Trump នៅសល់​ទ្រព្យ​ប៉ុន្មានទៀត​ ក្រោយ 4ឆ្នាំ​ធ្វើជា​ប្រធានាធិបតី?

ឆ្នាំ 2020 គឺជា​ឆ្នាំ​អាក្រក់​បំផុត​សម្រាប់​អតីត​ប្រធានាធិបតី​អាមេរិក Donald Trump ព្រោះថា ទន្ទឹមនឹង​ការ​ចាញ់ឆ្នោត លោក Trump ក៏​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ផងដែរ។

ឆ្នាំ 2016 លោក Trump បាន​ក្លាយជា​មហាសេដ្ឋី​ដំបូង​ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក។ ប៉ុន្តែ នៅក្នុង​អំឡុង 4 ឆ្នាំ​នៅ​សេត​វិមាន ចំណាត់ថ្នាក់​មហាសេដ្ឋីរ​ប​ស់លោក Trump បាន​ធ្លាក់​មក​នៅ​លំដាប់​ទី 1001 នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ក្នុង​លោក​របស់​ទស្សនាវដ្ដី Forbes។

តាម​ការស្រាវជ្រាវ ទ្រព្យ​សុទ្ធ​របស់លោក Trump បាន​ថយចុះ​ពី 4.5 ពាន់​លាន​ដុល្លារ​កាលពី​ខែមីនា ឆ្នាំ 2016 (មុនពេល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី) មក​នៅត្រឹម 2.1 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2020។ ក្នុង​ឆ្នាំ 2016 លោក​បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន 66 លាន​ដុល្លារ​ដើម្បី​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត ក្នុង​ដែល​ប្រាក់​ប្រមូលបាន​ពី​ការ​អ្នកគាំទ្រ មាន​ចំនួន 368 លាន​ដុល្លារ។

យោងតាម Forbes ទ្រព្យ​របស់លោក Trump បាន​ថយចុះ​ច្រើន​បំផុត​គឺ​នៅក្នុង​ឆ្នាំ 2017 និង 2020។ ទ្រព្យ​របស់​មហាសេដ្ឋី​រូបនេះ បាន​ថយ​ពី 3.7 ពាន់​លាន​ដុល្លារ​កាលពី​ចុងឆ្នាំ 2016 មក​នៅត្រឹម 3.1 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2017 ​​ដោយ​សារ​តែ «ឱនភាព» ក្នុង​វិស័យ​លក់រាយ និង​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង New York ព្រោះ​លោក​មានទ្រព្យ​ច្រើន​ក្នុង​វិស័យ​ទាំងនេះ។

អគារ​សណ្ឋាគារ​ Trump International Hotel Las Vegas

ការថយចុះ​នៃ​ទ្រព្យ​ដ៏​គួរឱ្យកត់សម្គាល់​របស់​អតីត​ប្រធានាធិបតី Trump គឺ​កើតឡើង​នៅក្នុង​ឆ្នាំ 2020។ បច្ចុប្បន្ន ទ្រព្យ​សុទ្ធ​របស់លោក​គឺមាន​ត្រឹមតែ 2.1 ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ នេះ​បើតាម​ស្ថិតិ​របស់ Forbes។ ទស្សនាវដ្ដី Forbes បាន​រកឃើញថា Covid-19 គឺជា​កត្តា​សំខាន់បំផុត​ដែល​បានធ្វើឱ្យ​ទ្រព្យ​របស់លោក Trump ត្រូវ​ថយចុះ​នៅក្នុង​ឆ្នាំ 2020។

ប្រភព​ចំណូល​សំខាន់​របស់លោក Trump គឺ​បានមកពី​បណ្ដាញ​ហាង អគារ​ការិយាល័យ និង​សណ្ឋាគារខ្ពស់ៗ រួម​នឹង​ទីលាន​វាយកូនគោល​ជាដើម។ ជាក់ស្ដែង ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស Covid-19 ប្រជាជន​ទូទៅ​ត្រូវធ្វើ​ការ​ពី​ផ្ទះ ក្រុមហ៊ុន​ត្រូវ​បិទទ្វារ ធ្វើឱ្យ​ប្រភព​ចំណូល​របស់លោក Trump ក៏ត្រូវ​ថយចុះ​ទៅតាម​នោះដែរ។

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ចុងក្រោយ​របស់លោក Trump បង្ហាញថា ចំណូល​របស់លោក​បាន​ថយចុះ​នៅត្រឹម​ពី 273 ដល់ 308 លាន​ដុល្លារ​ក្នុងដំណាក់កាល​ពី​ឆ្នាំ 2020 បូក​នឹង 20 ថ្ងៃ​ដើមឆ្នាំ 2021។ ក្នុង​របាយការណ៍​ឆ្នាំ 2017 លោក​រកបាន​ជាង 528.9 លាន​ដុល្លារ​ក្នុង​រយៈពេល 15.5 ខែ ដោយបាន​បូក​ជាមួយនឹង 3 ខែ​ដើម​អាណត្តិ​ប្រធានាធិបតី​របស់លោក។

ជាង​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​របស់លោក Trump ក៏​កំពុងតែ​លិចលង់​ក្នុង​បំណុល​ជាង 1 ពាន់​លាន​ដុល្លារ​ផងដែរ ដែល​ភាគច្រើន​នឹង​ដល់​ថ្ងៃ​កំណត់​នៅ 3 ឆ្នាំ​ទៀត។ ក្នុងចំណោម​នេះ មាន​បំណុល​ចំនួន 1/3 ត្រូវបាន​ធានា​ដោយ​បុគ្គល៕

ប្រភព៖ ព័ត៌មាន​ចម្រុះ

Advertisement