«បិទ​គណនី​របស់ Trump រៀងរហូត» Facebook និង Twitter ខាតបង់ 51 ពាន់​លាន​ដុល្លារ​ពី​ខ្ទង់​តម្លៃ​មូលធន​ទីផ្សារ

Jack Dorsey (CEO របស់​ Twitter) និង​ Zuckerberg (CEO របស់​ Facebook)

ក្នុងអំឡុង​បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី 12 មករា តម្លៃ​មូលធន​ទីផ្សារ (Market Capitalization) សរុប​របស់​បណ្ដាញ​សង្គម​ដែលមាន​អ្នកប្រើប្រាស់​រាប់ពាន់​លាន​នាក់​នេះ បាន​ថយចុះ 47.6 ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ថ្ងៃទី 9 មករា។

នៅក្នុង​ការជួញដូរ​ពីរលើក​កន្លងទៅ ទឹកប្រាក់​ចំនួន 41.2 ពាន់​លាន​ដុល្លារ​នៃ​តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន Facebook និង Twitter ត្រូវបាន​បាត់បង់។ នេះ​គឺជា​បណ្ដាញ​សង្គម​ខ្នាត​យក្ស​ចំនួន​ពីរ ក្នុងចំណោម​បណ្ដាញ​សង្គម​ជាច្រើន​ដែល​បាន​សម្រេចចិត្ត​បិទ​គណនី​របស់​ប្រធានាធិបតី Donald Trump ជា​រៀងរហូត ដោយសារតែ​ចាត់ទុកថា លោក Trump នៅ​ពីក្រោយ​អំពើហិង្សា​នៅ​វិមាន​សភា​អាមេរិក កាលពី​សប្ដាហ៍​មុន។ ក្រុមហ៊ុន​ទាំងពីរ​នេះ​យល់ថា គណនី​របស់លោក Trump អាច​បង្ក​ហានិភ័យ​ទាក់ទិន​នឹង​ការប្រើប្រាស់​អំពើហិង្សា​នាពេលខាងមុខ។

មិនយូរប៉ុន្មាន​បន្ទាប់​ពី​បានសម្រេច​បិទ​គណនី​របស់ Trump តម្លៃ​មូល​ប​ត្រ​របស់ Facebook បាន​ធ្លាក់ចុះ 4% នៅក្នុង​ថ្ងៃទី 11 មករា និង 2.2% នៅក្នុង​ថ្ងៃទី 12 មករា។ មូលហេតុ​ដែលនាំឱ្យ​តម្លៃ​មូល​ប​ត្រ​ត្រូវ​ធ្លាក់​ថ្លៃ​បែបនេះ​គឺ ព្រោះតែ​អ្នកវិនិយោគ​មួយចំនួន​យល់ថា ការបិទ​គណនី​របស់​លោក Trump នឹង​ធ្វើឱ្យ​មនុស្ស​មួយចំនួន​ចាកចេញ​ពី Facebook។ ក្នុងអំឡុង​បិទ​ការជួញដូរ​មូល​ប​ត្រ​កាលពី​ថ្ងៃទី 12 មករា តម្លៃ​មូលធន​ទីផ្សារ​របស់ Facebook បាន​ថយចុះ 47.6 ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ថ្ងៃទី 9 មករា។

ចំណែក Twitter វិញ ក៏​ស្ថិតក្នុង​ស្ថានភាព​ប្រហាក់ប្រហែលគ្នា​នេះដែរ ខណៈដែល​តម្លៃ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ បាន​ថយចុះ 6.4% ក្នុង​ថ្ងៃទី 11 មករា និង 2.4% ក្នុង​ថ្ងៃទី 12 មករា។ ការធ្លាក់​ថ្លៃ​នេះ បណ្ដាលឱ្យ​តម្លៃ​មូលធន​ទីផ្សារ​របស់ Twitter ត្រូវ​បាត់បង់ 3.5 ពាន់​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ ក្នុង​ថ្ងៃទី 13 មករា កំណើន​នៃ​តម្លៃ​មូល​ប​ត្រ​របស់ Twitter បាន​ស្ថិត​នៅត្រឹម 2.9%។

