អ្នកនៅពីក្រោយមហាជោគជ័យរបស់ហ្គេម PUBG ធ្លាប់បរាជ័យជាច្រើនលើកក្នុងអាជីពជាអ្នកសរសេរកូដ

បន្ទាប់ពី​បានទទួល​បរាជ័យ​ជាមួយនឹង startup ចុងក្រោយ​ចំនួន 3 ទើប «កំពូល​អ្នកសរសេរ​កូដ» រូបនេះ អាចបង្កើត​បាន​ជោគជ័យ​ជាមួយនឹង​កំពូល​ហ្គេម PUBG។

Kim Chang-han មានឈ្មោះ​បោះ​សំឡេង​នៅក្នុង​សហគមន៍​អ្នក​អភិវឌ្ឍ​ហ្គេម​នៅ​ប្រទេស​កូរ៉េខាងត្បូង ប៉ុន្តែ ក្នុង​អាជីព​ជា​អ្នកបង្កើត​ហ្គេម បុរស​នេះ​បាន​ឆ្លងកាត់​បរាជ័យ​ជាច្រើន​គួរឱ្យកត់សម្គាល់។

ឆ្នាំ 2014 Kim Chang-han ត្រូវ​បង្ខំចិត្ត​បញ្ឈប់​បុគ្គលិក​ចំនួន 1/3 ពី​ក្រុមហ៊ុន​ហ្គេម​របស់ខ្លួន។ ចាប់ពី​ឆ្នាំ 2020 លោក Kim Chang-han បង្កើតបាន​ហ្កេ​ម​អន​ឡាញ​ចំនួន 3 ជាមួយនឹង​ក្រុមហ៊ុន​ថ្មី​ចំនួន 3 ផ្សេងៗគ្នា​ផងដែរ។ ក៏ប៉ុន្តែ ចុងក្រោយ សុទ្ធតែ​ត្រូវ​បរាជ័យ។

Kim Chang-han និយាយថា៖ «នោះ​គឺជា​កាលៈទេសៈ​ដ៏​មហា​សែន​ជូរចត់​នៃ​ជីវិត​របស់ខ្ញុំ»។ ក្នុងអំឡុងពេល​បរាជ័យ គាត់​បាន​លក់​ក្រុមហ៊ុន​ទៅឱ្យ Krafton Inc និង​ចូល​បម្រើការ​ក្នុង​ក្រុមហ៊ុន​ថ្មី​នេះ​ដោយមាន​តួនាទី​ជា​នាយក​ផ្នែក​ផលិត។

ចាប់តាំងពី​ពេលនោះ អាជីព​របស់ Kim Chang-han ក៏​ចាប់ផ្ដើម​ផ្លាស់ប្ដូរ។ គាត់​បានសម្រេច​ចិត្ត​ធ្វើការ​ប្រឹងប្រែង​ជា​លើកចុងក្រោយ​ជាមួយនឹង​ក្ដីសង្ឃឹម​ថា​អាច​ជោគជ័យ​ក្នុង​ការងារ​នេះ នោះ​គឺ «បង្កើត​ហ្គេម​អន​ឡាញ​មួយ​ដែល​អ្នកលេង​ប្រយុទ្ធ​គ្នា​ជាមួយនឹង​អ្នកលេង​ដទៃ ហើយ​អ្នក​ចុងក្រោយ​ដែល​នៅមាន «ជីវិត» គឺជា​អ្នកឈ្នះ។

Kim Chang-han បាន​បញ្ចុះបញ្ចូល Brendan Greene ឱ្យចូល​មកជួយ​ក្រុមហ៊ុន​នៅ​កូរ៉េខាងត្បូង ដោយ​ឱ្យធ្វើជា​នាយក​ផ្នែក​ច្នៃប្រឌិត​សម្រាប់​ហ្គេម​នេះ។

