Bloomberg៖ អាមេរិក​ប្រឈម​នឹង​សង្គ្រាម​រូបិយវត្ថុ​ក្រោយ​សម័យ​កាល​ Covid-19

នៅ​ចំពោះមុខ​សម្ពាធ​នៃ​ការបញ្ចុះ​តម្លៃ​ប្រាក់​ដុល្លារ​របស់​អាមេរិក ខឿនសេដ្ឋកិច្ច​នានា​ជាច្រើន​ដូចជា អឺរ៉ុប ថៃ និង​ឈី​លី​ជាដើម ក៏ត្រូវ​បង្ខំចិត្ត​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​ក្នុងស្រុក​របស់​ពួកគេ​ផងដែរ។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក លោកស្រី Janet Yellen កំពុងតែ​ឈឺក្បាល​យ៉ាងខ្លាំង​ដោយសារតែ​ឧបសគ្គ​ដ៏​ធំ​មិន​ចាញ់ Covid-19 ប៉ុន្មាន​ឡើយ នោះ​គឺ​សង្គ្រាម​រូបិយវត្ថុ។

រាប់​ចាប់តាំងពី​បាន​ឡើងដល់​កម្រិត​កំពូល​កាលពី​ខែមីនា ឆ្នាំ 2020 រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​បាន​ធ្លាក់​ថ្លៃ 13% ព្រោះតែ​ធនាគារកណ្ដាល​អាមេរិក (FED) បាន «ជះ» លុយ​ចូលទៅក្នុង​ទីផ្សារ​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់ ក៏ដូចជា​បាន​បញ្ចុះ​អត្រា​ការប្រាក់​ដើម្បី​ជំរុញ​សកម្មភាព​ឥណទាន ក្នុង​បំណង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី Covid-19។ ប៉ុន្តែ ទន្ទឹមនឹង​ការជួយ​សង្គ្រោះ​សេដ្ឋកិច្ច​នៅក្នុង​វិបត្តិ​សុខភាព វិធានការ​ខាងលើ​ក៏​កំពុងតែ​ជំរុញឱ្យមាន​សង្គ្រាម​រូបិយវត្ថុ​ថ្មី​មួយ​នៅក្នុង​ពិភពលោក។

នៅ​ចំពោះមុខ​សម្ពាធ​នៃ​ការបញ្ចុះ​តម្លៃ​ប្រាក់​ដុល្លារ​របស់​អាមេរិក ខឿនសេដ្ឋកិច្ច​នានា​ជាច្រើន​ដូចជា អឺរ៉ុប ថៃ និង​ឈី​លី​ជាដើម ក៏បាន​នាំគ្នា​ធ្វើតាម​សហរដ្ឋអាមេរិក ដោយ​ការ​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​ក្នុងស្រុក​របស់​ពួកគេ។

នៅក្នុង​សវនាការ​មួយ​នៅ​សភាជាតិ​កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក និង​ជា​អតីត​ប្រធាន FED លោកស្រី Yellen បានបង្ហាញ​អំពី​គំនិត​បដិសេធ​ការស្ដារ​កម្លាំង​រូបិយវត្ថុ​អាមេរិក។ ជំនួស​មកវិញ លោកស្រី Yellen ឱ្យដឹងថា នឹង​បង្កើត​សម្ពាធ​ទៅលើ​បណ្ដា​ប្រទេស​ដែល​ហ៊ាន​លូកដៃ​ចូលក្នុង​រឿង​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​អាមេរិក។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen

មុននេះ កាលពី​អំឡុង​ឆ្នាំ 2010-2011 សហរដ្ឋអាមេរិក​ក៏​ធ្លាប់បាន​បញ្ចុះតម្លៃ​ប្រាក់​ដុល្លារ និង​បង្កឱ្យមាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក។ ការចុះ​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក បានធ្វើឱ្យ​ផលិតផល​នានា​ដែល​ជួញដូរ​ដោយ​ប្រើ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​ក្នុង​ទីផ្សារ​អន្តរជាតិ ត្រូវ​ធ្លាក់​ថ្លៃ​ទៅតាម​នោះដែរ។ ប្រការនេះ​ក៏បាន​នាំឱ្យ​ការ​មានប្រៀប​ក្នុងការ​នាំចេញ​របស់​អា​មេ​រិ​កបាន​កើនឡើង ប៉ុន្តែ​មុខទំនិញ​ដែល​នាំចូល​ប្រទេស​នេះ​បែរជា​ដាំ​ក្បាល​ចុះ បណ្ដាលឱ្យ​ប្រទេស​ជាច្រើន​ត្រូវ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច។

ដើម្បី​ដោះស្រាយ​បញ្ហា ប្រទេស​ជាច្រើន​ក៏បាន​បង្ខំចិត្ត​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​ក្នុងស្រុក​ដើម្បី​រក្សា​លំនឹង​ផ្នែក​សេដ្ឋ​កិច្ច។ កាលណោះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រេ​ស៊ី​ល ក៏បាន​រិះគន់​ដោយ​ចំហ​ចំពោះ​ចំណាត់ការ​របស់​អាមេរិក​ថា នេះ​គឺជា​សង្គ្រាម​រូបិយវត្ថុ។

បច្ចុប្បន្ន ស្ថានភាព​កំពុងតែ​អាក្រក់​ជាង​មុន នៅពេលដែល​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក មិនមាន​គម្រោង​ណាមួយ​ដើម្បី​រក្សា​លំនឹង​ចំពោះ​តម្លៃ​រូបិយវត្ថុ​ដុល្លារ ក៏ដូចជា​ដើម្បី​គេច​ពី​សង្គ្រាម​រូបិយប័ណ្ណ។ បើទោះជា​ត្រូវបាន​ចោទថា កំពុងតែ​ធ្វើ​អន្តរាគមន៍​លើ​ចំណាត់ការ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក ប្រទេស​ស្វី​ស និង​ឥណ្ឌា នៅតែ​បន្ត​បញ្ចុះតម្លៃ​រូបិយវត្ថុ​របស់​ពួកគេ​ដដែល។

ក្នុងសម័យ​ប្រធានាធិបតី​អាមេរិក Donald Trump មុនពេល​វិបត្តិ Covid-19 មកដល់ ប្រាក់​ដុល្លារ​អាមេរិក​ត្រូវបាន​ក្រុម​អ្នកវិនិយោគ​យកចិត្តទុកដាក់ និង​ផ្ដល់​តម្លៃ​ជាខ្លាំង ដោយសារតែ​កំណើនសេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​កើន​ឡើង​ខ្ពស់ និង​មាន​លំនឹង​ល្អ។ ក៏ប៉ុន្តែ Covid-19 បានធ្វើឱ្យ​ប្រែប្រួល​គ្រប់យ៉ាង ហើយ​សង្គ្រាម​រូបិយវត្ថុ​ថ្មី​មួយ​នឹង​អាច​កើតឡើង​ទ្រង់ទ្រាយ​ធំ នៅពេលដែល​ប្រទេស​នានា​នាំគ្នា​បញ្ចុះតម្លៃ​រូបិយប័ណ្ណ​ក្នុងស្រុក​របស់​ពួកគេរៀងៗខ្លួន៕

ប្រភព៖ Bloomberg

Advertisement