Jack Ma បាត់​ខ្លួន

មហាសេដ្ឋី​ដែល​នៅ​ពីក្រោយ​ក្រុមហ៊ុន Alibaba និង Ant Group មិនបាន​បង្ហាញខ្លួន​នៅលើ​ទំព័រសារព័ត៌មាន​ណាមួយ​នោះទេ បន្ទាប់ពី​បានធ្វើការ​អត្ថាធិប្បាយ​លើកចុងក្រោយ​កាលពី​ខែតុលា ឆ្នាំ 2020។

បើទោះបី​ខ្លួន​ជា​សមាជិក​ម្នាក់​នៃ​បក្សកុម្មុយនិស្ត​ចិន លោក Jack Ma ក៏​តែងតែ​រិះគន់​យ៉ាង​ខ្លាំងក្លា​ទៅលើ​ការកំណត់​ទាក់ទង​នឹង​បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ។ ថ្មីៗនេះ លោក​បាន​ហៅ​ប្រព័ន្ធ​ធនាគារ​ដែល​ហួស​សម័យ​របស់​ចិន​ថា​ជា «ហាង​ទទួល​បញ្ចាំ​ទ្រព្យ»។ ជាង​នេះ លោក​ថែមទាំង​បានប្រកាសថា កិច្ចព្រមព្រៀង​ធនាគារ​សកល Basel ថា​ជា «ក្លឹប​សម្រាប់​មនុស្ស​ចាស់» ទៀតផង។

យោងតាម​សារព័ត៌មាន​អង់គ្លេស Dailymail ការយល់ឃើញ​របស់​ម​ហា​សេដ្ឋី​រូបនេះ បានធ្វើឱ្យ​អាជ្ញាធរ​ចិន​មានការ​ខឹងសម្បា។ សកម្មភាព​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​បង្កបញ្ហា​ដល់​អាជ្ញាធរ​ចិន​នេះ បាន​នាំឱ្យមាន​ការស៊ើបអង្កេត​ខុសធម្មតា​ទៅលើ​សកម្មភាព​ជំនួញ​របស់​ក្រុមហ៊ុន Alibaba។

កាលពី​ខែវិច្ឆិកា ឆ្នាំ 2020 រដ្ឋាភិបាល​ចិន​បានចាប់ផ្ដើម​ធ្វើ​សកម្មភាព​រឹតបន្តឹង​លើ​លោក Jack Ma ដោយ​ការផ្អាក​ការបោះ​ផ្សាយ​មូល​ប​ត្រ (IPO) ដែលមាន​តម្លៃ 37 ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ក្រុមហ៊ុន Ant Group ទៅតាម​បញ្ជា​ផ្ទាល់​របស់​ប្រធានាធិបតី​ចិន លោក Xi Jinping នេះ​បើតាម​សារព័ត៌មាន Wall Street Journal។

ក្រោយមក ការស៊ើបអង្កេត​លើ​ការរកស៊ី​ផ្ដាច់មុខ​ទៅលើ​ក្រុមហ៊ុន Alibaba ក៏ត្រូវ​បានប្រកាស​កាល​ពី​យប់​ថ្ងៃបុណ្យ​ណូអែល នេះ​បើតាម​សារព័ត៌មាន Bloomberg។ ក្រុមមន្ត្រី​រដ្ឋាភិបាល​ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា Ant Group របស់លោក Jack Ma កាត់បន្ថយ​ទំហំ​នៃ​សកម្មភាព​ពាណិជ្ជកម្មរ​បស់​ខ្លួន។

លោក Jack Ma ក៏​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង ពី​កម្មវិធី​ទូរទស្សន៍​ស្វែងរក​ជំនាញ​ដែលមាន​ឈ្មោះថា «អ្នកក្លាហាន​ក្នុង​វិស័យ​ជំនួញ​នៅ​អាហ្វ្រិក» ដែល​លោក​ជា​អ្នក​បង្កើតឡើង។ ជាក់ស្ដែង លោក Ma គួរតែមាន​វត្តមាន​ក្នុងនាម​ជា​គណកម្មការ​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​លោក​បែរជា​ត្រូវបាន​ជំនួស​ដោយ​នាយក​ប្រតិបត្តិ​ម្នាក់​ផ្សេងទៀត​របស់ Alibaba ដោយ​លើក​មូល​ហេតុថា «កាលបរិច្ឆេទ​ត្រូវបាន​រំខាន»។

អាជ្ញាធរ​ចិន​ត្រូវបាន​គេ​មើលឃើញថា តែងតែ​ធ្វើការ​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អ្នក​ដែល​បាន​រិះគន់​បញ្ហា​ផ្ទៃក្នុង។ កាលពី​ខែមីនា ឆ្នាំ 2020 មហាសេដ្ឋី​ផ្នែក​អចលនទ្រព្យ Ren Zhiqiang ក៏បាន​បាត់​ខ្លួន ក្រោយពី​បាន​ហៅ​ប្រធានាធិបតី​ចិន​ថា​ជា «មេ​ត្លុក» ក្នុងការ​ដោះស្រាយ​វិបត្តិ Covid-19។ មិត្តភក្ដិ​របស់លោក Ren Zhiqiang បានឱ្យដឹងថា ពួកគេ​មិនអាច​ទាក់ទង​ទៅ​លោក Zhiqiang បាន ហើយ 6 ខែក្រោយ ស្រាប់តែ​លោក Zhiqiang ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល 18 ឆ្នាំ «ក្រោយពី​បាន​សារភាព​ដោយ​ស្ម័គ្រចិត្ត និង​ស្មោះត្រង់» អំពី​ទោសកំហុស​ជាច្រើន​ទាក់ទង​នឹង​បញ្ហា​ពុករលួយ។

ការស៊ើបអង្កេត​ប្រឆាំងនឹង​ភាពផ្ដាច់មុខ រួម​ជាមួយនឹង​ការអធិប្បាយ​កាលពី​ខែតុលា ឆ្នាំ 2020 បានធ្វើឱ្យ​តម្លៃ​មូល​ប​ត្រ​របស់ Alibaba ធ្លាក់ចុះ 25% បើ​ធៀប​នឹង​តម្លៃ​ខ្ពស់បំផុត ដែល​ប្រការនេះ​ក៏បាន​នាំឱ្យ​ប្រាក់​ជាង 10 ពាន់​លាន​ដុល្លារ​អាមេរិក «បាត់​ខ្លួន» ពី​ទ្រព្យសម្បត្តិ​សុទ្ធ​របស់លោក Jack Ma។ យោងតាម Bloomberg បច្ចុប្បន្ន លោក Ma មានទ្រព្យ​សុទ្ធ​ប្រមាណ 63.1 ពាន់​លាន​ដុល្លារ​អាមេរិក ឈរ​លំដាប់​ទី​បី​នៅក្នុង​បញ្ជី​ឈ្មោះ​អ្នកមាន​ជាងគេ​នៅ​ប្រទេស​ចិន៕

ប្រភព៖ DailyMail

Advertisement