ឆ្នាំ 2017 Bluehole (ឈ្មោះ​ចាស់​របស់ Krafton) ក៏បាន​ឧទ្ទេសនាម​ហ្គេម​មួយ​ដែលមាន​ឈ្មោះថា PUBG ហើយ​វា​ក៏បាន​ក្លាយជា​ហ្គេម​មួយ​ដែលមាន​ឈ្មោះ​ល្បីល្បាញ និង​ជោគជ័យ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ក្នុងនោះ​កំណែ​សម្រាប់​កុំព្យូទ័រ លក់បាន​ជាង 70 លាន​ឈុត​នៅ​ទូទាំង​ពិភពលោក និង​កំណែ​សម្រាប់​ទូរស័ព្ទ​ត្រូវបាន​ទាញយក​ជាង 600 លាន​លើក។

បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​តែមាន​គម្រោង​ធ្វើ IPO (បោះផ្សាយ​លក់​មូល​ប​ត្រ​ដំបូង​នៅ​ផ្សារ​ហ៊ុន) នៅ​ពាក់កណ្ដាល​ចុងឆ្នាំ 2021 ហើយ​វា​នឹង​អាច​ក្លាយជា​ករណី IPO ធំ​បំផុត​នៅ​កូរ៉េខាងត្បូង​ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​មកនេះ។

ការធ្វើ IPO របស់​ក្រុមហ៊ុន​ថ្មី​នេះ ត្រូវគេ​វាយតម្លៃថា​នឹង​ប្រមូលបាន​យ៉ាងតិច 30 ពាន់​លាន​វ៉ុ​ន ដែល​ប្រហាក់ប្រហែល​នឹង 27.2 ពាន់​លាន​ដុល្លារ​អាមេរិក។ ការធ្វើ IPO ដែល​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េខាងត្បូង​គឺ Samsung Life Insurance ដោយ​ប្រមូលបាន​ទុន 4.3 ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ 2020។

ក្រុមហ៊ុន Krafton បច្ចុប្បន្ន​គ្រប់គ្រង studio ហ្គេម​ចំនួន 4 ប៉ុន្តែ PUBG រកបាន​ចំណូល និង​ចំណេញ​ច្រើនជាងគេបង្អស់។ PUBG រកបាន 1.1 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 9 ខែ​ដើមឆ្នាំ 2020។

ស្ថាបនិក​របស់ Krafton លោក Chang Byung-gyu បច្ចុប្បន្ន​ជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ ដោយ​កាន់កាប់​ភាគហ៊ុន 17% គិត​ត្រឹម​ខែកញ្ញា។ តាម​ពីក្រោយ​គឺ​ក្រុមហ៊ុន Tencent Holdings ដោយមាន​ភាគហ៊ុន 16% ខណៈដែល​លោក Kim Chang-han កាន់កាប់ 1.5%។

Kim Chang-han ធ្លាប់​ទទួលបាន​ជ័យជំនះ​នៅក្នុង​ការប្រកួត​ផ្នែក​កុំព្យូទ័រ​ដែល​ត្រូវ​បានរៀបចំ​ដោយ​ក្រសួង​វិទ្យាសាស្ត្រ​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ 1985 នៅពេល​គាត់​មាន​វ័យ​ទើបតែ 10 ឆ្នាំ។ ក្រោយមក លោក​ក៏​ដណ្ដើមបាន​ពានរង្វាន់​ជាច្រើន​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ការសរសេរ​កម្មវិធី​កុំព្យូទ័រ។ លោក Chang-han ក៏​ជា​សហ​ស្ថាបនិក​របស់​ហ្គេម Ginno Games កាលពី​ឆ្នាំ 2009 ក្រោយពី​បរាជ័យ​ជាមួយ​ក្រុមហ៊ុន​ថ្មី​ចំនួន 2 មុន​នោះ។

ក៏ប៉ុន្តែ បរាជ័យ​ទាំង​នោះបាន​ក្លាយជា​អតីតកាល​ទៅហើយ ចំណែក​បច្ចុប្បន្ន Chang-han កំពុងតែ​ជួយ Krafton ក្នុង​ការធ្វើ IPO នាពេលខាងមុខ។ លោក Chan-han និយាយថា ការសម្រេច​ពង្រីក​ប្រភេទ​ហ្កេ​មរ​បស់​ក្រុមហ៊ុន ទទួលបាន​ជោគជ័យ​លើសពី​ការរំពឹងទុក​គ្រា​ដំបូង៕

ប្រភព៖ Bloomberg

Advertisement