Elon Musk ជិត​ទទួលបាន​រង្វាន់​ទី5 តម្លៃ 7ពាន់​លាន​ដុល្លារ​អាមេរិក

ដោយសារតែ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស CEO Elon Musk ក៏​ជិត​ទទួលបាន​ប្រាក់រង្វាន់​ដែលមាន​តម្លៃ​ជិត 7 ពាន់​លាន​ដុល្លារ​អាមេរិក។ នៅក្នុង​រដូវ​ផ្ដល់​រង្វាន់​លើក​មុន (ខែតុលា 2020) មហាសេដ្ឋី​អាមេរិក​ដើមកំណើត​អាហ្វ្រិក​រូបនេះ ទទួលបាន 2.9 ពាន់​លាន​ដុល្លារ។

នៅពេលដែល​របាយការណ៍​សម្រាប់​ត្រីមាស​ទី 4 ឆ្នាំ 2021 របស់​ក្រុមហ៊ុន Tesla ត្រូវបាន​ប្រកាស វា​នឹង​អាច​បើកផ្លូវ​ឱ្យមាន​ការផ្ដល់​រង្វាន់​ទី 5 តម្លៃ 7 ពាន់​លាន​ដុល្លារ​ទៅឱ្យ​អគ្គនាយក​ប្រតិបត្តិ Elon Musk។ ប្រការនេះ​គឺ​យោងទៅតាម​ការ​ព្យាករ​អំពី​ប្រាក់ចំណេញ​មុន​បង់ពន្ធ និង​ការប្រាក់​ដែល​ត្រូវ​សង (EBITDA) របស់ Tesla ដែលថា នឹង​​រកបាន​ចំនួន 2.3 ពាន់​លាន​ដុល្លារ កើន 92% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំមុន។

តួលេខ EBITDA បែបនេះ​គឺ​គ្រប់គ្រាន់​ដើម្បី​អាច​ផ្ដល់​រង្វាន់​ទី 5 ក្នុងចំណោម​រង្វាន់​ទាំង 12 កម្រិត​របស់​ក្រុមហ៊ុន Tesla សម្រាប់ CEO លោក Elon Musk ដោយយោង​ទៅលើ​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ 2018 រវាង​មហាសេដ្ឋី​រូបនេះ ជាមួយនឹង​ភាគ​ហ៊ុ​និករ​បស់ Tesla។ គោលដៅនីមួយៗដែល Tesla សម្រេចបាន នឹង​អនុញ្ញាតឱ្យ Elon Musk ទិញ​មូល​ប​ត្រ​បន្ថែមចំនួន 8.4 លាន​ហ៊ុន ក្នុងតម្លៃ​ត្រឹមតែ 70 ដុល្លារ​អាមេរិក/ហ៊ុន។

Tesla មាន​រង្វាន់​ចំនួន 12 កម្រិត​សម្រាប់ CEO ដោយ​អាស្រ័យទៅលើ​តម្លៃ​មូលធន​ទីផ្សារ​គិត​ក្នុងអំឡុង 6 ខែម្ដង និង​គោលដៅ​ប្រាក់ចំណូល រួម​នឹង​ប្រាក់ចំណេញ​មួយចំនួនទៀត។ ដោយសារតែ​មូល​ប​ត្រ Tesla កើនឡើង​យ៉ាង​ឆាប់រហ័ស គោលដៅ​នៃ​តម្លៃ​មូលធន​ទីផ្សារ​ក៏​ងាយ​នឹង​សម្រេចបាន ហើយ Elon Musk គ្រាន់តែ​រង់ចាំ​បញ្ចប់​​គោលដៅ​អម​មួយចំនួនទៀត​តែប៉ុណ្ណោះ មុននឹង​ទទួលបាន​រង្វាន់។

តម្លៃ​មូល​ប​ត្រ​បច្ចុប្បន្ន​របស់ Tesla គឺ​ប្រមាណ 880 ដុល្លារ/ហ៊ុន ដូច្នេះ Elon Musk អាច​ទិញ​មូល​ប​ត្រ​នេះ​ដោយ​មានការ​បញ្ចុះតម្លៃ​ដល់​ទៅ 90%។ គិត​ជា​សរុប CEO របស់ Tesla អាច​រកបាន​ជិត 7 ពាន់​លាន​ដុល្លារ​ពីរ​ង្វាន់​លើក​នេះ។ រង្វាន់​លើក​មុន Elon Musk ទទួលបាន 2.9 ពាន់​លាន​ដុល្លារ នៅក្នុង​ខែតុលា ឆ្នាំ 2020៕

ប្រភព៖ Reuters

Advertisement