ព្រោះតែ Covid-19! ​តើ​ពិភព​លោក​ទាំង​មូល​បាន​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ហើយ​ដើម្បី​សង្គ្រោះ​សេដ្ឋ​កិច្ច?​

ព្រោះតែ Covid-19! តើពិភពលោកទាំងមូលបានចំណាយប្រាក់អស់ប៉ុន្មានហើយដើម្បីសង្គ្រោះសេដ្ឋកិច្ច?

បើទោះជាមានការបញ្ចេញកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចដ៏សម្បើមមិនធ្លាប់មានពីមុនមកក៏ដោយ ពិភពលោកនៅតែត្រូវឆ្លងកាត់វិបត្តិដ៏អាក្រក់ជាទីបំផុត រាប់ចាប់ពីទសវត្សរ៍ទី30នៃសតវត្សរ៍មុន។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំដែលត្រូវបានប្រកាសកាលពីថ្ងៃទី17វិច្ឆិកា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ចាប់តាំងពីCovid-19 បានបង្ហាញខ្លួន រដ្ឋាភិបាល និងធនាគារជាតិនៃបណ្ដាប្រទេស បានសន្យាបញ្ចេញកញ្ចប់ថវិកាជំនួយសរុបឡើងដល់ 19,500ពាន់លាន (19.5លានលាន/19,500,000,000,000.00) ដុល្លារអាមេរិក ដើម្បីទប់ស្កាត់ឱនភាពសេដ្ឋកិច្ចទូទាំងសកលលោក។ គិតមកដល់ដំណាច់ខែកញ្ញា រដ្ឋាភិបាលនានាបានប្រកាសថា បានបញ្ចេញកញ្ចប់ថវិកាជំនួយដែលមានតម្លៃជិត 12,000ពាន់លាន (12លានលាន) ដុល្លារអាមេរិក។ តួលេខនេះរបស់បណ្ដាធនាគារជាតិ មានយ៉ាងតិច 7.5លានលានដុល្លារ ក្នុងគោលដៅកាត់បន្ថយឥទ្ធិពលរបស់វិបត្តិសុខភាពទៅលើសេដ្ឋកិច្ច។

ក៏ប៉ុន្តែ បើទោះជាមានការជួយជ្រោមជ្រែងក្នុងល្បឿនយ៉ាងលឿន និងទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ដូចជាការកាត់បន្ថយពន្ធ ជំនួយក្នុងការផ្ដល់ប្រាក់ខែដល់បុគ្គលិក ការផ្ដល់ឥណទានដល់អាជីវកម្មខ្នាតតូច និងការបញ្ចុះការប្រាក់មកនៅទាបបំផុតក្ដី ក៏សេដ្ឋកិច្ចពិភពលោកនៅតែត្រូវឆ្លងកាត់វិបត្តិដែលអាក្រក់បំផុត រាប់ចាប់ពីមហាវិបត្តិកាលពីទសវត្សរ៍ទី30នៃសតវត្សរ៍មុន។ សកម្មភាពសេដ្ឋកិច្ច និងអត្រានៃការជ្រើសរើសបុគ្គលិកនៅក្នុងប្រទេសភាគច្រើន រួមទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏នៅតែទាបជាងដំណាក់កាលមុនសម័យ Covid-19។

ព្រោះតែ Covid-19! តើពិភពលោកទាំងមូលបានចំណាយប្រាក់អស់ប៉ុន្មានហើយដើម្បីសង្គ្រោះសេដ្ឋកិច្ច?
អត្រា​នៃ​ការ​បាត់​បង់​ការ​ងារ​​នៅ​ក្នុង​ពិភពលោក គឺជា​បញ្ហា​ដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ​

ថ្វីបើវ៉ាក់សាំងដែលមានសក្ដានុពល អាចជួយកែលម្អកំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ2021 តែវាមិនមានប្រយោជន៍ច្រើនក្នុងរយៈពេលខ្លីសម្រាប់ប្រទេសមួយចំនួន។ ឧបសគ្គក្នុងការទទួលបានជំនួយហិរញ្ញវត្ថុ អាចគំរាមកំហែងដល់ល្បឿននៃការងើបឡើងរបស់សេដ្ឋកិច្ច។

Kristalina Georgieva អគ្គនាយិកា​ IMF បានសង្កត់ធ្ងន់ថា៖ “បណ្ដាប្រទេសកំពុងប្រឈមនឹង “ផ្លូវឡើងទួលដ៏វែងឆ្ងាយ និងប្រកបដោយការលំបាក គ្មានស្ថិរភាព នឹងងាយស្រួលរអិលចុះមកវិញ”។

នៅសហរដ្ឋអាមេរិក បញ្ហាកំណើននៃករណីឆ្លងCovid-19 ថ្មី បញ្ហាលោក Trump មិនទទួលស្គាល់លទ្ធផលបោះ​ឆ្នោត​ជាដើម អាចធ្វើឱ្យយន្តការនៃការបញ្ចេញថវិកាជំនួយថ្មីរបស់រដ្ឋ ត្រូវពន្យារពេលយូរ។

ព្រោះតែ Covid-19! តើពិភពលោកទាំងមូលបានចំណាយប្រាក់អស់ប៉ុន្មានហើយដើម្បីសង្គ្រោះសេដ្ឋកិច្ច?
លោក​ស្រី Kristalina Georgieva ប្រធានមូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ IMF

សហភាពអឺរ៉ុបក៏កំពុងប្រឈមនឹងបញ្ហាផ្ទៃក្នុង ដែលនេះក៏អាចរាំងស្ទះការអនុម័តទៅលើការបញ្ចេញកញ្ចប់ថវិកាជំនួយដែលមានតម្លៃ 950ពាន់លានដុល្លារផងដែរ។ កញ្ចប់ថវិកាជំនួយនេះ បានស៊ីពេលអស់ជាច្រើនឆ្នាំក្នុងការចរចា ហើយបើតាមគម្រោង វានឹងត្រូវបញ្ចេញ និងប្រើប្រាស់នៅដើមឆ្នាំក្រោយ៕

ប្រភព៖ CNN

Advertisement