ទ្រព្យ​របស់ Elon Musk បន្ត​កើនឡើង​លើសពី 200 ពាន់​លាន​ដុល្លារ

ទ្រព្យ​របស់ Elon Musk បន្ត​កើនឡើង​លើសពី 200 ពាន់​លាន​ដុល្លារ

មហាសេដ្ឋី Elon Musk បន្ត​បង្កើត​កំណត់ត្រា​ថ្មី​អំពី​ទំហំ​ទ្រព្យសម្បត្តិ​ដែល​លោក​កំពុង​កាន់កាប់ ក្រោយពី​បាន​ដណ្ដើមបាន​តំណែង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក ពី​មហាសេដ្ឋី Jeff Bezos។

បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី 8 មករា មូល​ប​ត្រ Tesla បាន​កើនឡើង​ខ្ពស់ ជួយ​ឱ្យទ្រព្យរបស់​លោក Elon Musk កើន​លើសពី 200 ពាន់​លាន​ (200,000,000,000) ​ដុល្លារ​អា​មេ​មេ​រិ​ក​ជា​លើកដំបូង។

យោងតាម Bloomberg Billionaires Index បច្ចុប្បន្ន មហាសេដ្ឋី​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ កាន់កាប់​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​សរុប​ចំនួន 209 ពាន់​លាន​ដុល្លារ​អាមេរិក ច្រើនជាង 23 ពាន់​លាន​ដុល្លារ​បើ​ធៀប​នឹង​មហាសេដ្ឋី Jeff Bezos។ រាប់​ចាប់ពី​ដើមឆ្នាំ 2021 មកដល់​បច្ចុប្បន្ន CEO របស់ Tesla រក​បាន​​ប្រាក់​បន្ថែមចំនួន 39.6 ពាន់​លាន​ដុល្លារ។

កាលពី​ខែសីហា ឆ្នាំ 2020 អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon លោក Jeff Bezos បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែលមាន​ទ្រព្យ​ចំនួន 200 ពាន់​លាន​ដុល្លារ។ ប៉ុន្តែ មិនយូរប៉ុន្មាន តួលេខ​នេះ​បាន​ធ្លាក់ចុះ ដោយសារ​មូល​ប​ត្រ Amazon ធ្លាក់​ថ្លៃ។ ក្រោយមក ទ្រព្យ​របស់លោក Bezos ជាថ្មី​ម្ដងទៀត បាន​កើនឡើង​លើស​ពី 200 ពាន់​លាន​ដុល្លារ​កាលពី​ខែតុលា ឆ្នាំ 2020។

បច្ចុប្បន្ន ពិភពលោក​ទាំងមូល មាន​មហាសេដ្ឋី​ចំនួន 5 រូប ដែលមាន​ទ្រព្យ​ចាប់ពី 100 ពាន់​លាន​ដុល្លារ​អាមេរិក​ឡើងទៅ។ ក្រៅពី Elon Musk និង Jeff Bezos ក៏មាន​លោក Bill Gates សហ​ស្ថាបនិក​របស់ Microsoft (134 ពាន់​លាន​ដុល្លារ) លោក Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH (117 ពាន់​លាន​ដុល្លារ) និង​លោក Mark Zuckerberg CEO របស់ Facebook  (101 ពាន់​លាន​ដុល្លារ)។

មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅ​អាស៊ី Zhong Shanshan (អ្នកជំនួញ​ចិន) និង​កំពុង​កាន់កាប់​​ទ្រព្យ​ដែលមាន​តម្លៃ​សរុប 95.1 ពាន់​លាន​ដុល្លារ​អាមេរិក នឹង​អាចមាន​ឈ្មោះ​ក្នុង​ក្រុម​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​លើសពី 100 ពាន់​លាន​ដុល្លារ​នាពេល​ដ៏​ខ្លី​ខាងមុខ៕

ប្រភព៖ Bloomberg

Advertisement