដុល្លារអាមេរិក ព្រោះគិតថា Trump នឹងជាប់ឆ្នោតជាថ្មី
ទោះជាលោក Biden កំពុងតែនាំមុខនៅក្នុងការស្ទង់មតិនានា ប៉ុន្តែ ក្រុម​អ្នក​ភ្នាល់​ល្បែង​នៅតែចាក់ភ្នាល់ទៅលើលោក Trump

មុននេះ សារព័ត៌មាន CNN បានចេញផ្សាយថា នៅលើទំព័រ Betfair Exchange មានមនុស្សម្នាក់​បាន​ចាក់​ភ្នាល់​1​លាន​ផោន​ (1.29លានដុល្លារអាមេរិក) ទៅលើបេក្ខភាពមកពីបក្សប្រជាធិបតី Joe Biden ក្លាយជាប្រធានាធិបតីអាមេរិក។ ការចាក់ភ្នាល់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី29តុលា ប៉ុន្តែអត្តសញ្ញាណរបស់មនុស្សនេះនៅតែត្រូវបានគេរក្សាការសម្ងាត់។ បើសិនជាឈ្នះ អ្នកភ្នាល់រូបនេះនឹងទទួលបានប្រាក់ចំណេញ 540,000ផោន (697,626ដុល្លារអាមេរិក) ទន្ទឺមនឹងការទទួលបានសំណងជាប្រាក់ដើមរបស់ខ្លួនត្រលប់មកវិញ។

ជនជាតិអាមេរិកាំងមិនត្រូវបានអនុញ្ញាតឱ្យលេងល្បែងភ្នាល់ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីនោះទេ។ ប៉ុន្តែ នៅប្រទេសអង់គ្លេសវិញ ការបោះឆ្នោតប្រធានាធិបតីអាមេរិក កំពុងតែក្លាយជាព្រឹត្តិការណ៍ចាក់ភ្នាល់ធំ​ជាង​គេមិនធ្លាប់មានពីមុនមក៕

ប្រភព៖ DailyMail/CNN

Advertisement