Bitcoin ឡើងថ្លៃ​​ជិត​ 50,000​ដុល្លារ​/​Bitcoin​ បន្ទាប់​ពី​សកម្មភាព​ថ្មី​មួយចំនួន​នៅ Wall Street

សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា មូលនិធិ​វិនិយោគ​តម្លៃ 150 ពាន់​លាន​ដុល្លារ​របស់​ធនាគារ Morgan Stanley កំពុង​ពិចារណា​លើ​ការបណ្ដាក់ទុន​ទៅលើ Bitcoin ដែល​នេះ​ក៏​ជា​កត្តា​មួយ​ជំរុញ​ឱ្យ Bitcoin ឡើងថ្លៃ​កប់​ពពក។

ប្រាក់​ឌីជីថល ឬ​ប្រាក់​អេឡិចត្រូនិក Bitcoin ទើបតែ​បង្កើតបាន​ឯតទគ្គ​កម្ម​ថ្មី​មួយទៀត ដោយ​តម្លៃ​របស់​វា​ឡើងដល់ 49,000 ដុល្លារ​ក្នុង​មួយ Bitcoin ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។

តម្លៃ​របស់​ប្រាក់​ឌីជីថល​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក​នេះ បាន​ហក់​ឡើងដល់ 49,433 ដុល្លារ​ក្នុង​មួយ Bitcoin ប៉ុន្តែ​ក្រោយមក​ក៏បាន​ធ្លាក់​មក​នៅត្រឹម 49,202 ដុល្លារ​នៅវេលា​ម៉ោង10 និង 20នាទី​ព្រឹក នៅ​ទីក្រុង​ឡុង​ដ៍។ ជា​សរុប តម្លៃ​របស់ Bitcoin បាន​កើនឡើង​ប្រមាណ 70% រាប់​ចាប់ពី​ដើមឆ្នាំ 2021។ គូប្រជែង​របស់ Bitcoin គឺ​ប្រាក់​អេឡិចត្រូនិក Ether ក៏បាន​បំបែក​ឯតទគ្គ​កម្ម​រប​ស់​ខ្លួន និង​បាន​ឡើងថ្លៃ​ប្រហែល 150% ចាប់តាំងពី​ដើមឆ្នាំ។

ក្នុងអំឡុង​ច្រើន​ខែ​កន្លងទៅ ប្រាក់ Bitcoin ទទួលបាន​ការគាំទ្រ​ពី​ក្រុម​អ្នកវិនិយោគ​ជាច្រើន​ដូចជា Paul Tudor Jones និង Stan Druckenmiller ជាដើម។ ថ្មីៗនេះ Bloomberg បាន​ចុះផ្សាយ​ថា មូលនិធិ​វិនិយោគ​តម្លៃ 150 ពាន់​លាន​ដុល្លារ​របស់​ធនាគារ Morgon Stanley កំពុងតែ​ពិចារណា​លើ​ការ​បោះទុន​ទៅក្នុង​ប្រាក់ Bitcoin ខណៈ​កាលពី​សប្ដាហ៍​មុន ធនាគារ BNY Mellon ក៏បាន​ឱ្យដឹងថា កំពុងតែ​រៀបចំ​គម្រោង​អនុញ្ញាតឱ្យ​អតិថិជន​របស់ខ្លួន​ជួញដូរ​ដោយ​ប្រាក់​ឌីជីថល​ផងដែរ។ បន្ទាប់មកទៀត ក៏មាន​ដំណឹង​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla បណ្ដាក់ទុន​ប្រមាណ 1.5 ពាន់​លាន​ដុល្លារ​អាមេរិក​ទៅក្នុង Bitcoin៕

ប្រភព៖ Bloomberg

Advertisement