ចិន​ផ្ដល់​អាំង​ប៉ាវ​ជា​ប្រាក់​អេឡិចត្រូនិក​រាប់លាន​ដុល្លារ​ដល់​ប្រជាជន​ដើម្បី​ទទួល​ចូលឆ្នាំថ្មី

យោងតាម​សារព័ត៌មាន​ក្នុងស្រុក រដ្ឋធានី​ប៉េកាំង​នឹង​ចែក​ប្រាក់​អេឡិចត្រូនិក 10 លាន​យុន ដល់​ប្រជាជន តាមរយៈ​រូបភាព​ចាប់ឆ្នោត ក្នុងនោះ សំបុត្រ​អាំង​ប៉ាវនីមួយៗនឹងមាន​តម្លៃ​ប្រហែល 200 យុន។

ដោយសារតែ​រង​ផលប៉ះពាល់​ពី Covid-19 ទីផ្សារ​របស់​ចិន​បាន​ដាំ​ក្បាល​ចុះ ដូច្នេះ អាជ្ញាធរ​ក្រុង​ប៉េកាំង​មិនអាច​នៅ​ស្ងៀម​បាន នៅពេល​ពិធី​ចូលឆ្នាំ​ប្រពៃណីជាតិ​ជិត​ចូល​មកដល់។ ទីក្រុងធំៗជាច្រើន​នៅ​ប្រទេស​នេះ បានសម្រេច​​ចិត្ត​ប្រើប្រាស់​ប្រាក់​អេឡិចត្រូនិក​ដែល​រដ្ឋាភិបាល​ទើបតែ​បានដាក់​ឱ្យប្រើ​ប្រាស់ ដើម្បី​ផ្ដល់​អាំង​ប៉ាវ​ដល់​ពលរដ្ឋ ក្នុង​បំណង​ជំរុញ​ការចាយវាយ។

រដ្ឋធានី​ប៉េកាំង​នឹង​ផ្ដល់​អាំង​ប៉ាវ​ជា​ប្រាក់​អេឡិចត្រូនិក​ចំនួន 10 លាន​យុន ដែល​ស្មើនឹង 1.55 លាន​ដុល្លារ​អាមេរិក តាមរយៈ​ការប្រើប្រាស់​រូបភាព​ចាប់លេខ​ឆ្នោត ដែល​ក្នុង​សំបុត្រ​អាំង​ប៉ាវនីមួយៗ មានតម្លៃ​ស្មើនឹង 200 យុន ប្រហែល​ជិត 31 ដុល្លារ​អាមេរិក។

អ្នក​ដែល​ទទួលបាន​អាំង​ប៉ាវ​ខាងលើ​នឹង​អាច​ចាយវាយ​ចាប់ពី​ថ្ងៃទី 10 ដល់ទី 17 ខែកុម្ភៈ ឆ្នាំ 2021 តាមរយៈ​សេវាកម្ម​លក់ដូរ​តាម​អន​ឡាញ​ដែល​ទូទាត់​តាម​អន​ឡាញ ដូចជា​សម្លៀកបំពាក់ សំបុត្រ​កុន បញ្ជា​ទិញ​អាហារ ថ្លៃ​សណ្ឋាគារ។ល។

ក្រៅពី​រដ្ឋធានី​ប៉េកាំង នៅឯ​ទីក្រុង Suzhou ក្នុង​ខេត្ត Jiangsu ភាគ​ខាងកើត​ប្រទេស​ចិន ក៏​ផ្ដល់ប្រាក់​អេឡិច​ត្រូនិក 30 លាន​យុន​ដល់​ពលរដ្ឋ ខណៈ​ទីក្រុង Shenzhen នៃ​ខេត្ត Guangdong ក៏​ផ្ដល់ 50 លាន​យុន​ផងដែរ។

ការប្រើប្រាស់​ប្រាក់​អេឡិចត្រូនិក​នេះ មិន​ទាមទារ​ឱ្យមាន​ការភ្ជាប់​ទៅនឹង​គណនី​ធនាគារ​ណាមួយ​នោះទេ អតិថិ​ជន​​ចុះឈ្មោះ​បង្កើត​កាបូប​លុយ​អេឡិចត្រូនិក​ដោយ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ ឬ​ប័ណ្ណបើកបរ ឬមួយ​លេខ​ទូរស័ព្ទ​ក៏បាន៕

Advertisement