Elon Musk ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក

មហាសេដ្ឋី Elon Musk ដែលជា CEO របស់​ក្រុមហ៊ុន Tesla និង​ជា CEO របស់ SpaceX ទើបតែ​បាន​បង្កើត​កំណត់ត្រា​ថ្មី​ប្រកបដោយ​ភាពមិនធម្មតា។

យោងតាម​ទិន្នន័យ​របស់ Bloomberg អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk បច្ចុប្បន្ន​មានទ្រព្យ​នៅក្នុង​ដៃ​ដែលមាន​តម្លៃ 194.8 ពាន់​លាន​ដុល្លារ​អាមេរិក ច្រើនជាង 9.5 ពាន់​លាន​ដុល្លារ​បើ​ធៀប​ជាមួយនឹង​លោក Jeff Bezos ដែលជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon និង​ជា​អ្នក​ដែល​ធ្លាប់បាន​កាន់កាប់​តំណែង​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក ចាប់ពី​ខែតុលា ឆ្នាំ 2017។

នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បរិបទ «មិនធម្មតា» សម្រាប់​លោក Elon Musk និង​ជា​ប្រការ​មួយ​ដែល​ជួយ​ឱ្យ​ជោគជ័យ​របស់​មហាសេដ្ឋី​រូបនេះ អូសបន្លាយ​បន្ត​ទៅមុខទៀត។ ក្នុង​ឆ្នាំ 2020 មូល​ប​ត្រ​របស់ Tesla បាន​កើនឡើង​ជាង 740% ដែល​ក្នុង​កម្រិត​នេះ ក្រុម​អ្នក​ដែល​ឈប់​ជឿជាក់​លើ Tesla បាន​ខាតបង់​ជាង 38 ពាន់​លាន​ដុល្លារ ដោយសារ​បាន​លក់​មូល​ប​ត្រ​របស់​ពួកគេ។

បច្ចុប្បន្ន Tesla គឺជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ទុន​ខ្ពស់​ជាងគេ​បង្អស់​បើ​ធៀប​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃ។ កាលពី​ឆ្នាំ 2020 Tesla បានប្រគល់​រថយន្ត​ជូន​ដល់ដៃ​អតិថិជន​ចំនួន 499,550 គ្រឿង ក្នុងនោះ​មាន 180,570 គ្រឿង​ត្រូវបាន​លក់​ក្នុង​ត្រីមាស​ទី​បួន។

កំណើន​មិន​ឈប់ឈរ​នៃ​មូល​ប​ត្រ​របស់ Tesla បាននិងកំពុង​នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ។ ព្រោះថា ក្រៅពី​កាន់កាប់​មូល​ប​ត្រ 20% លោក Musk ក៏​កំពុង​កាន់កាប់​ប្រាក់ចំណេញ​ប្រមាណ 40 ពាន់​លាន​ដុល្លារ​ដែល​បានមកពី​សិទ្ធិ​ជ្រើសរើស​មូល​ប​ត្រ​ដែលជា​រង្វាន់​របស់​ក្រុមហ៊ុន​សម្រាប់​រូបលោក។ តួលេខ​មូល​ប​ត្រ​ទាំងនេះ​បានមកពី​ខ្ទង់​រង្វាន់​ចំនួន​ពីរ​នៅ​ឆ្នាំ 2021 និង​ឆ្នាំ 2018 ហើយ​នេះ​គឺជា​ខ្ទង់​រង្វាន់​ដែល​ធំ​មិន​ធ្លាប់​បានឃើញ​ពីមុនមក​សម្រាប់ CEO ម្នាក់ និង​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន។

ក្រុមអ្នកវិភាគ​អះអាងថា Elon Musk ប្រៀបដូចជា​កូន Nicola Tesla ដែលជា​អ្នកប្រាជ្ញ​ជនជាតិ​អាមេរិកាំង​ដើមកំណើត​ស៊ែ​ប៊ី ដែល​បាន​រកឃើញ​អគ្គិសនី​ចរន្តឆ្លាស់ Alternating Current (AC) រួម​នឹង​ប័ណ្ណ​ប៉ាតង់​ចំនួន 300 និង​របក​គំ​ឃើញ​ជាច្រើន​ផ្សេងទៀត។ លោក Musk គឺជា​មនុស្ស​ម្នាក់​ដែល​ហាក់​មានអំណាច​ដ៏​អាថ៌កំបាំង​ដែល​មិនទាន់មាន​អ្នកណា​ដឹង។ មហាសេដ្ឋី​រូបនេះ​មានការ​ច្នៃប្រឌិត​ឥត​ដែន​កំណត់​របស់ NicolaTesla ឬ Leonardo da Vinci។

មនុស្ស​មួយចំនួន​បានចាត់ទុក​លោក Elon Musk ដូច​ទៅនឹង​មនុស្ស​ដែលមាន​ចក្ខុវិស័យ​កម្រិត​កំពូល។ ចំណែក​អ្នកខ្លះ​ថា លោក​ជាម​នុស្ស​បោកប្រាស់ កំពូល​អ្នក​អង់អាច និង​ប្រកបដោយ​គ្រោះថ្នាក់។ ប៉ុន្តែ អ្នកជំនួញ វិស្វករ សប្បុរសជន និង​ជា​កំពូល​អ្នក​ចូលចិត្ត​ធ្វើ​ឱ្យគេ​រងរបួស​ផ្លូវចិត្ត​ដោយ​សម្ដី​រូបនេះ គឺ​ពិតជា «ពូជ​កម្រ» របស់​មនុស្ស​នៅក្នុង​សហស្ស​វត្សរ៍​ទី 21៕

Advertisement