មហាសេដ្ឋីលំដាប់ទីមួយដំបូងគេក្នុងពិភពលោក ជាអ្នកណា និងមានស្ថានភាពបែបណានាបច្ចុប្បន្ន?

លោក Yoshiaki Tsutsumi

បច្ចុប្បន្ន ឈ្មោះ Bill Gates, Warren Buffett, Jeff Bezos និង Elon Musk ជាដើម ជា​បុគ្គល​ធ្លាប់​នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​របស់​ទស្សនាវដ្ដី Forbes ឬ Bloomberg (ឬ​ទាំងពីរ​តែម្ដង) ដែល​ត្រូវ​មហាជន​ស្គាល់​ច្រើន ប៉ុន្តែ គេ​ហាក់ដូច​កម្រ​បានឮ​ឈ្មោះ Yoshiaki Tsutsumi ដែល​ធ្លាប់ជា​អ្នកមាន​ផុត​លេខ​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន។

ជាមួយនឹង​ទ្រព្យ​ដែលមាន​តម្លៃ​សរុប​ជិត 20 ពាន់​លាន​ដុល្លារ​អាមេរិក អ្នកជំនួញ​ជនជាតិ​ជប៉ុន Yoshiaki Tsutsumi គឺជា​បុគ្គល​ដំបូង​គេ​ដែល​ត្រូវបាន Forbes លើក​ជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក​កាលពី​ឆ្នាំ 1987។ បន្ទាប់មក លោក Yoshiaki Tsutsumi ក៏បាន​បន្ត​គ្រប់គ្រង​តំណែង​នេះ​រហូតដល់​ឆ្នាំ 1990 និង​ឆ្នាំ 1993-1994។ ជា​សរុប លោក Yoshiaki Tsutsumi ធ្លាប់បាន​ស្ថិតនៅលើ​កំពូល​តារាង​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​របស់​ទស្សនាវដ្ដី Forbes ដល់​ទៅ 6 លើក។

លោក Yoshiaki Tsutsumi កើន​ឆ្នាំ 1934 នៅក្នុង​គ្រួសារ​អ្នកមាន​ស្ដុកស្ដម្ភ​មួយ​នៅ​ជប៉ុន។ ឪពុក​របស់លោក Yoshiaki Tsutsumi គឺជា​ជីតា​របស់​ក្រុមគ្រួសារ​មួយ​ក្នុងចំណោម​ត្រកូល​នានា​ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា​បំផុត​ក្នុងសង្គម​ជប៉ុន​នា​សម័យ​ទំនើប។ លោក Yoshiaki Tsutsumi កាលនោះ​គឺជា​ប្រធាន​ក្រុមហ៊ុន Seibu ដែលជា​ក្រុមហ៊ុន​មានអំណាច​បំផុត​ក្នុង​វិស័យ​ផ្លូវដែក សណ្ឋាគារ និង​អចលនទ្រព្យ នៅ​ប្រទេស​ជប៉ុន។

លោក​ Yoshiaki Tsutsumi

អាយុ 30 ឆ្នាំ លោក Yasujiro បានទទួល​មរតក និង​គ្រប់គ្រង​ក្រុមហ៊ុន ក្រោយ​មរណភាព​របស់​ស្ថាបនិក​ដែលជា​ឪពុក​របស់ខ្លួន។ ក្រោយពី​បាន​ឡើងកាន់​កាប់ លោក​Tsutsumi ក៏បាន​បន្ត​ដឹកនាំ​ក្រុមហ៊ុន Seibu ប្រកបដោយ​ការរីកចម្រើន។ Tsutsumi បាន​ទិញ​សណ្ឋាគារ​ជាច្រើន​កន្លែង តំបន់​លេង​ស្គី​លើទឹក​កក ទីលាន​វាយកូនគោល​ជាដើម និង​បានធ្វើឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់ខ្លួន​ក្លាយជា​ក្រុមហ៊ុនមេ​ធំ​ដ៏​សម្បើម​មួយ​ក្នុង​ពិភពលោក។

ហេតុអ្វី​ពេលនេះ មិនមាន​អ្នកណា​រំលឹក​ដល់​ឈ្មោះ Tsutsumi ទៀត?

