ប្រាក់ខែ CEO របស់ Apple ក្នុង​ឆ្នាំ 2020 កើន​ជិត 30%

CEO របស់​ក្រុម​ហ៊ុន​ Apple លោក Tim Cook

ក្នុង​ឆ្នាំ 2020 ប្រាក់បៀវត្ស​សរុប​ប្រចាំឆ្នាំ​របស់លោក Tim Cook ដែលជា CEO នៃ​ក្រុមហ៊ុន Apple បាន​កើន​ជិត 30% ពោលគឺ​ខ្ទង់ 15 លាន​ដុល្លារ​អាមេរិក នៅពេលដែល​ក្រុមហ៊ុន​ផលិត iPhone នេះ បាន​រីកចម្រើន​ខ្លាំង​ក្នុងសម័យ Covid-19។

យោងតាម​សេចក្ដីប្រកាស​របស់ Apple ប្រាក់រង្វាន់​របស់ CEO Tim Cook បាន​កើនឡើង 28% ក្នុង​ឆ្នាំ 2020 បើ​គិត​ជា​ទឹកប្រាក់ ស្មើនឹង 14,769,259 ដុល្លារ​អាមេរិក។ ឆ្នាំ 2019 ប្រាក់​ដែល​លោក​រកបាន (មិនទាន់​បូករួម​ទាំង​រង្វាន់​ជា​មូល​ប​ត្រ) ចំនួន 11,555,466 ដុល្លារ។

ជា​សរុប ថ្នាក់ដឹកនាំកំពូលៗចំនួន 5 រូប​របស់ Apple (Tim Cook, នាយក​ផ្នែក​ហិរញ្ញវត្ថុ Luca Maestri, នាយក​ផ្នែក​ច្បាប់ Kate Adams, នាយក​ផ្នែក​លក់រាយ Deirdre O’Brien, នាយក​ប្រតិបត្តិ Jeff Villiams) ត្រូវ​បានផ្ដល់​ប្រាក់បៀវត្ស​ចំនួន 119,8 លាន​ដុល្លារ កើន 13% ធៀប​នឹង​ឆ្នាំ 2019។

កាលពី​ខែសីហា ឆ្នាំ 2020 CEO របស់ Apple បាន​ក្លាយជា​មហាសេដ្ឋី​ជា​ផ្លូវការ ដោយសារ​ប្រាក់ចំណូល និង​មូល​ប​ត្រ​ដែល​លោក​មាននៅ​ក្នុង​ក្រុមហ៊ុន Apple។

ប្រាក់បៀវត្ស​គោល​របស់លោក Tim Cook គឺ 3 លាន​ដុល្លារ មិនមាន​ការប្រែប្រួល​បើ​ធៀប​នឹងឆ្នាំមុន។ លោក Tim Cook ក៏​ទទួលបាន​រង្វាន់​ផ្នែក​ពាណិជ្ជកម្ម​ចំនួន 10,7 លាន​ដុល្លារ​ផងដែរ។ ក្រៅពីនេះ Apple ថែមទាំង​ចំណាយ​ប្រាក់ 1 លាន​ដុល្លារ​ផ្សេងទៀត​ទាក់ទង​នឹង​តំណែង CEO មានដូចជា 470,000 ដុល្លារ​សម្រាប់​សន្តិសុខ និង 430,000 ដុល្លារ​សម្រាប់​ការធ្វើដំណើរ។

Apple បានឱ្យដឹងថា ប្រាក់បៀវត្ស​របស់ CEO ខ្ពស់ជាង 256 ដង បើ​ធៀប​នឹង​ប្រាក់បៀវត្ស​ជា​មធ្យម​របស់​បុគ្គលិក (57,783 ដុល្លារ) ក្នុង​ឆ្នាំ 2020។ ឆ្នាំ 2019 អត្រា​នេះ​ខុសគ្នា​ចំនួន 200 ដង៕

ប្រភព៖ BI

Advertisement