ក្រុមហ៊ុន​អាកាស​ចរណ៍​តម្លៃ​ទាប​ Norwegian ​Air ​ក្ស័យធន

ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Norwegian Air ក្ស័យធន

Norwegian Air (ន័រវែស) ទើបតែក្លាយជាជនរងគ្រោះធំជាងគេបង្អស់់ក្នុងវិស័យអាកាសចរណ៍ ដោយ​សារ​តែ​វិបត្តិ​សុខភាពពិភពលោក។

ក្រុមហ៊ុនអាកាសចរណ៍ន័រវែស Norwegian Air កាលពីថ្ងៃទី18វិច្ឆិកា បានសម្រេចចិត្តដាក់ពាក្យសុំការការ​ពារ​លើ​ការ​ក្ស័យ​ធន​របស់​ខ្លួននៅប្រទេសអៀរឡង់ ជាមូលដ្ឋានរបស់យន្តហោះភាគច្រើននៃក្រុមហ៊ុននេះ។ យោងតាមច្បាប់ប្រទេសអៀរឡង់ ក្រុមហ៊ុននេះនឹងទទួលបានការការពារនៅចំពោះមុខម្ចាស់បំណុលក្នុងរយៈពេល100ថ្ងៃ។

Norwegian Air បានឱ្យដឹងថា៖ “គោលបំណងនៃដំណើរការនេះគឺដើម្បីកាត់បន្ថយបំណុល កែសម្រួលទំហំ​នៃក្រុម​ហោះ​ហើរ​ និង​ប្រមូលទុនថ្មី”។ ដំណើរការនេះនឹងអូសបន្លាយពេលចំនួន5ខែ។ គិតមកដល់ពេលនេះ Norwegian Air គឺជាជនរងគ្រោះធំបំផុតនៅក្នុងវិស័យអាកាសចរណ៍ ដោយសារតែមហារោគរាតត្បាត Covid-19 នេះបើតាមសារព័ត៌មាន Financial Times។

Norwegian Air ត្រូវបានបង្កើតឡើងកាលពីឆ្នាំ1993 និងបានស្គាល់ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងអំឡុង​1​ទសវត្សរ៍កន្លងទៅ។ ពួកគេប្រើប្រាស់រូបមន្តជំនួញរបស់ Ryanair នៅអឺរ៉ុប និង Southwest Airlines នៅសហរដ្ឋ​​អាមេរិក ជាមួយនឹងជើងហោះហើរឆ្លងមហាសមុទ្រអាត្លង់ទិក។ ក៏ប៉ុន្តែ មហិច្ឆតានេះបាននាំឱ្យពួកគេត្រូវជំពាក់​​បំណុលវ័ណ្ឌក។

កាលពីថ្ងៃទី18វិច្ឆិកា Norwegian បានឱ្យដឹងថា ពួកគេនឹងបន្តដំណើរការជើងហោះហើរដែលមាននាបច្ចុប្បន្ន។ មូលបត្ររបស់ក្រុមហ៊ុននេះដែលដាក់ឱ្យជួញដូរនៅលើផ្សារហ៊ុនន័រវែស បានបាត់បង់តម្លៃជាង98% នៅក្នុងឆ្នាំ​2020។ មុននេះ Norwegian ក៏ជួបបញ្ហាធំផងដែរ ដោយសារយន្តហោះ 737 Max ត្រូវបានហាមការហោះហើរពេញ20ខែ ក្រោយពីជួបគ្រោះថ្នាក់ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់។

កាលពីសប្ដាហ៍មុន Norwegian ក៏បានព្រមានថា ពួកគេត្រូវការសាច់ប្រាក់សុទ្ធបន្ថែមទៀតដើម្បីបន្តដំណើរការរហូតដល់ត្រីមាសដំបូងនៃឆ្នាំ2021 និងយូរជាងនេះ។ កាលពីខែឧសភា ក្រុមហ៊ុននេះក៏ទទួលបានប្រាក់កម្ចីជិត​299​លាន​ដុល្លារ​ពី​រដ្ឋា​ភិបាល។​ ប៉ុន្តែ​ រដ្ឋាភិបាល​ន័រវែស​ឱ្យដឹងថា នឹងមិនផ្ដល់ជំនួយបន្ថែមទៀតឡើយ។ គិតមក​ដល់​ដំណាច់ខែកញ្ញា2020 ក្រុមហ៊ុន Norwegian ជំពាក់បំណុលដល់ទៅ 48ពាន់លានក្រោន (ជាង 5.31​ពាន់​លាន​ដុល្លារអាមេរិក)៕

ប្រភព៖ CNN, FT

Advertisement