Tsutsumi ធ្លាប់មានអ្វីៗគ្រប់យ៉ាង និង​ធ្លាប់​ស្ថិតនៅលើ​ចំណុចកំពូល​នៃ​ក្ដីសង្ឃឹម។ ប៉ុន្តែ គួរឱ្យ​ស្ដាយ ជីវិត​បន្ទាប់មក​រប​ស់លោក បែរជា​មិន​ទទួលបាន​លទ្ធផល​ល្អ​ទៅវិញ។ វិបត្តិ​អចលនទ្រព្យ​នៅ​ជប៉ុន​បាន​ដួល​កើតឡើង​ចន្លោះ​ឆ្នាំ 1986 ដល់ 1991 បណ្ដាលឱ្យ​សេដ្ឋកិច្ចជាតិ​ត្រូវ​ដាំ​ក្បាល​ចុះ។ បញ្ហា​នេះ​បានធ្វើឱ្យ Seibu ធ្លាក់​ទៅក្នុង​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ នៅមាន​កត្តា​ផ្សេង​មួយទៀត​ដែលនាំឱ្យ Seibu ត្រូវ​ដួលរលំ​ទាំងស្រុង នោះ​គឺ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ជប៉ុន។

ក្នុង​ឆ្នាំ 2004 ជប៉ុន​បាន​បង្កើត​ស្ដង់ដា​គណនេយ្យ​ថ្មី និង​គ្រប់គ្រង​លើ​បណ្ដា​ក្រុមហ៊ុន​យ៉ាង​តឹងរ៉ឹង។ Seibu បាន​ក្លាយជា​គោលដៅ​របស់​រដ្ឋាភិបាល និង​ត្រូវបាន​រកឃើញ​កំហុស​យ៉ាងច្រើន។ ចុងក្រោយ ពួកគេ​ក៏ត្រូវ​បង្ខំចិត្ត​លុបចោល​ការបោះ​ផ្សាយ​លក់​មូ​លប​ត្រ​នៅក្នុង​ផ្សារ​ហ៊ុន Tokyo។

លោក Yoshiaki Tsutsumi បច្ចុប្បន្ន​មាន​អាយុ 86​ ឆ្នាំ

នេះ​គឺជា​កាលៈទេសៈ​ដ៏​មហា​សែន​អាក្រក់​នៅក្នុង​ជីវិត​របស់លោក Yoshiaki Tsutsumi ក៏ដូចជា​សមាជិក​រប​ស់​ត្រកូល Tsutsumi។ ឆ្នាំ 2005 លោក Yoshiaki Tsutsumi ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​ចោទថា​បានធ្វើ​ការជួញដូរ​ក្រៅច្បាប់ និង​ក្លែង​ឯកសារ។ លោក Yoshiaki Tsutsumi ត្រូវ​ពិន័យ 50,000 ដុល្លារ​អាមេរិក និង​ជាប់ពន្ធនាគារ 4 ឆ្នាំ។

ប៉ុន្តែ ភាពអាម៉ាស់​របស់លោក មិនមែនជា​ការដែល​ត្រូវ​ពិន័យ និង​ជាប់ពន្ធនាគារ​នោះទេ តែ​គឺជា​ការបាត់បង់ «អាណាចក្រ» Seibu។ នៅពេល Seibu ជួប​រឿងអាស្រូវ លោក Yoshiaki Tsutsumi ក៏ត្រូវ​ចាកចេញ​ពី​តំណែង​នានា​ដែល​លោក​កំពុង​កាន់កាប់​នៅក្នុង​ក្រុមហ៊ុន​នេះ។ «ទ្រព្យសម្បត្តិ​រាប់ពាន់​លាន​ដុល្លារ​របស់លោក ត្រូវ​បាត់បង់​ទាំងស្រុង​ក្នុង​រយៈពេល​ដ៏​ខ្លី​ជាទីបំផុត» នេះ​បើតាម​សារព័ត៌មាន Business Insider។

បច្ចុប្បន្ន លោក Tsutsumi មាន​វ័យ 86 ចូល 87 ឆ្នាំ​ហើយ។ ដូច្នេះ ពិតជា​ពិបាក​ខ្លាំងណាស់​ក្នុង​ការដែល​លោក​អាច​សាង​កេរ្តិ៍ឈ្មោះ​ជាថ្មី៕

ប្រភព៖ BI

Advertisement