Elon Musk រក​បាន​ជាង​19​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​សប្ដាហ៍​នេះ

Elon Musk រកបានជាង19ពាន់លានដុល្លារនៅក្នុងសប្ដាហ៍នេះ

មូលបត្រ Tesla ទើបតែបានបញ្ចប់សប្ដាហ៍ដែលបានឡើងថ្លៃខ្ពស់បំផុតនៅក្នុងរយៈពេល3ខែមកនេះ ក្រោយពីមានដំណឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ ជិតបានក្លាយជាសមាជិកមួយរបស់ S&P 500 នៅខែក្រោយ។

សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការឡើងថ្លៃខ្ពស់របស់មូលបត្រ Tesla បណ្ដាលមកពីក្រុមអ្នកវិនិយោគ​នាំ​គ្នា​សម្រុក​ចូល​ទិញ​មូលបត្រ បន្ទាប់ពីក្រុមហ៊ុននេះត្រៀមខ្លួនចូលជា “សមាជិកក្លឹប” នៃក្រុមហ៊ុនទាំង500 ដែលមានតម្លៃបំផុតក្នុងពិភពលោក។

ក្រៅពីនេះ ការឡើងថ្លៃរបស់មូលបត្រ Tesla ក៏បានបន្ថែមទ្រព្យចំនួន19ពាន់លានដុល្លារ ទៅក្នុងសម្បត្តិរបស់ស្ថាបនិក និងជា CEO របស់ Tesla លោក Elon Musk ផងដែរ។

នៅក្នុងការជួញដូរមូលបត្រកាលពីថ្ងៃព្រហស្បតិ៍ តម្លៃមូលបត្រ Tesla មានពេលខ្លះបានឡើងដល់ 508.61ដុល្លារក្នុង1ហ៊ុន ដែលនេះបាននាំឱ្យវាក្លាយជាមូលបត្រដែលឡើងថ្លៃខ្ពស់ជាងគេនៅលើសន្ទស្សន៍ Nasdag ក្នុងសប្ដាហ៍នេះ។

សម្រាប់ថ្ងៃសុក្រសប្ដាហ៍នេះ ដោយសារតែមានអ្នកវិនិយោគមួយចំនួនបាននាំគ្នាលក់ចេញដើម្បីយកចំណេញ ធ្វើ​ឱ្យ​តម្លៃមូលបត្រ Tesla ធ្លាក់ចុះជាង1.9% ដោយបិទការជួញដូរក្នុងតម្លៃ 489.61ដុល្លារក្នុង1ហ៊ុន។

គិតជារួម ក្នុងសប្ដាហ៍នេះ មូលបត្រ Tesla បានកើនប្រមាណ 20% ដែលជាកំណើនខ្ពស់បំផុតរាប់ចាប់ពីថ្ងៃ​ទី​21​សីហា​2020។ ដោយសារកត្តានេះហើយ បាននាំឱ្យតម្លៃទុនរបស់ Tesla ឡើងដល់ 464ពាន់លានដុល្លារអាមេរិក។

យោងតាម Bloomberg បច្ចុប្បន្នលោក Elon Musk មានទ្រព្យសរុប ជាង 121ពាន់លានដុល្លារ ​កើន​​19​​ពាន់​​លាន​​ដុល្លារ​បើ​ធៀប​នឹងដើមសប្ដាហ៍នេះ។ ក្នុងឆ្នាំនេះ មហាសេដ្ឋីជនជាតិអាមរិកាំងដើមកំណើតអាហ្វ្រិកខាងត្បូងនេះ រក​បាន​ជាង​ 93​ពាន់​លាន​ដុល្លារ​អាមេរិក ដោយសារតម្លៃមូលបត្រ Tesla កើនជិត 470%។

ទ្រព្យរបស់លោក Musk នៅទាបជាង 7ពាន់លានដុល្លារប៉ុណ្ណោះ បើធៀបជាមួយនឹងទ្រព្យរបស់លោក Bill Gates ដែល​ជាស្ថាបនិករបស់ Microsoft និងជាអ្នកមានជាងគេលំដាប់ទីពីរក្នុងពិភពលោក នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់​ Bloomberg Billionaires Index។ កាលពីប៉ុន្មានថ្ងៃកន្លងទៅ លោក Elon Musk ក៏ដណ្ដើមបានចំណាត់ថ្នាក់​អ្នកមានជាងគេលំដាប់ទីបីក្នុងពិភពលោក ពីម្ចាស់ Facebook លោក Mark Zuckerberg ផងដែរ៕

ប្រភព៖ Bloomberg

 

Advertisement