មហាសេដ្ឋី​ថ្មី វ័យក្មេង​ជាងគេ​បំផុត​ក្នុង​ពិភពលោក ធ្លាប់​បោះបង់​ការសិក្សា​នៅ​មហាវិទ្យាល័យ ប៉ុន្តែ​​ស្រលាញ់​​ចូល​ចិត្ត​​វិស័យ​បច្ចេកវិទ្យា

Austin Russell គឺជា​ឈ្មោះ​មួយ​ដែល​អ្នក​ប្រហែលជា​មិនទាន់បាន​ស្គាល់​នៅឡើយ ក៏ប៉ុន្តែ ក្នុង​វ័យ 25 ឆ្នាំ កំលោះ​ដែល​មកពី​រដ្ឋ California នៃ​សហរដ្ឋអាមេរិក​រូបនេះ បាន​ក្លាយជា​មហាសេដ្ឋី​ថ្មី និង​ជា​មហាសេដ្ឋី​ដែលមាន​វ័យ​នៅ​ក្មេង​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយសារតែ Luminar Technologies ជា​ក្រុម​បច្ចេកវិទ្យា​ថ្មី​ដែលមាន​ជំនាញ​ខាង​អភិវឌ្ឍ និង​ធ្វើ​ពាណិជ្ជកម្ម​បច្ចេកវិទ្យា​សម្រាប់​រថយន្ត​បើកបរ​ស្វ័យប្រវត្ត។

ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Luminar គឺជា​បុគ្គល​មួយរូប​ដ៏​កម្រ​ដែល​អាច​សន្សំទ្រព្យ​បាន​យ៉ាងច្រើន​នៅក្នុង​ពិភព​រថយន្ត​ក្នុង​វ័យ 25 ឆ្នាំ។ Austin Russell បច្ចុប្បន្ន​ជា​មហាសេដ្ឋី​ដែលមាន​វ័យ​នៅ​ក្មេង​ជាងគេ​បំផុត​នៅ​​ក្នុង​ពិភព​លោក។

Austin Russell បាន​ប្រាប់​ទស្សនាវដ្ដី Forbes ថា៖ «វា​គឺជា​ការធ្វើដំណើរ​ប្រកបដោយ​ភាព​តានតឹង និង​ហត់នឿយ។ល។ យើង​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​បាន​លទ្ធផល​ដូច​បច្ចុប្បន្ន។ ប៉ុន្តែ ឱកាស​នៃ​ការ​រួច​ផុតពី​ភាព​​ហត់​នឿយ​​ទាំង​ឡាយ​ នោះ​​គឺ រង្វាន់​ដ៏​អស្ចារ្យ​នៅពេល​ក្រុមហ៊ុន​បាន​ឈាន​ជើង​ចូល​ទីផ្សារ និង​រីកចម្រើន​ជា​បន្តបន្ទាប់ តាមរយៈ​ការបោះ​ផ្សាយ​មូល​ប​ត្រ​សាធារណៈ​លើកដំបូង (IPO)»។

នៅក្នុង​កិច្ច​សម្ភាស​ប្រយោល​មួយ​ជាមួយនឹង​ទស្សនាវដ្ដី Forbes ពី​ការិយាល័យ​នៅ​ទីក្រុង Palo Alto ក្នុង​រដ្ឋ California លោក Austin Russell ថ្លែងថា៖ «ខ្ញុំ​នៅ​ក្មេង​គួរសម ប៉ុន្តែ បាន​ក្រេប​រសជាតិ​ល្វីង ជូរ ចត់ និង​ទឹកភ្នែក​អស់​រយៈពេល​ជា​យូរ។ សំណាងល្អ​ណាស់​ដែល​ខ្ញុំ​ទទួលបាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​យ៉ាង​ដូច្នេះ»។

Austin Russell កំពុងកាន់​កាប់​មូល​ប​ត្រ​ប្រមាណ 107.7 លាន​ហ៊ុន ស្មើនឹង 1/3 នៃ​ភាគហ៊ុន​សរុប​របស់ Luminar ដែល​តម្លៃ​មូលធន​សរុប​របស់​ក្រុមហ៊ុន​នេះ ស្មើនឹង 2.4 ពាន់​លាន​ដុល្លារ​អាមេរិក។ ក្រុម​អ្នកវិនិយោគ​របស់ Luminar ក៏មាន​វត្តមាន​របស់​មហាសេដ្ឋី Peter Thiel ដែលជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឌីជីថល Pay Pal (អាមេរិក) និង​ជា​អ្នក​ដែល​ធ្លាប់បាន​ផ្ដល់ជំនួយ​ជា​អាហារូបករណ៍​តម្លៃ 100,000 ដុល្លារ​ដល់​បុគ្គល​ពូកែ ដើម្បីឱ្យ​ពួកគេ​អាច​បន្ត​តាម​ចាប់​ក្ដី​ស្រមៃ​ផ្ទាល់ខ្លួន។

ខាងលើនេះ​ក៏​ជា​វិធី​ដែល​មហាសេដ្ឋី Thiel ជួយ​ដល់ Russell ក្នុងការ​បង្កើត Luminar។ ក្រៅពីនេះ Thiel ក៏​ជាទី​ប្រឹក្សា​របស់ Austin ផងដែរ ចាប់តាំងពី​កំលោះ​នេះ​បាន​បោះបង់​សាកលវិទ្យាល័យ Stanford (អាមេរិក) ដើម្បី​បង្កើត​ក្រុមហ៊ុន​កាលពី​ឆ្នាំ 2012។

Russell ក្លាយជា​មហាសេដ្ឋី​ដោយ​របៀប​ណា?

