ខាតបង់​ប្រាក់​អស់ 300 លាន ដោយ​​សារ​​មូល​ប​ត្រ កំលោះ​វ័យ 27ឆ្នាំ សម្រេចចិត្ត​លោត​ពី​ស្ពាន​សម្លាប់ខ្លួន

ការលេង​មូល​ប​ត្រ​នៅលើ​កម្មវិធី​ទូរស័ព្ទ នាំឱ្យ​កំលោះ​ជនជាតិ​វៀតណាម​ម្នាក់ វ័យ 27 ឆ្នាំ ខាតបង់​ប្រាក់​អស់​ចំនួន 300 លាន​ដុង។ ក្នុងពេល​ទាល់ច្រក កំលោះ​រូបនេះ​ក៏បាន​នឹកឃើញ​ដល់​ដំណោះស្រាយ​មួយ នោះ​គឺ​សម្លាប់ខ្លួន​ដោយ​លោត​ពីលើ​ស្ពាន​ចូលទៅក្នុង​ទឹកទន្លេ។

ក៏ប៉ុន្តែ សំណាងអាក្រក់ គោលបំណង​ធ្វើអត្តឃាត​កាលពី​ព្រលប់​ថ្ងៃទី 5 មករា នៅឯ​ខណ្ឌ Cai Rang ទីក្រុង Can Tho ភាគខាងត្បូង​ប្រទេស​វៀតនាម របស់​កំលោះ​នេះ​មិន​ទទួលបាន​ជោគជ័យ​នោះទេ ដោយសារ​តែមាន​ក្រុមប៉ូលិស​មកជួយ​សង្គ្រោះ ក្នុង​គ្រា​បុរស​អស់សង្ឃឹម​នេះ​កំពុង​ត្រៀម​លោត​ពីលើ​ស្ពាន។

ប្រភពព័ត៌មាន​ឱ្យដឹងថា ដំបូង​ឡើយ នៅវេលា​ម៉ោង​ប្រហែល 15 រសៀល មន្ត្រី​សន្តិសុខ​ប្រចាំ​ស្ពាន Can Tho បាន​មើលឃើញ​កំលោះ​ម្នាក់​ឈប់​ម៉ូតូ​លើ​ស្ពាន រួច​តោង​ឡើង​ឆ្លងកាត់​បង្កាន់ដៃស្ពាន ដើម្បី​លោត​សម្លាប់ខ្លួន ភ្លាមនោះ សន្តិសុខ​ក៏បាន​រាយការណ៍​ដល់​ស​ម​ត្ថ​កិច្ច។

មិនយូរប៉ុន្មាន ក្រុមប៉ូលិស​ក៏​មកដល់​កន្លែងកើតហេតុ និង​បានស្នើ​កម្លាំង​ជំនួយ​បន្ថែម។ ម៉ោង​ប្រហែល 17 ល្ងាច អនុប្រធាន​នគរបាល​សង្កាត់ Hung Phu ក៏បាន​ឡើងទៅ​ក្បែរ រួច​ក៏​នាំគ្នា​អូស​កំលោះ​នេះ​ចេញពី​តំបន់​គ្រោះថ្នាក់។

ក្រោយ​ការស្រាវជ្រាវ ប៉ូលិស​ឱ្យដឹងថា បុរស​នេះ​មាន​ឈ្មោះថា L.H.D កើត​ឆ្នាំ 1994 មកពី​ខេត្ត Tra Vinh (ព្រះ​ត្រពាំង) ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម។

L.H.D បានឱ្យដឹងថា នៅ​ពាក់កណ្ដាល​ឆ្នាំ 2019 ខ្លួន​បាន​ទៅកាន់​ហាង​លក់​ទូរស័ព្ទ​មួយកន្លែង​ដើម្បី​ខ្ចីប្រាក់ និង​បានធ្វើ​ឯកសារ​សរុប​ចំនួន 15 ច្បាប់ (11 ច្បាប់​នៅលើ app ទូរស័ព្ទ ជាមួយនឹង​ប្រាក់​ប្រហែល 120 លាន​ដុង និង 4 ច្បាប់​ទៀត​ធ្វើ​នៅឯ​ហាងផ្សេងៗ ដែលមាន​តម្លៃ​សរុប​ប្រហែល 220 លាន​ដុង)។

ក្រោយពី​ខ្ចី​បាន​ប្រាក់ L.H.D ក៏បាន​ប្រើប្រាស់​វា​ទៅក្នុង​គោលដៅ​ផ្ទាល់ខ្លួន។ L.H.D បាន​ទៅកាន់​ធនាគារ​មួយ​ដើម្បី​ដាក់​ប្រាក់ បន្ទាប់មក​ក៏បាន​ប្រើប្រាស់​កម្មវិធី​មួយ​នៅលើ​ទូរស័ព្ទ​ដើម្បី​ផ្ទេរប្រាក់​នៅក្នុង​ការលេង​មូល​ប​ត្រ​លើ​កម្មវិធី​នេះ។ គិត​មកដល់​ដំណាក់កាល​ត្រៀម​ធ្វើអត្តឃាត L.H.D បាន​ខាតបង់​ប្រាក់​អស់​ប្រមាណ​ជា 300 លាន​ដុង (13,000 ដុល្លារ​អាមេរិក)។

ដោយសារតែ​ជំពាក់​បំណុល​ច្រើនពេក និង​គ្មាន​លទ្ធភាព​សង បូករួម​នឹង​ការគិត​ខ្លី L.H.D ក៏​នឹកឃើញ​ដល់​ការ​សម្លាប់ខ្លួន​ដើម្បី​បញ្ចប់​បញ្ហា។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​ទាក់ទង​ទៅកាន់​សាច់ញាតិ ដើម្បី​មក​ទទួល​កំលោះ​នេះ​ត្រលប់​ទៅផ្ទះ​វិញ៕

ប្រភព៖ CB

Advertisement