ក្រៅពី Facebook និង Twitter បណ្ដាញ​សង្គម Youtube ក៏បាន​បិទ​ដំណើរការ​គណនី​របស់​លោក Trump រយៈពេល​យ៉ាងតិច​មួយ​សប្ដាហ៍ ព្រោះតែ​បាន​រំលោភ​លើ​គោលការណ៍​របស់​ក្រុមហ៊ុន​ទាក់ទង​នឹង​ការ​ញុះញង់​ឱ្យមាន​អំពើហិង្សា។ Snapchat, Reddit និង TikTok ក៏​ជា​បណ្ដាញ​សង្គម​ខ្នាត​យក្ស​ដែល​សម្រេចចិត្ត​បិទ​គណនី​របស់លោក Trump និង​បាន​លុប​ខ្លឹមសារ​ដែលមាន​លក្ខណ​ញុះញង់។

គណនីរបស់លោក Donald Trump ត្រូវបាន Twitter បិទដោយគ្មានកាលកំណត់

Google និង Apple ក៏បាន​ធ្វើ​សកម្មភាព​ប្រហាក់ប្រហែល​នេះ​ទាក់ទិន​នឹង​អំពើហិង្សា​កន្លងមក។ Google បាន​លុប Parler  (កម្មវិធី​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មជ្ឈមណ្ឌល​នៃ​បាតុកម្ម​បែប​អភិរក្សនិយម​ក្នុងពេល​កន្លង​នៅ​សហរដ្ឋអាមេរិក) ចេញពី​ផ្សារ​កម្មវិធី​របស់ខ្លួន​កាលពី​ថ្ងៃទី 17 មករា ដើម្បី​ការពារ​អ្នកប្រើប្រាស់​នៅលើ Google Play។

ក្នុង​គ្រា​នោះដែរ មុនពេល​លុបចេញ​ពី App Store ក្រុមហ៊ុន Apple បានស្នើ​ឱ្យ Parler លុប​សារ​ដែល​បាន​បំពាន​គោលការណ៍​ក៏ដូចជា​លើកឡើង​អំពី​វិធីសាស្ត្រ​ត្រួតពិនិត្យ​ខ្លឹមសារ​ក្នុង​អនាគត ប៉ុន្តែ Parler មិន​ធ្វើតាម។ បន្ទាប់មក កាលពី​ថ្ងៃទី 9 មករា Parler ក៏ត្រូវ​បាន​លុប​ចេញពី App Store។

ទាក់ទង​នឹង Parler នេះដែរ សេវាកម្ម Amazon Web Services នៃ​ក្រុមហ៊ុន Amazon កាលពី​ថ្ងៃទី 10 មករា ក៏បាន​ប្រកាស​ឈប់​ជួល​ម៉ាស៊ីន​មេ (server) ទៅឱ្យ​កម្មវិធី​នេះ ព្រោះ​បាន​រំលោភ​លើ​គោលការណ៍​របស់​ក្រុមហ៊ុន។

តម្លៃ​មូល​ប​ត្រ​របស់ Apple និង Google សុទ្ធតែ​បាន​កើនឡើង​ក្នុង​អត្រា​ទាប ក្រោយពី​បានប្រកាស​លុប Parler ខណៈ​មូល​ប​ត្រ Amazon បាន​កើន 1.6%។

CNN កាលពី​ថ្ងៃទី 11 មករា បានចេញ​ផ្សាយ​ថា លោក Trump អាច​នឹង​សងសឹក​ចំពោះ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​បាន​លុប​គណនី​របស់លោក​នៅក្នុង​សប្ដាហ៍​ចុងក្រោយ​នៃ​អាណត្តិ​របស់ខ្លួន។ ប៉ុន្តែ​មកដល់​បច្ចុប្បន្ន គេ​មិនទាន់​ដឹង​ច្បាប់​អំពី​ចំណាត់ការ​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ យ៉ាងណា​នៅឡើយ៕

ប្រភព៖ Business Insider

Advertisement