Russell ដែលជា​បុគ្គល​មួយរូប​ធ្លាប់​បានបង្ហាញ​វត្តមាន​នៅក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុមមនុស្ស​ពូកែ​ជាងគេ​ទាំង 30 រូប​ដែលមាន​វ័យ​ក្រោម 30 ឆ្នាំ របស់ Forbes កាលពី​ឆ្នាំ 2018 កំពុងតែ​បង្ហើយ​គម្រោង Lidar ដែលជា​ប្រព័ន្ធ​ញាណ​សិប្បនិម្មិត ជួយ​ឱ្យ​រថយន្ត​បើកបរ​ស្វ័យប្រវត្ត «មើលឃើញ» បរិស្ថាន​ជុំវិញ​ដោយ​ការបាញ់​ពន្លឺ​ឡាស៊ែរ។

យោងតាម​គណៈកម្មការ​មូល​ប​ត្រ និង​ផ្សារ​ហ៊ុន​អាមេរិក (SEC) បរិមាណ​នៃ​ការលក់​ចេញ​របស់​ក្រុម​ហ៊ុន​​ Luminar ​គឺ​បានត្រឹមតែ 15 លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ 2020 ប៉ុ​ន្តេ​តួលេខ​នេះ​នឹង​អាច​កើន​ឡើងដល់​យ៉ាងហោច 1.3 ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ 2026។

មុនពេល​ក្លាយជា​មហាសេដ្ឋី Russell ក៏​ធ្លាប់​ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ជីវិត។ Forbes ឱ្យដឹងថា Russell ចាំមាត់​យ៉ាង​ស្ទាត់​នូវ​តារាង​ខួប​នៃ​ធាតុគីមី នៅពេល​មាន​អាយុ​ទើបតែ 2 ឆ្នាំ។

អាយុ 6 ឆ្នាំ Russell បាន​ភ្ជាប់​ម៉ាស៊ីន​លេង​ហ្គេម Nintendo DS ទៅនឹង​ទូរស័ព្ទដៃ​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​ប៉ា​និង​ម៉ាក់​ហាមឃាត់។ អាយុ 13 ឆ្នាំ Russell បាន​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​លើកដំបូង​របស់ខ្លួន នោះ​គឺ ប្រព័ន្ធ​កែច្នៃ​ទឹក​ដែល​បាន​ជ្រាប​ចូលក្នុង​ដី បន្ទាប់ពី​ត្រូវបាន​បញ្ចេញ​ពី​ក្បាល​ទូ​យោ ដើម្បី​កាត់បន្ថយ​ការបាត់បង់​ទឹក។

ជំនួស​ឱ្យ​ការសិក្សា​នៅ​មធ្យមសិក្សា Russell បាន​ចំណាយ​វ័យ​ជំទង់​របស់ខ្លួន​ក្នុង​សាកលវិទ្យាល័យ California គឺ​នៅឯ​វិទ្យាស្ថាន​ស្រាវជ្រាវ Lase Irvine Beckman។ ក្រោយមក​ក៏បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ Stanford ប៉ុន្តែ​បាន​បោះបង់​ទៅវិញ ក្រោយ​រៀន​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ នៅពេល​ទទួលបាន​អាហារូបករណ៍​តម្លៃ 100,000 ដុល្លារ​ពី​មហាសេដ្ឋី Thiel។ បន្ទាប់ពី​ទទួលបាន​ប័ណ្ណបើកបរ​ភ្លាម Russell ក៏​បើក​ក្រុមហ៊ុន Luminar ភ្លាម។

អនាគត​របស់ Russell និង Luminar

Russell មានការ​ជឿជាក់​យ៉ាង​ខ្លាំងក្លា​ទៅលើ​ប្រព័ន្ធ Lidar ដោយ​អះអាងថា វា​មាន​សក្ដានុពល​ក្នុងការ​ជួយ​សង្គ្រោះ​​ជីវិត​មនុស្ស​ពី​គ្រោះថ្នាក់​ចរ​រាច​រណ៍ នៅក្នុង​ករណី​ប្រើប្រាស់​រថយន្ត​បើកបរ​ស្វ័យប្រវត្ត ឬ​ប្រព័ន្ធ​ជំនួយការ​បើកបរ​ទំនើប​ដែល Volvo និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃទៀត​កំពុង​ប្រើប្រាស់។

ស្ថាបនិក​របស់ Luminar ប្រកាសថា៖ «នៅពេល Lidar ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ដែល​ធានា​សុវត្ថិភាព​សម្រាប់​រថយន្ត ត្រូវបាន​ប្រើប្រាស់​ពាសពេញ​ពិភពលោក នោះ​ក៏​ជា​ពេលដែល​ខ្ញុំ​មាន​ទំនុកចិត្ត​បំផុត​ដើម្បី​អះអាង​ថា យើង​បានសម្រេច​គោលដៅ​ដែល​បានកំណត់»៕

ប្រភព៖ Forbes

Advertisement