Forbes៖ មហាសេដ្ឋី​ដុល្លារ​នៅ​ទ្វីបអាហ្វ្រិក ថយចុះ​ចំនួន 2រូប បើ​ធៀប​នឹង​ដើមឆ្នាំ 2020

មហា​សេដ្ឋី​ 3​រូប​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​នៅ​ទ្វីប​អាហ្វ្រិក​ ពីឆ្វេងមកស្ដាំ៖ Nicky Oppenheimer (ប្រទេសអាហ្វ្រិកខាងត្បូង), Aliko Dangote (នីហ្សេរីយ៉ា) និង Nassef Sawiris (អេហ្ស៊ីប)

ទស្សនាវដ្ដី​ពាណិជ្ជកម្ម Forbes បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ស្ដីអំពី​អ្នកមាន​ជាងគេ​បង្អស់​ប្រចាំ​ទ្វីបអាហ្វ្រិក​សម្រាប់​ឆ្នាំ 2021 ដែល​បង្ហាញថា ទ្វីប​នេះ​មាន​មហាសេដ្ឋី​ត្រឹមតែ 18 នាក់ ហើយ​ពួកគេ​មានទ្រព្យ​សរុប​ចំនួន 73.8 ពាន់​លាន​ដុល្លារ​អាមេរិក។

នៅក្នុង​គ្រា​ដែល Covid-19 កំពុងតែ​ធ្វើឱ្យប៉ះពាល់​ដល់​សកម្មភាព​ជំនួញ និង​កំណើន​នៃ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​នានា មហាសេដ្ឋី​មួយចំនួនទៀត​បែរជា​កាន់តែ​មានឡើងៗ ដោយសារតែ​មូល​ប​ត្រ​ឡើងថ្លៃ។

ចំនួន​មហាសេដ្ឋី​ដុល្លារ​នៅ​អាហ្វ្រិក​បាន​ថយចុះ​ពី 20 នាក់​កាលពីដើមឆ្នាំ 2020 មក​នៅត្រឹម 18 នាក់​នា​ដើមឆ្នាំ 2021 ប៉ុន្តែ​ជាក់ស្ដែង ទ្រព្យសម្បត្តិ​របស់​ពួកគេ​នៅតែ​បន្ត​កើនឡើង បើទោះជា​កើន​មិន​ច្រើន។

មកដល់​ដំណាក់កាល​ដើមឆ្នាំ 2021 នេះ ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​អាហ្វ្រិក​ទាំង 18 នាក់​ខាងលើ មាន​ចំនួន​ 73.8 ពាន់​លាន​ដុល្លារ​អាមេរិក ច្រើនជាង​បន្តិច​បើ​ធៀប​នឹង 73.4 ពាន់​លាន​ដុល្លារ​របស់​មហាសេដ្ឋី​ទាំង 20 រូប កាលពី​ឆ្នាំ 2020។

ប្រការ​ដែល​គួរកត់សម្គាល់​នោះ​គឺថា បញ្ជី​ឈ្មោះ​មហាសេដ្ឋី​អាហ្វ្រិក​របស់​ទស្សនាវដ្ដី Forbes នេះ គឺ​គិតតែ​មហាសេដ្ឋី​ដែល​កំពុង​រស់នៅក្នុង​ទ្វីបអាហ្វ្រិក ជា​កន្លែង​ដែល​ក្រុមហ៊ុន និង​មូល​ប​ត្រ​ត្រូវ​បានដាក់​នៅក្នុង​ទ្វីប​នេះ លើកលែង​តែ​មហាសេដ្ឋី Mo Ibrahim សញ្ជាតិ​អង់គ្លេស ដើមកំណើត​ស៊ូដង់ និង​មហាសេដ្ឋី Mohamed Al-Fayed ជន​ជាតិ​​អង់គ្លេស ដើមកំណើត​អេ​ហ្ស៊ី​ប។

បើ​គិត​ទៅលើ​ប្រទេស គេ​ឃើញថា អាហ្វ្រិក​ខាងត្បូង និង​អេ​ហ្ស៊ី​ប គឺជា​ប្រទេស​ដែលមាន​មហាសេដ្ឋី​ច្រើនជាងគេ ដោយ​ប្រទេសនីមួយៗមាន​មហាសេដ្ឋី 5 នាក់ ស្មើគ្នា បន្ទាប់មក​គឺ​ប្រទេស​នី​ហ្សេ​រី​យ៉ា​មាន 3 នាក់ និង​ម៉ា​រ៉ុ​ក (Morocco) មាន 2 នាក់៕

ប្រភព៖ Forbes

Advertisement