រូបិយវត្ថុ​ឌីជីថល​ Bitcoin ឡើងថ្លៃ​លើស 35,000 USD/bitcoin ខណៈ​តម្លៃ​ទុន​សរុប​ឡើងដល់​ជាង 650 ពាន់​លាន​ដុល្លារ

តម្លៃ​រូបិយវត្ថុ​ឌីជីថល​ដែល​ពេញនិយម​បំផុត​ក្នុង​ពិភពលោក បាន​បង្កើត​កំណត់ត្រា​ថ្មី​ជា​បន្តបន្ទាប់ ដោយ​ប៉ុន្មាន​ម៉ោង​មុននេះ វា​មានតម្លៃ​ឡើងដល់​ជាង 35,000 ដុល្លារ​ក្នុង​មួយ bitcoin។

រូបិយវត្ថុ​ឌីជីថល Bitcoin បាន​ឡើងថ្លៃ​កាលពី​ថ្ងៃត្រង់ ពី 33,800 ដុល្លារ ឡើងដល់ 35,751 ដុល្លារ ដោយ​ប្រើពេល​មិន​ដល់ 1 ម៉ោង។ CoinDesk បានឱ្យដឹងថា ពេលនេះ 1 bitcoin ត្រូវបាន​គេ​ជួញដូរ​ក្នុងតម្លៃ​ប្រហែល 35,100 ដុល្លារ​អាមេរិក។ ដូច្នេះ តម្លៃ​របស់​វា​បាន​កើនឡើង​ជាង 12.5% នៅក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ។

កាលពី​ថ្ងៃទី 2 ខែមករា Bitcoin បានចាប់ផ្ដើម​ឆ្នាំ​ថ្មី​ដោយ​ការ «លោត» ឆ្លងកាត់​ចំណុច 30,000 ដុល្លារ និង​បន្ត​កើនឡើង​លើសពី 33,000 ដុល្លារ​ក្នុង 1 bitcoin ដោយ​ចំណាយពេល​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​នោះ។ នៅក្នុង​ការជួញដូរថ្មីៗនេះ តម្លៃ​របស់ Bitcoin បាន​ឡើង-ចុះ​ពិបាក​ស្មាន​ត្រូវ ព្រោះ​ពេលខ្លះ​វា​បាន​ធ្លាក់​ដល់ 29,400 ដុល្លារ​ក៏មាន។

ពេញ​មួយឆ្នាំ 2020 Bitcoin បាន​កើនឡើង 300% ខណៈ​ក្នុង​ខែធ្នូ ឆ្នាំ 2020 វា​បាន​កើនឡើង 50%។ មូលហេតុ​ដែលនាំឱ្យ​តម្លៃ​របស់ Bitcoin ឡើងថ្លៃ​ខ្ពស់ គឺ​ដោយសារ​មាន​មនុស្ស​កាន់តែច្រើន​ចាត់ទុកថា វា​ជា​មាស​ឌីជីថល និង​ទាក់ទាញ​បាន​អ្នកវិនិយោគ ក៏ដូចជា​មូលនិធិ​ជាច្រើន មានដូចជា Skybridge Capital, MassMutual និង Guggenheim ជាដើម។

តារាង​ដែល​បង្ហាញ​អំពី​តម្លៃ​ឡើង​ចុះ​របស់​ Bitcoin

ការដែល​ធនាគារកណ្ដាល​របស់​សហរដ្ឋអាមេរិក (Federal Reserve System – Fed) និង​ធនាគារជាតិ​នៃ​បណ្ដា​ប្រទេស បាន​បន្ធូរបន្ថយ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដែល​បណ្ដាលមកពី Covid-19 ក៏បានផ្ដល់​ផលប្រយោជន៍​ដល់ Bitcoin ផងដែរ។ ដោយសារ​ប្រការនេះ​ត្រូវបាន​ចាត់ទុកថា​ជា​កាតាលីករ​ធ្វើឱ្យមាន​អតិផរណា ដែល​អាច​ជាន់ពន្លិច​ត​ម្លៃ​រូបិយ​បណ្ណ​ដុល្លារ​អាមេរិក ដូច្នេះ តម្លៃ​របស់ Bitcoin ក៏​កើនឡើង។

អស្ថិរភាព​នយោបាយ​នៅ​ទូទាំង​ពិភពលោក ឥទ្ធិពល​របស់ Covid-19 និង​ការព្រួយបារម្ភ​អំពី Brexit (Brexit គឺជា​​ព្រឹត្តិ​ការណ៍​​ដែល​​អង់គ្លេស​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​និង​សហគមន៍​ថាមពល​អា​តូ​ម៉ិ​ក​អឺរ៉ុប កាលពី​ដំណាច់​ថ្ងៃទី 31 ខែមករា ឆ្នាំ 2020 (ម៉ោង​នៅ​អឺរ៉ុប)) ក៏ត្រូវ​បាន​គេ​ជឿថា បានធ្វើឱ្យ​ក្រុម​អ្នកវិនិយោគ​រត់ទៅរក Bitcoin។

បច្ចុប្បន្ន តម្លៃ​ទុន​សរុប​របស់​រូបិយវត្ថុ​ឌីជីថល Bitcoin មាន​ទំហំ​ប្រមាណ 654 ពាន់​លាន (654,000,000,000) ដុល្លារ​អាមេរិក៕

ប្រភព៖ CoinDesk

Advertisement