តម្លៃ Bitcoin ​​កើនឡើង​លើសពី 50,000ដុល្លារ ជា​កំណត់ត្រា​ថ្មី​មួយទៀត​ក្នុង​ប្រវត្តិសាស្ត្រ

រូបិយប័ណ្ណ​អេឡិច​ត្រូនិក​ Bitcoin

កាលពី​ខែធ្នូ ឆ្នាំ 2020 តម្លៃ​របស់ Bitcoin បាន​បំបែក​ឯតទគ្គ​កម្ម 20,000 ដុល្លារ​ជា​លើកដំបូង ក៏ប៉ុន្តែ ត្រឹមតែ​រយៈពេល 3 ខែក្រោយ​មក រូបិយប័ណ្ណ​អេឡិចត្រូនិក​នេះ បាន​ឡើងថ្លៃ​ជាង 100% និង​បន្ត​បង្កើត​កំណត់ត្រា​ថ្មី​មួយទៀត។

យោងតាម​សារព័ត៌មាន CNN នេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​តម្លៃ​របស់​ប្រាក់​អេឡិចត្រូនិក Bitcoin ​បាន​​កើន​​លើស​ពី​​ខ្ទង់ 50,000 ដុល្លារ/Bitcoin។ នៅក្នុង​ការជួញដូរ​កា​លពី​ថ្ងៃទី 16 ​ខែ​កុម្ភៈ ឆ្នាំ 2021 កន្លង​ទៅ​ ប្រាក់ Bitcoin បាន​ឡើងថ្លៃ​ដល់ 50,602.53 ដុល្លារ​អាមេរិក ពោល​គឺ​ខ្ពស់ជាង 260% ធៀប​នឹង​តម្លៃ​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ 2021។

ការឡើង​ថ្លៃ​របស់ Bitcoin ត្រូវបាន​ក្រុមអ្នកវិភាគ​យល់ថា មកពី​ធនាគារកណ្ដាល​អាមេរិក (FED) បាន​បញ្ចុះ​អត្រា​ការប្រាក់​មក​នៅ​ជិត 0% និង​រក្សា​វា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ហើយ​ប្រការ​ទាំងនេះ បានធ្វើឱ្យ​តម្លៃ​របស់​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវ​ចុះថោក នាំឱ្យ​ក្រុម​អ្នកវិនិយោគ​ងាក​មក​ជ្រកកោន​នៅក្នុង​ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ដូចជា​ប្រាក់​ Bitcoin ជាដើម។

ដោយសារតែ​បរិមាណ Bitcoin មានកំណត់ ដូច្នេះ ក្រុម​អ្នកវិនិយោគ​ជឿថា តម្លៃ​របស់​ប្រាក់​អេឡិចត្រូនិក​នេះ​នឹង​នៅតែ​ឡើងថ្លៃ។ ព្រោះតែ​តម្លៃ​របស់​ប្រាក់ Bitcoin ចេះតែ​បន្ត​បំបែក​ឯតទគ្គ​កម្មជាប​ន្ត​បន្ទាប់ ធ្វើឱ្យ​ក្រុម​អ្នកវិនិយោគធំៗ ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ នាំគ្នា​វិនិយោគ​ទៅលើ​រូបិយប័ណ្ណ​នេះ ដែល​ប្រការនេះ​ក៏​ជួយ​ឱ្យប្រាក់ Bitcoin បន្ត​ឡើងថ្លៃ។

ក្រុមហ៊ុន MicroStrategy ដែល​ចូលចិត្ត​វិនិយោគ​ទៅលើ Bitcoin បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​នឹង​ខ្ចីប្រាក់​ធនាគារ​ចំនួន 600 លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​បណ្ដាក់ទុន​ទៅលើ​ប្រាក់​ឌីជីថល Bitcoin។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ជាច្រើន​ក្នុង​ពិភពលោក ក៏​កំពុងតែ​នាំគ្នា​វិនិយោគ ប្រើប្រាស់ ឬ​គាំទ្រ​ដល់ Bitcoin ក្នុងនោះ​មានដូចជា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ក្រុមហ៊ុន​គ្រប់គ្រង Mastercard រួម​នឹង​ក្រុមហ៊ុន Square និង Paypal ជាដើម។

ទោះជា​យ៉ាងណាក៏ដោយ សារព័ត៌មាន CNN ឱ្យដឹងថា ការឡើង​ថ្លៃ​ខ្លាំង​របស់ Bitcoin ក្នុង​មួយរយៈ​ពេល​ខ្លី​មកនេះ ក៏​បង្កប់​នូវ​ហានិភ័យ​ទាក់ទង​នឹង​ការធ្លាក់​ថ្លៃ នៅពេល​ក្រុម​អ្នកវិនិយោគ​រយៈពេល​ខ្លី សម្រេចចិត្ត​លក់​ចេញ​ដើម្បី​រក​ចំណេញ៕

ប្រភព៖ CNN

Advertisement