សិង្ហ​បុរី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជូន «អាំង​ប៉ាវ​អេឡិចត្រូនិក» ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន

ដើម្បី​ជៀសវាង​ការជួប​ជុំគ្នា​ដែលមាន​មនុស្ស​ច្រើន និង​ដើម្បី​ការពារ​បរិស្ថាន រដ្ឋាភិបាល​ប្រទេស​សិង្ហ​បុរី បានចេញ​សេចក្ដីអំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន ជូនអំណោយ​ជា​ប្រាក់​នាំ​សំណាង (អាំង​ប៉ាវ) ដោយ​ប្រើប្រាស់​រូបភាព​ឌីជីថល នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នាពេលខាងមុខ។

នាយកដ្ឋាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ប្រទេស​សិង្ហ​បុរី (MAS) បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចាត់ទុក​អាំង​ប៉ាវ​អេឡិច​ត្រូនិក​​​ជា ​«បែប​ផែន​​ធម្មតា​ថ្មី​មួយ» នៅក្នុង​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ Covid-19។ MAS សង្ឃឹមថា ប្រការនេះ​នឹង​អាច​កាត់បន្ថយ​ការឆ្លង​រាលដាល​របស់​វីរុស ដោយសារ​មនុស្ស​មិនបាន​ជួបជុំ​គ្នាច្រើន និង​មិនបាន​កាន់​អាំង​ប៉ាវ​ដោយ​ផ្ទាល់ដៃ ក៏ដូចជា​ជួយ​ឱ្យ​បរិស្ថាន​មាន​ភាពល្អប្រសើរ ព្រោះ​មិនត្រូវ​បោះ​ពុ​ម្ភ​ក្រដាសប្រាក់​ថ្មី។

ប្រជាជន​នៃ​ប្រទេស​សិង្ហ​បុរី ភាគច្រើន​គឺជា​ពលរដ្ឋ​ដើមកំណើត​ចិន។ រៀងរាល់​រដូវ​បុណ្យចូលឆ្នាំ​ចិន ពួកគេ​តែងតែ​ជូនពរ និង​ជូនអំណោយ​ដល់​គ្នា​ដោយ​ក្រដាសប្រាក់​ដែល​ដាក់​នៅក្នុង​សំបុត្រ​ពណ៌​ក្រហម ដែល​គេ​ហៅថា អាំង​ប៉ាវ។ នៅ​ប្រទេស​ចិន​ឯណោះ​វិញ ប្រព័ន្ធ​អាំង​ប៉ាវ​អេឡិចត្រូនិក​បានក្លាយ​ជា​ឧបករណ៍​ពេញនិយម អនុញ្ញាតឱ្យ​គ្រប់គ្នា​ផ្ទេរប្រាក់​តាមរយៈ​កាបូប​អេឡិចត្រូនិក​នៅក្នុង​ទូរស័ព្ទ​ឆ្លាត​វៃ មានដូចជា​កម្មវិធី Wechat Pay ។ល។ សម្រាប់​កម្ពុជា គេ​ក៏​ឃើញ​មាន​កាបូប​​អេឡិច​ត្រូនិក​​មួយ​ចំនួន​ មានកម្ម​វិធី «អាំង​ប៉ាវ» ផងដែរ ដូចជា Wing ជាដើម។

នៅកម្ពុជា គេក៏ឃើញមានកាបូបអេឡិចត្រូនិកមួយចំនួន មានកម្មវិធី «អាំងប៉ាវ» ផងដែរ ក្នុងនោះមាន Wing ជាដើម

យោងតាម​សមាគម​ធនាគារ​សិង្ហ​បុរី ធនាគារ​ចំនួន 6 របស់​ប្រទេស​នេះ កំពុង​ផ្គត់ផ្គង់​ប្រាក់​អេឡិចត្រូនិក​សម្រាប់​ជូន​អាំង​ប៉ាវ​តាមរយៈ Paynow ជា​សេវា​ដែល​អ្នកប្រើប្រាស់​អាច​ផ្ទេរប្រាក់​ពី​ធនាគារ​មួយ ទៅ​ធនាគារ​មួយទៀត​ដោយ​ប្រើ​លេខ​ទូរស័ព្ទ។

ក្រៅពី​កម្មវិធី​អាំង​ប៉ាវ MAS ក៏​កំពុងតែធ្វើការ​ជាមួយ​សមាគម​ធនាគារ​សិង្ហ​បុរី​ដើម្បី​លើកទឹកចិត្ត​ឱ្យ fintech (Financial technology) អភិវឌ្ឍ និង​បង្កើត​កម្មវិធី​អាំង​ប៉ាវ​អេឡិចត្រូនិក​ប្រភេទ​ផ្សេង​ផងដែរ។ MAS ជឿជាក់ថា ការធ្វើ​ឌីជីថល​ឧ​ប​ណី​យក​ម្ម​លើ​សាច់ប្រាក់ គឺជា​គន្លឹះ​សម្រាប់​ការអភិវឌ្ឍ​រយៈពេល​ម​ធ្យ​ម និង​វែង​របស់​សិង្ហ​បុរី។

ប្រទេសជិតខាង​របស់​សិង្ហ​បុរី គឺ​ម៉ាឡេស៊ី ជា​ប្រទេស​ដែលមាន​ពលរដ្ឋ​ដើមកំណើត​ចិន​ប្រមាណ​ជា 20% ក៏​អាច​នឹងមាន​កម្មវិធី​ឌីជីថល​សម្រាប់​ប្រើប្រាស់​ក្នុងការ​ជូនអំណោយ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​នេះដែរ។ ម៉ាឡេស៊ី កំពុង​តែ​ទទួលរង​រលក​នៃ​ការឆ្លង​រាលដាល Covid-19 ថ្មី និង​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ចាប់ពី​ថ្ងៃទី 12 ខែមករា។ មូលហេតុ​នេះ​នឹង​ជួយ​ឱ្យ​ការប្រើប្រាស់​អាំង​ប៉ាវ​ឌីជីថល កើនឡើង​ថែម​មួយកម្រិត​ទៀត៕

ប្រភព៖ Nikkei

Advertisement