ប្រាក់អេឡិចត្រូនិក Bitcoin ឡើងថ្លៃដល់ជាង 44,000ដុល្លារក្នុងមួយ Bitcoin

តម្លៃ​របស់​ប្រាក់​ឌីជីថល ឬ​ប្រាក់​អេឡិចត្រូនិក Bitcoin បាន​ហក់​ឡើង​ខ្ពស់​ជាងគេ​បង្អស់ ក្រោយពី​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla ប្រកាស​ទិញ​ប្រាក់​នេះ​ក្នុង​បរិមាណ​ដ៏​ច្រើន និង​យល់ព្រម​ទទួល​ការទូទាត់​ដោយ​ប្រាក់​នេះ។

យោងតាម CoinDesk ប្រាក់ Bitcoin កំពុង​ត្រូវបាន​គេ​ជួញដូរ​ជាមួយនឹង​តម្លៃ​ក្នុង​រង្វង់ 44,200 ដុល្លារ​អាមេរិក​ក្នុង​មួយ Bitcoin។ មុននេះ តម្លៃ​របស់​វា​បាន​លោត​ឡើងដល់ 44,800 ដុល្លារ/Bitcoin។ ប្រាក់​ឌីជីថល Bitcoin បាន​កើនឡើង​យ៉ាងខ្ពស់​កាលពី​យប់​ថ្ងៃទី 8 កុម្ភៈ បន្ទាប់ពី Tesla បានប្រកាស​ដូច​បាន​រៀងរាប់​ខាងលើ។

Tesla ថ្ងៃនេះ​បានដាក់​លិខិត​ទៅកាន់​គណៈកម្មការ​មូល​ប​ត្រ​អាមេរិក (SEC) ដើម្បី​ជូនដំណឹង​ថា បាន​ទិញ​ប្រាក់ Bitcoin ដែលមាន​តម្លៃ 1.5 ពាន់​លាន​ដុល្លារ។

ក្រៅពីនេះ Tesla ក៏បាន​ប្រកាសថា នឹង​ចាប់ផ្ដើម​ទទួលយក​ការទូទាត់​វិក្កយបត្រ​ដោយ​ប្រាក់ Bitcoin នេះ​ផងដែរ ប៉ុន្តែ​ត្រូវ​យោងទៅតាម​ច្បាប់៕

ប្រភព៖ CNBC

Advertisement